ទន្ទឹមនឹងនេះ ក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌាមួយនេះក៏នឹងនាំចូលធ្យូងថ្មពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការកង្វះខាតថាមពលក្នុងស្រុកផងដែរ ហើយវាក៏ជាការនាំចូលធ្យូងថ្មលើកដំបូងសម្រាប់ឥណ្ឌាផងដែរ គិតតាំងពីឆ្នាំ២០១៥មក។ នេះបើតាមលិខិតរបស់ក្រសួងថាមពលដែលបានផ្សាយនៅលើសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រសួងថាមពលរបស់រដ្ឋាភិបាលសហព័ន្ធឥណ្ឌាបាននិយាយនៅក្នុងលិខិតចុះថ្ងៃទី២៨ ខែឧសភាថា ក្រុមហ៊ុន ធ្យូងថ្មឥណ្ឌា (Coal India) នឹងនាំចូលធ្យូងថ្មសម្រាប់ការប្រើប្រាស់រួមគ្នារវាងធ្យូងថ្មរបស់រដ្ឋាភិបាល និងរដ្ឋាភិបាល (G2G) និងការផ្គត់ផ្គង់ដល់រោងចក្រថាមពលម៉ាស៊ីនភ្លើងរបស់រដ្ឋ និងក្រុមហ៊ុនផលិតថាមពលឯករាជ្យ (IPPs) ផងដែរ។
ប្រទេសឥណ្ឌាត្រូវគេរំពឹងថានឹងប្រឈមមុខនឹងការខ្វះខាតធ្យូងថ្មកាន់តែកាន់តែខ្លាំងឡើងៗក្នុងអំឡុងត្រីមាសទី៣ នៅឆ្នាំ២០២២ដោយសារគេរំពឹងថា នឹងមានតម្រូវការអគ្គិសនីចេះតែកើនឡើងដែលអាចបង្កឱ្យមានការភ័យខ្លាចនៃការដាច់ចរន្តអគ្គិសនី។
ក្រសួងថាមពលបាននិយាយនៅក្នុងលិខិតនោះថា ការសម្រេចចិត្តនាំចូលធ្យូងថ្មនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋស្ទើរតែទាំងអស់បានបង្ហាញថា ការដេញថ្លៃនាំចូលធ្យូងថ្មជាច្រើនដោយរដ្ឋនឹងនាំឱ្យមានការភាន់ច្រលំ ហើយបានស្វែងរកលទ្ធកម្មកណ្តាលតាមរយៈក្រុមហ៊ុន Coal India នេះ។
ប្រទេសដែលកំពុងមានតម្រូវការថាមពលមួយនេះបានរំពឹងថា ការផ្គត់ផ្គង់ធ្យូងថ្មក្នុងស្រុកនឹងធ្លាក់ចុះជាង ៤២ លានតោននៃតម្រូវការសរុបនៅក្នុងត្រីមាសទី២ ពោលគឺវាខ្ពស់ជាងការព្យាករពីលើកមុនចំនួន ១៥% ដោយសារតែតម្រូវការថាមពលកាន់តែខ្លាំង និងទិន្នផលធ្យូងថ្មធ្លាក់ចុះនៅតាមអណ្តូងរ៉ែមួយចំនួន។
ការព្យាករនេះបានបង្ហាញពីវិសាលភាពនៃកង្វះខាតឥន្ធនៈនៅក្នុងប្រទេសឥណ្ឌា នៅពេលតម្រូវការថាមពលប្រចាំឆ្នាំត្រូវគេមើលឃើញថា មានការកើនឡើងក្នុងអត្រាលឿនបំផុតក្នុងរយៈពេលយ៉ាងតិច ៣៨ ឆ្នាំមកនេះ ហើយតម្លៃធ្យូងថ្មពិភពលោកកំពុងជួញដូរជិតដល់កម្រិតថ្លៃបំផុតដោយសារតែវិបត្តិនៃការផ្គត់ផ្គង់បណ្តាលមកពីវិបត្តិរុស្ស៊ីនិងអ៊ុយក្រែន។
ប្រទេសឥណ្ឌាបានរំពឹងថា នឹងមានការផ្គត់ផ្គង់ធ្យូងថ្មក្នុងស្រុកចំនួនជិត១៥៥លានតោនពោលគឺនៅខ្វះជាង ៤២លានតោនទៀត ទើបអាចបង្គ្រប់តម្រូវការដែលបានព្យាករណ៍ថាគ្រោងនឹងមានចំនួនជិត២០០ លានតោននៅក្នុងត្រីមាសទី២ឆ្នាំនេះ។ កាលពីពេលមុន ប្រទេសនេះបានរំពឹងថា នឹងមានការខ្វះខាតធ្យូងថ្មចំនួនតែ ៣៧ លានតោនប៉ុណ្ណោះ។
ប្រទេសឥណ្ឌាឥឡូវនេះរំពឹងថា តម្រូវការធ្យូងថ្មពីក្រុមហ៊ុនផ្គត់ផ្គង់ថាមពលនឹងមានចំនួន ប្រមាណ ៧៨៥លានតោនសម្រាប់ឆ្នាំ២០២៣ខាងមុខ ពោលគឺវាបានកើនឡើងជាងការព្យាករពីលើកមុនជាង៣%៕
អត្ថបទ៖ សុខ ជា