ដោយមើលឃើញពីចក្ខុវិស័យស្របគ្នា ក្នុងការជំរុញការផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែទូលំទូលាយ អង្គភាពសារព័ត៌មានឌីជីថលខេមបូណូមីស និងទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) កាលពីពេលថ្មីៗនេះ បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន។
លោក ស៊ឺន សាយ អគ្គនាយកនៃអង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស បានលើកឡើងថា ការចុះអនុស្សរណៈនេះ មិនត្រឹមតែសំខាន់សម្រាប់អង្គភាពទាំងពីរក្នុងការផ្សព្វផ្សាយព័ត៌មានកាន់តែទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏បានជួយឲ្យអ្នកនិយមតាមដានព័ត៌មានរបស់អង្គភាពទាំងពីរ ទទួលបានព័ត៌មានកាន់តែសម្បូរបែប ប្រកបដោយភាពច្បាស់លាស់ និងវិជ្ជាជីវៈខ្ពស់។
លោក ស៊ឺន សាយ សង្កត់ធ្ងន់ទៀតថា ព័ត៌មានពិតច្បាស់លាស់ និងវិជ្ជាជីវៈ គឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់អ្នកអាន ឬអ្នកទស្សនាអាចយកទៅពិចារណា និងសម្រេចចិត្តបានត្រឹមត្រូវ។
សូមបញ្ជាក់នេះ គឺជាអនុស្សរណៈដំបូងហើយ ដែលអង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមីស បានចុះហត្ថលេខាជាមួយនឹងទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ ខណៈកន្លងមកខេមបូណូមីស ក៏មានចុះអនុស្សរណៈមួយចំនួនទៀត ជាមួយនឹងស្ថាប័នរដ្ឋផ្សេងទៀតផងដែរ ដូចជា ផ្សារមូលបត្រកម្ពុជា និងនិយ័ករបរធនបាលកិច្ចជាដើម៕