ការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនេះធ្វើឡើង ក្រោមការដឹកនាំដោយលោកស្រី Katherine Tai តំណាងពាណិជ្ជកម្មអាមេរិក និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo។ នេះបើតាមតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ច នៃក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ នឹងត្រូវជជែកពិភាក្សាលើបញ្ហាជាច្រើន រួមទាំងពាណិជ្ជកម្ម, ខ្សែចង្វាក់ផ្គត់ផ្គង់, ថាមពលស្អាត, ហេដ្ឋារចនាសម្ព័ន្ធ, ពន្ធ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាដើម។ នេះបើតាមការប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍របស់អាមេរិកកាលពីថ្ងៃអាទិត្យ ទី ២៤ កក្កដា។
គេនៅចាំបានថា ប្រធានាធិបតីអាមេរិក បានប្រកាសដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) កាលពីខែឧសភា កន្លងទៅ អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ហើយគោលបំណងរបស់អាមេរិក គឺចង់ប្រើក្របខណ្ឌសេដ្ឋកិច្ចមួយនេះ ធ្វើជាផ្លូវ ដើម្បីបង្កើតស្ដង់ដារថ្មីទាក់ទងនឹងបរិស្ថាន ការងារ និងបញ្ហាផ្សេងៗទៀតនៅទូទាំងតំបន់អាស៊ី ខណៈដែលតំបន់នេះ កំពុងមានការប្រទាញប្រទង់ឥទ្ធិពលគ្នាយ៉ាងខ្លាំងក្លារវាងមហាយក្សអាមេរិក និងមហាយក្សចិន។
មែនទែនទៅ ទីក្រុងវ៉ាស៊ិនតោន ហាក់នៅមានខ្វះសសរស្ដម្ភមួយចំនួន សម្រាប់ឈរជើងក្នុងទំនាក់ទំនងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាំងតែពីជំនាន់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ មកម្ល៉េះ ដោយកាលនោះ លោកត្រាំបានសម្រេចដកអាមេរិកចេញពី កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនៅក្នុងតំបន់នេះ ដែលបានបើកផ្លូវឲ្យទីក្រុងប៉េកាំង បានពង្រីកឥទ្ធិពលកាន់តែខ្លាំងក្លានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។
សូមបញ្ជាក់ថា ក្រៅតែពីអាមេរិក ប្រទេសដែលជាសមាជិកក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកនេះ រួមមាន អូស្ត្រាលី ហ្វីជី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែសេឡង់ រួមទាំងប្រទេសអាស៊ានចំនួន៧ទៀត ដូចជា ប្រ៊ុយនេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម៕