អាកាសចរណ៍-​ទេសចរណ៍

កំណត់ត្រា​ថ្មី​ឆ្នាំ​២០១៧! ចំនួន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​កម្ពុជា កើន​ឡើង​ដល់​៨​លាន​នាក់


គិត​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៧​នេះ កំណើន​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស ដែល​បាន​ឆ្លង​កាត់​អាកាសដ្ឋាន​ទាំង​បី​របស់​កម្ពុជា គឺ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ មាន​រហូត​ដល់​ជាង ៨​លាន​នាក់ ពោល​គឺ​មាន​ការ​កើន​ឡើង​២៥% ធៀប​នឹង​ឆ្នាំ​២០១៦។
ឆ្នាំ​២០១៧​នេះ ព្រលាន​យន្តហោះ​អន្តរជាតិ​ទាំង​បី​នៅ​កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ ៨លាន​នាក់ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​មិន​ធ្លាប់​មាន​ពី​មុន​មក។
ដោយ

អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​អាកាស​យាន​ដ្ឋាន​កម្ពុជា បាន​លើក​ឡើង​ថា កំណើន​នេះ​គឺ​ជា​មោទនភាព​មួយ​របស់​កម្ពុជា ក្នុង​ការ​តភ្ជាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ពិភព​លោក។ 

លោក Eric Delobel នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា បាន​លើក​ឡើង​ថា ការ​បំបែក​នូវ​កំណត់​ត្រា​ថ្មី​សម្រាប់​ការ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​៨​លាន​នាក់​នេះ គឺ​ជា​សក្ខីភាព​មួយ​ដែល​បង្ហាញ​ពី​ភាព​ទាក់ទាញ​របស់​ទឹក​ដី​អច្ឆរិយៈ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ហើយ​មិន​ត្រឹមតែ​ជា​មោទនភាព​មួយ​របស់​ថ្នាក់​ដឹកនាំ​និង​បុគ្គលិក​របស់​អាកាស​យាន​ដ្ឋាន​កម្ពុជា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​កាល​ពី​​ពេល​កន្លង​មក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ វា​គឺ​ជា​មោទនភាព​មួយ​របស់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​ផង​ដែរ។ 

លោក Eric Delobel ក៏​បាន​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​ភ្ញៀវ​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​ច្រើន​ជាង​គេ គឺ​ភាគច្រើន​បំផុត​មក​ពី​ប្រទេស​ចិន បន្ទាប់​មក​អាមេរិក និង​អឺរ៉ុប ជាដើម ហើយ​អាកាសយាន​ដ្ឋាន​កម្ពុជា ពេញ​ចិត្ត​នឹង​ស្វាគមន៍​អ្នក​ដំណើរ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់។ ហើយ​នៅ​ឆ្នាំ​ក្រោយ​ទៀត​នេះ អាកាស​យាន​ដ្ឋាន​កម្ពុជា​ក៏​មាន​គម្រោង​នឹង​អភិវឌ្ឍ​នូវ​សមត្ថភាព ក៏​ដូចជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មីៗ​ជា​ច្រើន​ទៀត ដើម្បី​បំពេញ​ជូន​សេចក្ដី​ត្រូវការ​នៃ​ការ​កើន​ឡើង​អ្នក​ដំណើរ​ឥត​ឈប់ឈរ​នេះ​ផង​ដែរ។

បើតាម​ការ​អះអាង​ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា​ដដែល បាន​ឲ្យ​ដឹង​ដែរ​ថា ជើង​ហោះ​ហើរ​ក្នុង​មួយ​ថ្ងៃ​របស់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា បាន​កើន​ឡើង​ដល់​ជាង ១០០​ជើង​ហើយ​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​មាន​ក្រុមហ៊ុន​អាកាសចរណ៍​កំពុង​ប្រតិបត្តិការ​ផ្ដល់​សេវា​ហោះហើរ​មាន​ជាង ៤០​ក្រុមហ៊ុន។ 

សូម​ជម្រាប​ដែរ​ថា កាល​ពី​ពេល​កន្លង​ទៅ​នេះ អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏​ទើប​តែ​បាន​បើក​សម្ពោធ​សាល​ថ្មី​ទទួល​អ្នក​ដំណើរ​មក​ដល់ និង​ចេញ​ដំណើរ​របស់​ខ្លួន ដោយ​បាន​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ ២៦​លាន​ដុល្លារ។ 

សាល​ថ្មី​នេះ​ទៀត​សោត ត្រូវ​បាន​រំពឹង​ថា នឹង​ទទួល​បាន​អ្នក​ដំណើរ​ឆ្លងកាត់​ដល់​ទៅ ៤​លាន​នាក់ នៅ​ដំណាច់​ឆ្នាំ​នេះ និង​ក៏​ជា​ការ​ត្រៀម​លក្ខណ​សម្បត្តិ​របស់​ខ្លួន​មួយ​ផង​ដែរ ដើម្បី​ទទួល​អ្នក​ដំណើរ​ឆ្លង​កាត់​រហូត​ដល់​ទៅ ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ សម្រាប់​តែ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មួយ​ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ រដ្ឋ​គួរ​កែលម្អ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ប្រើ​សម្រាប់ SME ជា​ជាង​ចាយ​ទុន​១០០​លាន​ដុល្លារ​បង្កើត​ធនាគារ​ថ្មី

ព័ត៌មាន
ធនាគារថ្មី​មួយ​ដោយ​គ្រោង​បោះទុន ១០០​លាន​ដុល្លារ​​សម្រាប់​​ទ្រទ្រង់​ដល់​វិស័យ SME នៅ​កម្ពុជា ត្រូវ​បាន​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន…

ប៉េង ហួត បោះទុន​២០០​លាន​ដុល្លារ សង់​ផ្សារ​ទំនើប​​​នៅ​តំបន់​បឹងស្នោរ

ព័ត៌មាន
ផ្សារ​ទំនើប PH ECO Mall របស់​ក្រុមហ៊ុន​បុរី​ប៉េង ហួត បាន​សម្រេច​បើក​ការ​សាងសង់​កាល​ពី​ពេល​ថ្មីៗ​នេះ និង​គ្រោង​បញ្ចប់​ការ​សាងសង់​ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ