គេរំពឹងថាក្រុមហ៊ុនអាលីបាបា នឹងជួយឲ្យអាជីវកម្មវៀតណាម អាចបង្កើនការនាំចេញរបស់ពួកគេកាន់តែច្រើនថែមទៀតសម្រាប់ទីផ្សារក្រៅប្រទេស។
តំណាងក្រុមហ៊ុនអាលីបាបា និងខាងភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្មវៀតណាម បានបង្កើតកម្មវិធីបណ្ដុះបណ្ដាលសម្រាប់សហគ្រាសតាំងពីខែសីហាឆ្នាំមុនម្ល៉េះ ដើម្បីពង្រីកសមត្ថភាពអាជីវកម្មវៀតណាមឲ្យមានការយល់ដឹង និងចេះធ្វើអាជីវកម្មតាមបែបពាណិជ្ជកម្មអេឡិចត្រូនិកជាសកល។ ដោយកម្មវិធីបណ្ដុះបណ្ដាលនេះ មានក្រុមហ៊ុនប្រមាន ៣០០ក្រុមហ៊ុនបានចូលរួម និងទទួលបានការផ្ដល់ប្រឹក្សាអំពីការលក់អនឡាញឆ្លងដែន។
មានអាជីវកម្មវៀតណាមចំនួន៥០ ក្នុងវិស័យកសិកម្ម វារីវប្បកម្ម ការកែច្នៃចំណីអាហារ និងការវេចខ្ចប់ បានត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការលក់ទំនិញរបស់ខ្លួននៅលើគេហទំព័ររបស់ អាលីបាបា បន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលកាលពីខែតុលាឆ្នាំមុន។ ជាមួយគ្នានេះ គេរំពឹងថានៅដំណាច់ឆ្នាំ២០២១នេះ នឹងមានសហគ្រាសវៀតណាមចំនួន ១.២០០ ទៀតនឹងអាចលក់ទំនិញជាមួយក្រុមហ៊ុន អាលីបាបា របស់មហាសេដ្ឋីចិន Jack Ma បានបន្ថែមទៀត៕