នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Asian Nikkei Review ដែលបានសម្ភាសន៍ជាមួយនាយកប្រតិបត្តិក្រុមហ៊ុននេះ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន Asian Nikkei Review លោក Tony Fernades ដែលជាមហាសេដ្ឋីម៉ាឡេស៊ី និងជានាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានឲ្យដឹងថា លោកកំពុងតែស្វែងរកការបើក ក្រុមហ៊ុនបុត្រសម្ព័ន្ធ AirAsia Group នៅក្នុងប្រទេសកម្ពុជា បន្ទាប់មក អាចជាប្រទេសចិន និងមីយ៉ាន់ម៉ា។
លោក Fernades បាននិយាយថា «ខ្ញុំចូលចិត្តកម្ពុជា ចិន និងមីយ៉ាន់ម៉ា»។
ការបង្ហាញពីចំណាប់អារម្មណ៍ចង់ពង្រីកការវិនិយោគនៅកម្ពុជារបស់នាយកប្រតិបត្តិ AirAsia រូបនេះ គឺធ្វើឡើងបន្ទាប់ពីគម្រោងចូលទៅក្នុងប្រទេសវៀតណាម ត្រូវបានបរាជ័យនៅដើមឆ្នាំនេះ។
លោក Fernades បានបញ្ជាក់ថា បន្ទាប់ពីបានព្យាយាមចូលបើកក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅវៀតណាម ត្រូវបានបរាជ័យអស់បីលើកនៅចុងឆ្នាំនេះ លោកមានផែនការផ្ដោតទៅលើប្រទេសផ្សេងទៀត នៅក្នុងតំបន់។
«ខ្ញុំមិនមានផែនការអ្វីទៀតទេនៅក្នុងប្រទេសវៀតណាម សម្រាប់ពេលនេះ បន្ទាប់ពីបានព្យាយាមអស់បីលើករួចហើយ» ប្រសាសន៍របស់លោក Fernades ។ លោកបន្ថែមទៀតថា «យើងមិនអាចស្វែងរកដៃគូបានត្រូវ ហើយឥឡូវនេះ ខ្ញុំគិតថា នៅទីនោះ មានក្រុមហ៊ុនអាកាសចរណ៍ច្រើនណាស់ ... ពេលវេលារបស់យើងនឹងមកដល់»។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ច្បាប់នៅកម្ពុជា មិនមានការរឹតត្បិតការកាន់កាប់ភាគហ៊ុនដោយជនបរទេសនោះទេ នៅក្នុងឧស្សាហកម្មទេសចរណ៍ ប៉ុន្ដែ ក្រុមហ៊ុនអាកាសចរណ៍ថ្មី ចាំបាច់ត្រូវមានទុនវិនិយោគចាប់ពី ៣០លានដុល្លារអាមេរិក ឡើងទៅ សម្រាប់ការវិនិយោគអំឡុងរយៈពេល៣ឆ្នាំ ដោយមិនរាប់បញ្ចូលយន្ដហោះនោះឡើយ។
ប្រទេសកម្ពុជាត្រូវបានគេដឹងថា កំពុងមានប្រជាប្រិយភាពខ្លាំងក្នុងនាមជាទិសដៅសម្រាប់ទេសចរជនជាតិចិន ដោយក្នុងនោះ ក៏បានទាក់ទងការវិនិយោគក្រុមហ៊ុនចិនក្នុងវិស័យអាកាសចរណ៍នេះផងដែរ។
ក្រុមហ៊ុន AirAsia Group ថ្មីៗនេះ បានចុះបញ្ជីក្រុមហ៊ុនបុត្រសម្ព័ន្ធអាកាសចរណ៍ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ ហើយក៏មានគម្រោងនឹងចុះបញ្ជីនៅហ្វីលីពីននៅឆ្នាំក្រោយផងដែរ។
លោក Fernades បាននិយាយថា «ពេលខ្លះ វាងាយស្រួលដើម្បីរកបានដៃគូគួរឲ្យទុកចិត្តបាន ប៉ុន្ដែ យើងត្រូវប្រាកដថា អាកាសយានដ្ឋានអាចរ៉ាប់រងកំណើនរបស់យើងបាន ហើយយើងអាចផ្ដល់នូវចំណុចពិសេសទៅលើទីផ្សារ»។
គួរបញ្ជាក់ថា ក្រុមហ៊ុន AirAsia គឺជាក្រុមហ៊ុនអាកាសចរណ៍របស់ម៉ាឡេស៊ី ដែលមានតម្លៃសំបុត្រធូរថ្លៃជាងគេ និងមានប្រតិបត្តិការជើងហោះហើរជាច្រើននៅក្នុងតំបន់ ក៏ដូចជាពិភពលោក ផងដែរ៕