បើតាមសេចក្ដីរាយការណ៍ពី សារព័ត៌មានរដ្ឋចិន CCTV ការធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ចិនព័ទ្ធជុំវិញកោះតៃវ៉ាន់នេះ គឺបានចាប់ផ្ដើមឡើងតាំងពីម៉ោង ១១ថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា) កាលពីថ្ងៃទី៤ សីហា ហើយនឹងត្រូវបញ្ចប់នៅម៉ោង១១ថ្ងៃត្រង់ នាថ្ងៃអាទិត្យទី៧ខែសីហា ។ ក្នុងនោះ កាលពីថ្ងៃទី២ ខែសីហា យោធាចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ ចូលទៅក្នុងតំបន់ដែនទឹកនៃកោះតៃវ៉ាន់ផងដែរ។
ការណ៍នេះហើយបានរារាំង និងបង្កហានិភ័យយ៉ាងខ្លាំងដល់ការធ្វើដំណើរតាមអាកាសពីតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា បើទោះបីជាដែនអាកាសនេះ មានទំហំតូចក៏ដោយ។ ហើយក្នុងនោះដែរ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនបានលុបចោល ក៏ដូចជាប្តូរទិសដៅជើងហោះហើរចូលកោះតៃវ៉ាន់តែម្តង។
ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ (Korean Air Lines Co Ltd) និងក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines Ltd) បាននិយាយថា ខ្លួនបានលុបចោលជើងហោះហើរពីកូរ៉េ និងសិង្ហបុរីចូលទៅកាន់តៃវ៉ាន់រហូតដល់ថ្ងៃអាទិត្យ ដោយសារតែសមយុទ្ធរបស់ចិន តែក្រុមហ៊ុនទាំងពីរនឹងបន្តតាមដានស្ថានការណ៍ ដែលអាចកែប្រែនៅពេលក្រោយទៀត។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុនចំនួនពីរគឺ (ANA Holdings In) និង (Japan Airlines Co Ltd) បានបញ្ជាក់ប្រាប់ទីភ្នាក់ងាររ៉យទ័រថា ក្រុមហ៊ុនខ្លួននឹងនៅតែដំណើរការជើងហោះហើរទៅកាន់ទីក្រុងតៃប៉ិដូចធម្មតា តែក៏កំពុងត្រួតពិនិត្យមើល និងជៀសវាងដែនអាកាស ដែលរងនូវការគំរាមគំហែងដូចជាផ្លូវទៅកាន់ ហុងកុង និងប្រទេសអាស៊ីអាគ្នេយ៍ជាដើម។
ទោះជាយ៉ាងណា ទីភ្នាក់ងារតាមដានជើងហោះហើររបស់ស៊ុយអែត (FlightRadar24) បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់តៃវ៉ាន់ពីរគឺ (China Airlines Ltd) និង (EVA Airways) នៅតែហោះហើរទៅមកកោះនេះនៅព្រឹកថ្ងៃសុក្រទី៥ខែសីហា។ រីឯ ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន និងក្រុមហ៊ុនដឹកជញ្ជូនទំនិញអាមេរិក (FedEx Corp) និង (United Parcel Service Inc) ក៏បន្តដំណើរការប្រតិបត្តិការដូចធម្មតា បូករួមក្រុមហ៊ុនអាកាសចរណអេមីរ៉ាត់អារ៉ាប់រួម (Emirates) នៅតែគ្រោងហោះហើរទៅកាន់ទីក្រុងតៃប៉ិនៅទី ៥ខែសីហានេះដូចធម្មតា។ នេះបើយោងតាមគេហទំព័ររបស់ខ្លួន។
ទោះជាបែបនេះក្ដី បើតាមទីភ្នាក់ងារត្រួតពិនិត្យផ្លូវអាកាសចរណ៍អន្តរជាតិ (OPSGROUP) បានចុះផ្សាយថា សមយុទ្ធយោធារបស់ចិនជុំវិញតៃវ៉ាន់នឹងប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាពផ្លូវអាកាសសំខាន់ៗរវាងប្រទេសនៅអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ដែលត្រូវតែប្តូរទិសដៅហោះហើរមួយរយៈសិន៕