ទោះជាយ៉ាងណា ពេលនេះអ្នកជំនាញសេដ្ឋកិច្ចធំៗមួយចំនួនជឿថា ធនាគារកណ្ដាលអាម៉េរិក នឹងមិនបញ្ចុះអត្រាការប្រាក់ឡើយនៅឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
នៅអំឡុងកិច្ចប្រជុំរបស់ធនាគារកណ្ដាលអាម៉េរិក កាលពីខែមករា ដើមឆ្នាំនេះ លោក ជើរ៉ូម ផៅវែល (Jerome Powell) ប្រធានធនាគារកណ្ដាលអាម៉េរិក បានលើកឡើងអំពីលទ្ធភាពបញ្ចុះអត្រាការប្រាក់ថា លោកមិនរំពឹងថា គណៈកម្មាធិការនៃធនាគារនេះនឹងឈានដល់ការសម្រេចបញ្ចុះអត្រាការប្រាក់នៅខែមីនា នេះឡើយ។ ទន្ទឹមនេះ ពេលនេះអ្នកជំនាញសេដ្ឋកិច្ចធំៗមួយចំនួនក៏យល់ស្របដែរថា ធនាគារកណ្ដាលអាម៉េរិក នឹងមិនបញ្ចុះអត្រាការប្រាក់ឡើយនៅក្នុងឆ្នាំ២០២៤ នេះ។
លោក ធ័រស្ទេន ស្លក់ (Torsten Slok) ប្រធានអ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអាម៉េរិក Apollo Global Management បានលើកឡើងតាមរយៈលិខិតខ្លីមួយទៅកាន់បណ្ដាវិនិយោគិនកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា សេដ្ឋកិច្ចអាម៉េរិក មិនបង្អង់ល្បឿននោះឡើយ ពោលគឺនៅតែមានភាពធន់ ព្រោះរដ្ឋាភិបាលអាម៉េរិក កំពុងបង្កើនវិធានការដើម្បីទប់អតិផរណា។ លោកបានបន្ថែមថា ធនាគារកណ្តាលអាម៉េរិក នឹងមិនបញ្ចុះអត្រាការប្រាក់នៅឆ្នាំនេះទេ ដែលនេះមានន័យថា អត្រាការប្រាក់នឹងបន្តនៅខ្ពស់យូរទៀត។
ទន្ទឹមនេះលោក ថម បាឃីន (Tom Barkin) ប្រធានធនាគារអាម៉េរិក រីចម៉ុន ហ្វេតដឺរ៉ល រីហ្សឺវ (Richmond Federal Reserve) ក៏យល់ស្របដែរថា ធនាគារកណ្តាលអាម៉េរិក ប្រហែលជាមិនបញ្ចុះអត្រាការប្រាក់នៅឆ្នាំនេះទេ។ លោក ថម បាឃីន បានថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មាន CNBC កាលពីព្រឹកថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា លោកនៅតែសង្ឃឹមថា អតិផរណានឹងធ្លាក់ចុះ។
ពលរដ្ឋអាម៉េរិកកំពុងជួបការលំបាកដែលអ្វីៗហក់ឡើងថ្លៃដោយសារតែអតិផរណា ជាពិសេសថ្លៃឈ្នួលផ្ទះ គ្រឿងទេស និងហ្គាសជាដើម។ តម្លៃចំណីអាហារបានហក់ឡើង០,៤% ចន្លោះខែធ្នូ ចុងឆ្នាំ២០២៣ ដល់ខែមករា ដើមឆ្នាំ២០២៤ ដែលជាអត្រាប្រចាំខែខ្ពស់បំផុត។
ដូចនេះមានតែរង់ចាំមើលជាក់ស្ដែងប៉ុណ្ណោះថា តើស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក នឹងប្រែប្រួលបែបណា ហើយធនាគារកណ្ដាលនៃប្រទេសនេះនឹងបញ្ចុះអត្រាការប្រាក់ ឬក៏អត់នៅក្នុងឆ្នាំ២០២៤ នេះ៕
ដោយ: តែម សុខុម