ក្រុមហ៊ុនអាកាសចរណ៍ចិន Air China បាននិយាយក្នុងកំណត់ហេតុរបស់ខ្លួនថា យន្តហោះដែលខ្លួនបានបញ្ជាទិញទាំង១០០គ្រឿងនេះនឹងត្រូវបានគេដឹកជញ្ជូនឱ្យនៅចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០៣១។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងនេះ គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងចំណោមក្រុមហ៊ុន៣ផ្សេងទៀត ហើយកាលពីមុនក្រុមហ៊ុននេះ ក៏ធ្លាប់បានបញ្ជាទិញយន្តហោះ C919 មួយចំនួនតូចផងដែរ។
យន្តហោះចិន C919 កំពុងប្រកួតប្រជែងជាមួយនឹងយន្តហោះ 737 Max របស់ក្រុមហ៊ុន Boeing និងយន្តហោះ A320 របស់ក្រុមហ៊ុន Airbus ដែលប្រភេទយន្តហោះទាំងពីរនេះបានលក់ដាច់បំផុតនៅលើពិភពលោក។
បើតាមទិន្នន័យពីអ្នកតាមដានបញ្ហានេះបានឱ្យដឹងថា ក្រុមហ៊ុន Air China បច្ចុប្បន្នមានយន្តហោះជិត៥០០គ្រឿង រួមទាំងយន្តហោះចំនួន២១២គ្រឿងជាប្រភេទយន្តហោះ A320 និងយន្តហោះចំនួន១២៧គ្រឿងទៀតជាប្រភេទយន្តហោះ Boeing 737 ផងដែរ។
ក្រុមហ៊ុនផលិតយន្តហោះ Comac ដែលគេស្គាល់ជាទូទៅថា ក្រុមហ៊ុន Commercial Aircraft Corp របស់ចិន កំពុងមានបំណងបង្អាក់ការគ្រប់គ្រងទីផ្សារយន្តហោះរបស់ក្រុមហ៊ុន Boeing និងក្រុមហ៊ុន Airbus ដោយក្រុមហ៊ុនរបស់ចិននេះ បានផលិតយន្តហោះពាណិជ្ជកម្មជាច្រើន។
ការបញ្ជាទិញយន្តហោះទាំង១០០គ្រឿងខាងលើ បានធ្វើឡើងក្នុងថ្ងៃតែមួយ ស្របគ្នានឹងក្រុមហ៊ុនអាកាសចរណ៍ឯកជន Suparna បាននិយាយថា ក្រុមហ៊ុននេះគ្រោងនឹងដាក់ជំនួសយន្តហោះ Boeing របស់ខ្លួនទាំងអស់ជាមួយនឹងយន្តហោះចិន C919 វិញ៕
អត្ថបទ៖ សុខ មង្គល