របាយការណ៍ពិគ្រោះប្រចាំឆ្នាំ២០២៣ ស្តីពីកម្ពុជាដែលចេញផ្សាយដោយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា មាគ៌ារបស់កម្ពុជាឆ្ពោះទៅរកការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំ អាចនឹងមានភាពមិនច្បាស់លាស់ដោយសារតែហានិភ័យខាងក្រៅរយៈពេលខ្លី និងភាពងាយរងគ្រោះក្នុងស្រុក។
តែការស្តារហិរញ្ញវត្ថុ និងហិរញ្ញវត្ថុបម្រុងក្រោយជំងឺរាតត្បាតកូវីដ-១៩ គឺជាចាំបាច់ ដើម្បីរក្សាកំណើនប្រកបដោយភាពធន់ និងនិរន្តភាព។ តាម AMRO រដ្ឋាភិបាលកម្ពុជា គួរតែបន្តពង្រឹងក្របខណ្ឌគោលនយោបាយរបស់ខ្លួន និងផ្តោតលើការកែទម្រង់រចនាសម្ព័ន្ធ។
គួរជម្រាបថា របាយការណ៍នេះ គឺផ្អែកលើដំណើរទស្សនកិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំរបស់ AMRO មកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២៣ រួមទាំងទិន្នន័យ និងព័ត៌មានដែលមានរហូតដល់ថ្ងៃទី២០ខែតុលា។
បើតាមវិទ្យាស្ថានស្រាវជ្រាវនេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានគេព្យាករថា នឹងមានកំណើន៥,៣% នៅឆ្នាំ ២០២៣ និង៦,២% នៅឆ្នាំ២០២៤ ដោយបន្តស្ទុះងើបឡើងវិញជាបណ្តើរៗ។ សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ គាំទ្រដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំ ការប្រើប្រាស់ក្នុងស្រុក ការពង្រីកនៅក្នុងវិស័យផលិតកម្មមិនមែនកាត់ដេរ ការវិនិយោគផ្ទាល់ពីបរទេសខ្លាំង (FDIs) និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។
វិស័យឧស្សាហកម្មកាត់ដេរនៅតែទន់ខ្សោយ ដោយសារតម្រូវការរបស់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបបន្តធ្លាក់ចុះ នៅពេលដែលវិស័យអចលនទ្រព្យកំពុងធ្លាក់ចុះជារង្វង់ចំពេលមានការផ្គត់ផ្គង់លើសតម្រូវការ។ ស្របពេលជាមួយគ្នា ពេញមួយឆ្នាំ២០២៣ អតិផរណាកម្ពុជាត្រូវបានប៉ាន់ប្រមាណថា មានចំនួន២,៦% មុនពេលកើនឡើងដល់៣,១%នៅឆ្នាំ២០២៤ ស្របជាមួយនឹងកំណើនសេដ្ឋកិច្ចកាន់តែខ្លាំង។
ទោះបីជាមានការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុសកលក៏ដោយ លំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា នៅតែមានភាពធន់ ដែលតំណាងឱ្យប្រមាណ១៤,១%នៃផលិតផលក្នុងស្រុកសរុបនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣នេះ។ យ៉ាងណាមិញ មាគ៌ារបស់កម្ពុជាឆ្ពោះទៅរកការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចដ៏រឹងមាំ អាចនឹងត្រូវរារាំងដោយហានិភ័យខាងក្រៅមួយចំនួន និងភាពងាយរងគ្រោះក្នុងស្រុក។
ហានិភ័យ រយៈពេលខ្លីខាងក្រៅ គឺអាចបណ្តាលមកពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដែលជាប្រទេសវិនិយោគផ្ទាល់ពីបរទេសធំបំផុតរបស់កម្ពុជា និងជាប្រភពទេសចរណ៍ដ៏សំខាន់ផង ក៏ដូចជាការធ្លាក់ចុះយ៉ាងខ្លាំងនៃដៃគូសេដ្ឋកិច្ចសំខាន់ៗដូចជាសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបទៀតផង។
រីឯភាពងាយរងគ្រោះក្នុងស្រុកនោះ គឺភាពទន់ខ្សោយដែលនៅបន្តអូសបន្លាយក្នុងវិស័យអចលនទ្រព្យអាចនាំឱ្យមានបញ្ហាហិរញ្ញវត្ថុ និងដាក់សម្ពាធលើវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ ជាពិសេសតាមរយៈសកម្មភាពធនាគារស្រមោលដែលមិនមានការគ្រប់គ្រង។ ក្នុងនោះ គណនីហិរញ្ញវត្ថុរបស់កម្ពុជាក៏ប្រឈមមុខនឹងហានិភ័យដែលអាចត្រឡប់ថយក្រោយនៅក្នុងមូលនិធិរយៈពេលខ្លីដែរដោយសារតែការកើនឡើង នៃការពឹងផ្អែកទៅលើបំណុលខាងក្រៅរយៈពេលខ្លី និងប្រាក់បញ្ញើរបស់ធនាគារមិនមែននិវាសនជន។
ជាការឆ្លើយតប បើតាម AMRO រដ្ឋាភិបាលកម្ពុជា គួរតែមានការស្ដារឡើងវិញនូវទំហំហិរញ្ញវត្ថុបម្រុងទៅជាអាទិភាពគោលនយោបាយ ដែលពាក់ព័ន្ធនឹងការបញ្ឈប់ទាំងស្រុងពីការជំរុញ ដែលទាក់ទងនឹងជំងឺរាតត្បាតកូវីដ និងវិធានការប្រឆាំងអតិផរណានាពេលថ្មីៗនេះ។ ជាមួយនឹងការរំពឹងថា កម្ពុជានឹងដកចេញនូវវិធានការជំរុញរយៈពេលខ្លីនៅចុងឆ្នាំ២០២៣នេះ ការផ្តោតសំខាន់ក្នុងឆ្នាំ២០២៤ ក៏គួរតែផ្តោតលើការបង្រួបបង្រួមសារពើពន្ធ និងធ្វើឱ្យប្រសើរឡើងនូវទស្សនវិស័យកំណើនរយៈពេលវែងនៃសេដ្ឋកិច្ចដោយការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែង ការកែលម្អការគាំពារសង្គម និងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ។
ការបង្កើនប្រាក់ចំណូល និងបង្កើនប្រសិទ្ធភាពចំណាយ ក៏មានសារសំខាន់ណាស់ដែរ ដើម្បីបង្កើនទំហំសារពើពន្ធ និងនិរន្តរភាពសារពើពន្ធរយៈពេលមធ្យម៕