តួយ៉ាងនៅឆ្នាំ២០២៩ ខាងមុខ កម្ពុជានឹងត្រូវចាកចេញពីចំណាត់ថ្នាក់ប្រទេសមានការអភិវឌ្ឍន៍តិចតួច ដោយមិនអាចពឹងផ្អែកលើប្រព័ន្ធអនុគ្រោះពន្ធផ្សេងទៀតឡើយ។ តើកម្ពុជា គួរត្រៀមខ្លួនបែបណាដើម្បីធានារក្សាភាពប្រកួតប្រជែងរបស់ខ្លួនក្នុងការទាក់ទាញការវិនិយោគ និងបង្កើនផលិតភាពនាំចេញដោយមិនចាំបាច់ពឹងផ្អែកលើការអនុគ្រោះពន្ធនានានៅពេលកម្ពុជា ចាកចេញពីប្រទេស LDC ខាងមុខនេះ?
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មិនអាចបន្តពឹងផ្អែកលើប្រព័ន្ធអនុគ្រោះពន្ធនានាបានរហូតនោះទេ នៅពេលចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ខាងមុខ។ ដូច្នេះមានតែការពង្រឹងសមត្ថភាព និងភាពខ្លាំងដោយខ្លួនឯងប៉ុណ្ណោះ ទើបអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់បាន។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ដើម្បីជំរុញយុទ្ធសាស្ត្រពឹងផ្អែកលើខ្លួនឯង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកទឹកចិត្តដល់វិនិយោគិន តាមរយៈការកាត់បន្ថយថ្លៃដើមផលិតកម្ម ថ្លៃដឹកជញ្ជូន សម្រួលនីតិវិធីស្មុគស្មាញនានា ព្រមទាំងជំរុញការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ដោយផ្លាស់ប្តូរទិសដៅពីឧស្សាហកម្មកាត់ដេរបែរទៅរកឧស្សាហកម្មធុនធ្ងន់ និងមានតម្លៃបន្ថែមខ្ពស់ សំដៅធានាភាពប្រកួតប្រជែង និងពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តម ស៊ឹម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ដើម្បីត្រៀមខ្លួនចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ ក្រសួងពាណិជ្ជកម្ម កំពុងជំរុញយ៉ាងសកម្មនូវយុទ្ធសាស្ត្របើកទូលាយជាមួយទីផ្សារអន្តរជាតិ នានា ពិសេសតាមរយៈការសិក្សាចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលរួមទាំងទីផ្សារសហភាពអឺរ៉ុបផងដែរ។
បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ កម្ពុជា កំពុងសិក្សាលើជម្រើសយុទ្ធសាស្ត្រចំនួនពីរ ដើម្បីផ្លាស់ប្តូររបបអនុគ្រោះពន្ធជាមួយទីផ្សារអឺរ៉ុប នៅពេលបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA តាមរយៈការស្នើសុំប្រព័ន្ធអនុគ្រោះពន្ធ GSP Plus និងការជំរុញចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្ទាល់ជាមួយទីផ្សារអឺរ៉ុប។
ដោយឡែក លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិទទួលស្គាល់ថា ការចាកចេញពីប្រទសមានការអភិវឌ្ឍន៍តិចតួចអាចឱ្យកម្ពុជា បាត់បង់ភាពអនុគ្រោះពន្ធ ប៉ុន្តែវាជាកម្លាំងចលករដ៏សំខាន់ ដើម្បីឱ្យកម្ពុជា ពង្រឹងភាពខ្លាំងរបស់ខ្លួន។ បើតាមអ្នកជំនាញរូបនេះ ដើម្បីរក្សាភាពប្រកួតប្រជែងរបស់ខ្លួន កម្ពុជាត្រូវធ្វើពិពិធកម្មទីផ្សារនាំចេញ និងទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងបើកទីផ្សារថ្មី។ បន្ថែមលើនេះ កម្ពុជា ត្រូវកាត់បន្ថយថ្លៃដើមផលិត និងជំរុញការបង្កើនតម្លៃបន្ថែម ព្រមទាំងជំរុញការវិនិយោគលើបច្ចេកវិទ្យាឌីជីថល និងពង្រឹងស្តង់ដាចីរភាពបរិស្ថាន ដើម្បីទាក់ទាញការវិនយោគធំៗដែលប្រើប្រាស់ថាមពលបៃតង។
គួរជម្រាបថា ប្រសិនបើគ្មានការប្រែប្រួលទេកម្ពុជានឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍនៅចុងឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ព្រមទាំងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តែយ៉ាងណាក្រោយការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច កម្ពុជា មិនទាន់បាត់បង់ការអនុគ្រោះ និងជំនួយផ្សេងៗភ្លាមៗនោះទេ ពោលគឺកម្ពុជា អាចបន្តទទួលបានការអនុគ្រោះនេះចន្លោះពី២ ទៅ៣ឆ្នាំបន្ថែមទៀត៕