វ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុន ប្រមាណ ១លានដូសនេះ នឹងត្រូវ ដឹក ជញ្ជូន មក ដល់ រាជធានី ភ្នំពេញ ក្នុង ពេល ដ៏ ឆាប់ ខាង មុខ នេះ ដោយមាន ការ រៀបចំ ភ័ស្តុភារ ដោយ កម្មវិធី COVAX ។
នៅក្នុងសារតាម បណ្ដាញសង្គម លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំ កម្ពុជា បាន និយាថា «ខ្ញុំសង្ឃឹម ថា ជំនួយនេះនឹងជួយគាំទ្រ ដល់ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង ការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា ។»
គិត មកទល់ពេលនេះ ជប៉ុន បាន ផ្ដល់ជំនួយ គិតជាទឹកប្រាក់ ច្រើនជាង ៥០ លាន ដុល្លារ អាមេរិក ដល់ កម្ពុជា ដែលរួមមាន ការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺ តាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ ។
ទន្ទឹមនឹងនេះ ដែរ ជប៉ុន ក៏ បាន ផ្ដល់ ជា កម្ចី ប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល ។ នេះ បើ យោង តាមសារ របស់ ឯកអគ្គរាជទូត ជប៉ុន ប្រចាំ កម្ពុជា ។
ប្រទេសជប៉ុនថ្មីៗនេះ ក្រៅតែពីផ្ដល់វ៉ាក់សាំងឲ្យកោះតៃវ៉ាន់ ក៏បានកំពុងផ្ដល់ឲ្យប្រទេសអាស៊ានជាច្រើនផងដែរ ដូចជាវៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន រួមទាំងកម្ពុជាជាដើម។
សូមបញ្ជាក់ កម្ពុជាកំពុងឈរនៅលំដាប់ទី២នៅអាស៊ានបន្ទាប់ពីសិង្ហបុរី ដែលមានអត្រាប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងច្រើនជាងគេបំផុត ពោលគិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនបានប្រមាណជិត ៥លាននាក់រួចហើយ ដែលស្មើនឹងប្រមាណ ៥០%ធៀបនឹងគោលដៅចាក់វ៉ាក់សាំងឲ្យបានដល់ចំនួន១០ លាននាក់៕