ជាមួយគ្នានេះ សម្ដេចក៏បានជំរុញឲ្យកសិករកែប្រែឥរិយាបថពី «ការធ្វើកសិកម្មដើម្បីចិញ្ចឹមឆ្នាំង» ទៅជា «ការធ្វើកសិកម្មសម្រាប់ពាណិជ្ជកម្ម» ដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឱ្យមានលក្ខណៈទំនើប ឆ្លើយតបទៅនឹងបរិការណ៍ប្រែប្រួលសេដ្ឋកិច្ចក្នុងតំបន់។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឱ្យមានលក្ខណៈទំនើប ឆ្លើយតបទៅនឹងបរិការណ៍ប្រែប្រួលសេដ្ឋកិច្ចក្នុងតំបន់ សម្តេចបានបានដាក់ចេញនូវអនុសាសន៍មួយចំនួន ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
ក្នុងនោះរួមមាន៖ ក្រសួងកសិកម្ម ស្ថាប័នពាក់-ព័ន្ធនានា ត្រូវខិតខំអនុវត្ត «គោលយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០» ដើម្បីប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណ:ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមានចីរភាព ។ លើកកម្ពស់ផលិតកម្មដំណាំដែលមានសក្តានុពល និងតម្រូវការទីផ្សារ។
ជាមួយគ្នានោះ ត្រូវបន្តបង្កើនផលិតភាពដំណាំកៅស៊ូ និងជំរុញវិនិយោគលើការកែច្នៃផលិតផលកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែម សំដៅពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍដំណាំកៅស៊ូកម្ពុជាប្រកបដោយចីរភាព ។
សម្ដេចបន្តថា ត្រូវពង្រឹងការអនុវត្តវិធានការការពារដំណាំ និងជំរុញ ការអនុវត្ត «ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ» និងត្រូវបន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ខ្សែច្រវាក់ផលិតកម្មសត្វសំខាន់ៗ សំដៅធ្វើឱ្យប្រសើរឡើងនូវផលិតភាពនៃផលិតកម្មសត្វ។ ក្រសួងត្រូវបន្តជំរុញនិងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាពស្របតាម “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០១៦-២០៣០” ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់ត្រីក្នុងស្រុក និងនាំចេញប្រកបដោយគុណភាព សុវត្ថិភាព និងរក្សាបានការប្រកួតប្រជែងតម្លៃទីផ្សារ ។ ពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យក្លាយជាសហគមន៍នេសាទគ្មាន បទល្មើសជលផល និងត្រូវពង្រឹងការគ្រប់គ្រង និងការពារកន្លែងអភិរក្សជលផល ក៏ដូចជា ត្រូវថែរក្សាការពារព្រៃលិចទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស។
ដោយឡែក ក្រសួងត្រូវបញ្ចប់ ការរៀបចំវិសោធនកម្មច្បាប់ស្តីពីជលផល ដើម្បីពង្រឹងការគ្រប់គ្រង និងអនុវត្តអនុវិស័យជលផល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការនេសាទល្មើសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ។
ជាមួយគ្នានោះ សម្ដេចក៏ជំរុញឲ្យលើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជន ក្នុងគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម បង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ ពង្រីកយន្តការអនុវត្ត “ផលិតកម្មកសិកម្មតាម កិច្ចសន្យា ឱ្យបានកាន់តែទូលំទូលាយ។
បន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជិតខាង និងបណ្តាប្រទេសដៃគូអភិវឌ្ឍនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអនុតំបន់ ដើម្បីកៀរគរជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសថ្មីៗ សំដៅបន្តការធ្វើទំនើបភាវូបនីយកម្មកសិកម្ម ជាមួយនឹងការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្មឱ្យបានទូលំទូលាយជាមួយប្រទេសនានា ក្នុងបរិការណ៍នៃសកលភាវូបនីយកម្ម ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ជាសសរទ្រូងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ។
សូមបញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្ម ជិត៨លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់ជិត ៥ពាន់លានដុល្លារ មានការកើនឡើង ៦៣% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ ដោយឡែក រយៈពេល២ខែដំបូង ក្នុងឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញកសិផលសរុបជិត ២លានទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការកើនឡើងជិត១០ភាគរយបើប្រៀបនឹងរយៈពេលដូចគ្នា។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕