
ទស្សនៈវិស័យរបស់មូលនិធិគន្ធបុប្ផា គឺដើម្បីធានានិរន្ដរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

លោក លូខាស ម៉ូរ៉ូ ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា លោកពិតជាមានភាពរីករាយក្នុងនាមជាអ្នកតំណាងក្នុងការបរិច្ចាគថវិកាដល់មូលនិធិគន្ធបុប្ផា ដោយមូលនិធិទាំងនេះគឺបានមកពីអតិថិជន និងបុគ្គលិក អេ អឹម ខេ ដែលបានចូលរួមបរិច្ចាគតាមរយៈមូលនិធិសប្បុរសធម៌របស់ អេ អឹម ខេ នៅលើកម្មវិធីធនាគារចល័ត AMK Mobile និងប្រព័ន្ធផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា។

លោក លូខាស ម៉ូរ៉ូ គូសបញ្ជាក់ថា ទស្សនៈវិស័យរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទំាងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ ហើយមូលនិធិរបស់ អេ អឹម ខេ បានយកឱកាសនេះ ដើម្បីគាំទ្រដល់គន្ធបុប្ផា។

លោក បន្ថែមថា យើងពិតជារីករាយដែលមិនត្រឹមតែចូលរួមបរិច្ចាគសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្ដែក៏ថែមទាំងបានបរិច្ចាគឈាម ដើម្បីចូលរួមផ្គត់ផ្គង់ឈាមសម្រាប់ជួយដល់អ្នកជម្ងឺ និងគាំទ្រដល់ការអំពាវនាវរបស់មន្ទីរពេទ្យគន្ធបុប្ផា «រួមគ្នាបរិច្ចាគឈាម ដើម្បីជួយជីវិតកុមារ»។

គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យដែលទទួលយកការពិគ្រោះ ពិនិត្យ និងព្យាបាលជម្ងឺដល់កុមាររាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដោយឥតគិតថ្លៃ។ បើតាមរបាយការណ៍បង្ហាញថាក្នុងខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យព្យាបាលកុមារឈឺចំនួនជាង ៦ ម៉ឺននាក់ នៅក្នុងផ្នែកពិគ្រោះជម្ងឺក្រៅ ខណៈកុមារមានជម្ងឺធ្ងន់ៗចំនួនជាង១ម៉ឺន នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ៕