វិនិយោគ

ក្រុមហ៊ុន​ផលិត​ទឹក​ដោះគោ​ធំ​មួយ​ទៀត គ្រោង​បង្កើត​កសិដ្ឋាន​​​គោ​ទឹកដោះ​នៅ​ឆ្នាំ​២០២០


ទើប​បើក​ដំណើរការ​បាន​ត្រឹម​តែ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ ក្រុមហ៊ុន​អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែល​បាន​បោះទុន​ជាង​២០​លាន​ដុល្លារ បង្កើត​រោងចក្រ​ផលិត​ទឹក​ដោះ​គោ​នៅ​កម្ពុជា បាន​អះអាង​ថា ខ្លួន​គ្រោង​នឹង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹក​ដោះ​​ទ្រង់ទ្រាយ​ធំ​មួយ ​នៅ​កម្ពុជា ខណៈ​ដែល​តម្រូវការ​ទីផ្សារ​កំពុង​មាន​ការ​កើន​ឡើង​ខ្លាំង។ នេះ​បើ​តាម​ការ​អះអាង​ពី​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មួយ​នេះ។
រោងចក្រ​ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំ​ពេញ ផ្លូវ​ជាតិ​លេខ៤ រាជ​ធានី​ភ្នំពេញ។
ដោយ

លោក Doan Quoc Khanh នាយក​ប្រតិបត្ដិ​ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក បាន​ប្រាប់ ខេមបូណូមីស ថា ដោយ​មើល​ឃើញ​ពី​តម្រូវការ​អ្នក​ប្រើ​ប្រាស់ ក៏​ដូចជា​អ្នក​និយម​ទទួល​ទាន​ទឹក​ដោះគោ​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ទើប​ក្រុមហ៊ុន​របស់​លោក គ្រោង​នឹង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២០ ពោល​គឺ​នៅ​៣​ឆ្នាំ​ទៀត។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ទឹកដោះ​គោ​ដ៏​ធំ​​នៅ​កម្ពុជា​មួយ​នេះ​ បាន​លើក​ឡើង​ទៀត​ថា ក្រុមហ៊ុន​របស់​លោក​បាន​និង​កំពុង​សិក្សា​ពី​ទីផ្សារ ហើយ​ក៏​បាន​ទំនាក់​ទំនង​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​មួយ​ចំនួន​រួច​រាល់​ហើយ ក្នុង​ការ​សហការ​គ្នា​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹក​ដោះ​នៅ​កម្ពុជា។

លោក Quoc Khanh បន្ត​ថា តាម​ការ​សង្កេត​មើល​ពី​ទីផ្សារ​ជាក់​ស្ដែង ឃើញថា ទំនោរ​នៃ​អ្នក​និយម​ទទួល​ទាន​ទឹក​ដោះ​គោ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ខណៈ​ដែល​សមត្ថភាព​ផលិត​របស់​ក្រុមហ៊ុន​លោក​បាន​កើន​ឡើង​ដល់ ១៥% និង​គ្រោង​ពង្រីក​បន្ថែម​ឲ្យ​បាន​១៥% ទៀត នៅ​ឆ្នាំ​ក្រោយ។ មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​មួយ​នេះ ក៏​មាន​មហិច្ឆតា​ក្នុង​ការ​ផលិត​នាំចេញ​ទៅ​ទីផ្សារ​បរទេស​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ ដូចជា ប្រទេស​វៀតណាម​និង​ថៃ ​ជាដើម។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន រោងចក្រ​មួយ​នេះ​មាន​សមត្ថភាព​ផលិត​ផលិត​ផល​ជាង​១០​មុខ ដោយ​ក្នុង​មួយ​ឆ្នាំៗ អាច​ផលិត​ទឹកដោះ​គោ​ស្រស់​បាន​១៩​លាន​លីត្រ យ៉ាអ៊ួរ​ចំនួន​៦៤​លាន​កំប៉ុង និង​ទឹកដោះ​ខាប់​ចំនួន​៨០​លាន​កំប៉ុង ហើយ​ក្នុង​នោះ​វត្ថុធាតុ​ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចូល​ពី​បរទេស ដូចជា អាមេរិក អឺរ៉ុប និង​ញូហ្សឺឡែន។

កម្មករ​កំពុងកៀប​យក​ទឹក​ដោះគោ​នៅ​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹក​ដោះ​របស់​ក្រុមហ៊ុន MOO MOO Farm។

គួររំឭកថា នៅ​កម្ពុជា ក៏​មាន​ក្រុមហ៊ុន​អាមេរិក​មួយ​ ដែល​មាន​ឈ្មោះ​ថា MOO MOO Farm បាន​មក​បោះ​ទុន​វិនិយោគ​​​ផលិត​ទឹក​ដោះ​គោ​ស្រស់​​ផង​ដែរ ដោយ​ក្រុមហ៊ុន​នេះ ចាប់​ផ្ដើម​ដំណើរការ​តាំង​ពប្រមាណ​ជាង ២​ឆ្នាំ​មុន​មក​ម្ល៉េះ។

ក្រុមហ៊ុន MOO MOO Farm នេះ បាន​អះអាង​ឲ្យ​ដឹងថា ខ្លួន​នាំ​ចូល​មេគោ​ចិញ្ចឹម​យក​ទឹក​ដោះ ពី​សហរដ្ឋ​អាមេរិក​ដោយ​ផ្ទាល់ និង​ផ្ដោត​លើ​ការ​ផលិត​ជា​ទឹក​ដោះគោ​ស្រស់ ដោយ​ក្នុង​មួយថ្ងៃៗ គេ​គ្រោង​ផលិត​ឲ្យ​បាន​ជាង ២០០លីត្រ។ កាល​ជួបសម្ភាស​ជាមួយ ខេមបូណូមីស នា​ដើម​ឆ្នាំ​២០១៧ ក្រុមហ៊ុន MOO MOO Farm មិន​បាន​បញ្ជាក់​ប្រាប់​ពី​ទុន​វិនិយោគ និងបច្ចេកទេស​ចិញ្ចឹម​ទេ ពីព្រោះ​ខ្លាច​មាន​គេ​លួច​ចម្លង។

គេ​នៅ​មិនទាន់ដឹង​ថា ក្រុមហ៊ុន​ទាំងពីរ​នេះ​នឹង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​បែប​ណា​នោះទេ ប៉ុន្តែ បើ​មាន​ទំហំ សមត្ថភាព​ផលិត និង​មុខ​ផលិតផល​ដែល​នឹងផលិត ហាក់​មាន​ភាព​ខុសគ្នា​ឆ្ងាយ៕

None



អត្ថបទបន្ទាប់


អ្នក​ជំនួញ​២​រូប​ថា សហគ្រិន​គួរ​ចាប់​ផ្តើម​អាជីវកម្ម​តាំង​ពី​​វ័យ​ក្មេងទៅ!

តើ​គួរ​ចាប់​ផ្តើម​អាជីវកម្ម​ទាំង​នៅ​វ័យ​ក្មេង ឬ​រង់ចាំ​ទាល់​តែ​មាន​អាយុ​ច្រើន ទើប​ចាប់​ផ្តើម​ធ្វើ​វា? នេះ​ជា​សំណួរ​ដែល​លោក​អ្នក​នាង…

វិស័យ​សំណង់​និង​អចលន​ទ្រព្យ​នៅ​ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយ​នៅ​តែ​រក្សា​កំណើន​ល្អ

មន្ត្រី​ជំនាញ ក៏​ដូចជា​​អ្នក​ជំនួញ​នៅ​ក្នុង​វិស័យ​ដីធ្លី​និង​អចលនទ្រព្យ បាន​ឲ្យ​ដឹង​ថា សុខភាព​វិស័យ​អចលន​ទ្រព្យ​នៅ​ក្នុង​ឆ្នាំ​នេះ និង​ឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ