សារព័ត៌មានក្នុងស្រុកថៃ The Nation Thailand ដែលបានស្រង់សម្ដីអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក ថាវន សិននៀម បានបញ្ជាក់ថា បំណុលរបស់ក្រុមហ៊ុន Thai Airways ត្រូវបានត្រួតពិនិត្យ នៅថ្ងៃទី ១៥ ខែឧសភា ហើយឯកសារនោះបានបង្ហាញថា ក្រុមហ៊ុនផលិតយន្ដហោះ Airbus កំពុងព្យាយាមប្រមូលប្រាក់បំណុល ដែលជំពាក់ដោយក្រុមហ៊ុនអាកាសចរណ៍ Thai Airways ពីការជួលយន្ដហោះចំនួន ៣០គ្រឿង ខណៈដែលកាលបរិច្ឆេទផុតកំណត់ខិតចូលមកដល់។
លោក ថាវនបន្ថែមថា លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានបញ្ជាឲ្យក្រុមហ៊ុន Thai Airways ធ្វើការស្ដារនីតិសម្បទា អាជីវកម្មរបស់ខ្លួន តាមរយៈច្បាប់ប្រកាសដាក់ក្ស័យធន ជាជាងគម្រោងផ្ដល់ប្រាក់កម្ចីជិត ២ពាន់លានដុល្លារអាមេរិក របស់ការិយាល័យគោលនយោបាយសហគ្រាសរដ្ឋ ដែលត្រូវបានធានាដោយក្រសួងហិរញ្ញវត្ថុ ព្រោះវិស័យឯកជនមានកាន់កាប់ចំណែក៣១% នៃភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃមួយនេះ។
រាជរដ្ឋាភិបាលថៃ បានជួយគាំទ្រក្រុមហ៊ុនអាកាសចរណ៍ Thai Airways នេះ អស់រយៈពេល ៥ឆ្នាំមកហើយ ប៉ុន្ដែ នៅតែបរាជ័យក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន។ ដូច្នេះ នីតិវិធីក្ស័យធន ឥឡូវនេះ គឺជាជម្រើសដ៏ល្អបំផុត។ នេះបើតាមការអះអាងរបស់ អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ។
ផែនការស្ដារឡើងវិញ ក៏នឹងត្រូវតែបំពេញសំណុំបែបបទ ដាក់ជូនទៅកាន់តុលាការក្ស័យធនអាមេរិកផងដែរ ដើម្បីការពារម្ចាស់បំណុលនៅអាមេរិក រឹបអូសយកយន្ដហោះវិញ និងប្រមូលទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះយកទៅ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Airbus បានជួលយន្ដហោះទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways សរុបមានចំនួន ៥៣គ្រឿង ដែលក្នុងនោះមានយន្ដហោះ ៦ប្រភេទ។
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវបាន គណៈរដ្ឋមន្ត្រីថៃ អនុម័តឲ្យដាក់ប្រកាសក្ស័យធនតាមនីតិវិធីតុលា ដើម្បីស្ដារនីតិសម្បទា កាលពីថ្ងៃទី ១៩ ខែឧសភា ហើយត្រូវបានលោកនាយករដ្ឋមន្ត្រីថៃ ចាត់ទុកថា វាគឺការសម្រេចចិត្តដ៏លំបាកមួយ តែវាជារឿងចាំបាច់ត្រូវតែធ្វើ។
លោកប្រាយុទ្ធ បន្ថែមថា រាជរដ្ឋាភិបាល មានជម្រើសបី គឺទី១ រកលុយបន្ថែមទៀត ដើម្បីយកមករក្សាដង្ហើមរស់របស់ក្រុមហ៊ុននេះ, ទី២ គឺទុកឲ្យវាក្ស័យធនដោយខ្លួនឯង និងទី៣ ឲ្យក្រុមហ៊ុននេះត្រូវបានប្រកាសក្ស័យធនដោយនីតិវិធីតុលាការ និងអនុម័តឲ្យមានគម្រោងការស្ដារនីតិសម្បទា។ ហើយជាចុងក្រោយ រាជរដ្ឋាភិបាលថៃ បានជ្រើសយកជម្រើសទី៣នេះ។
បើតាមក្រសួងដឹកជញ្ជូនថៃ ពាក្យបណ្ដឹងក្ស័យធន ដើម្បីឲ្យមានការស្ដារនីតិសម្បទានេះ នឹងត្រូវដាក់ទៅកាន់តុលាការទាំងនៅក្នុងប្រទេសថៃផង និងសហរដ្ឋអាមេរិកផង ខណៈដែលមានប្រមាណ ៣៥% នៃម្ចាស់បំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នេះ គឺមាននៅសហរដ្ឋអាមេរិក។
បើតាមការអះអាងរបស់លោក អ៊ុតតាម៉ា សុវណ្ណា យ៉ាណា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា ការិយាល័យគោលនយោបាយសហគ្រាសរដ្ឋ នឹងដាក់ចេញផែនការ កាត់បន្ថយចំណែកភាគហ៊ុនរបស់ក្រសួងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Thai Airways ពី ៥១,០៣% នាពេលបច្ចុប្បន្ន មកនៅក្រោម ៥០%វិញ ដែលវាអាចនឹងបញ្ចប់ឋានៈជាសហគ្រាសរដ្ឋរបស់ក្រុមហ៊ុននេះផងដែរ៕