ក្រុមហ៊ុនសេវាកម្មរក្សាទុកទិន្នន័យអាម៉ាហ្សូន AWS បានបើកដំណើរការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លើកដំបូងក្នុងឆ្នាំ២០១០ នៅប្រទេសសិង្ហបុរី។ តាំងពីពេលនោះមក ក្រុមហ៊ុននេះបានបញ្ចូលទឹកប្រាក់ជាង៨ពាន់លានដុល្លារអាម៉េរិករួចមកហើយទៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីនៅប្រទេសនេះ។
ថ្មីៗនេះក្រុមហ៊ុនដែលជាសាខានៃក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិកមួយនេះបាននិយាយថា ខ្លួននឹងចាក់បញ្ចូលទុនវិនិយោគជិត៩ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀតនៅក្នុងរយៈពេល៥ឆ្នាំ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
លោកស្រី ព្រីស៊ីឡា ឆុង (Priscilla Chong) អ្នកគ្រប់គ្រងប្រចាំប្រទេសសិង្ហបុរីរបស់ក្រុមហ៊ុន AWS Singapore បានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃអង្គារថា ការវិនិយោគនេះនឹងបន្ថែមទៅលើការសាងសង់ និងបង្កើនសមត្ថភាពរបស់ប្រព័ន្ធកុំព្យូទ័រ DC ទាំងអស់ ដែលបាន តភ្ជាប់ជាមួយនឹងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងប្រទេសសិង្ហបុរី។
លោកស្រី ឆុង បានបន្ថែមថា ក្រុមហ៊ុន AWS នឹងបន្តដំណើរការរបស់ខ្លួនដោយប្ដេជ្ញាចិត្តយ៉ាងរឹងមាំចំពោះតំបន់អាស៊ាន ដើម្បីចូលរួមក្នុងការលើកកម្ពស់ជំនាញឌីជីថល នៅទូទាំងប្រទេសនេះ តាមរយៈការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រប្រកបដោយសុវត្ថិភាព និងជាប់លាប់នៅទូទាំងតំបន់នេះ។
លោកស្រី ឆុង បានបន្ថែមថា ក្រុមហ៊ុនរបស់លោកស្រីបានបណ្តុះបណ្តាលមនុស្សចំនួនជាង ៤០ម៉ឺននាក់នៅក្នុងប្រទេសសិង្ហបុរី លើជំនាញប្រព័ន្ធកុំព្យូទ័រចាប់តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ហើយក្រុមហ៊ុននេះ នឹងបន្តវិនិយោគលើជំនាញ និងបង្កើនផលិតភាពនៅទូទាំងប្រទេសនេះ៕
អត្ថបទ៖ សុខ មង្គល