វិស័យការពារជាតិ

អឺរ៉ុប កំពុងប្រឈមនឹងខ្វះកម្លាំងទ័ព ខណៈរុស្ស៊ី កំពុងចង់សាកកម្លាំង NATO


សហភាពអឺរ៉ុប កំពុងប្រឈមនឹងវិបត្តិដ៏ធំមួយទៀត គឺកង្វះខាតកម្លាំងទ័ពនៅក្នុងជួរយោធា ខណៈស្នងការអឺរ៉ុប ទទួលបន្ទុកកិច្ចការការពារជាតិ លោក អាន់ឌ្រីអ៊ូស ឃូប៊ីលីយូស (Andrius Kubilius) ព្រមាន អឺរ៉ុប ចាំបាច់ត្រូវតែមានសមត្ថភាពដាក់ពង្រាយកងទ័ពត្រៀមទប់ទល់ឱ្យបានយ៉ាងតិច១០ម៉ឺននាក់ជាប្រញាប់ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីរុស្ស៊ី។ ទោះបីជាអឺរ៉ុប ត្រៀមទម្លាក់ថវិការ៉ាប់រយពាន់លានអឺរ៉ូ ដើម្បីបំពាក់អាវុធឡើងវិញក៏ដោយ ប៉ុន្តែក្រុមអ្នកជំនាញបានបង្ហាញការព្រួយបារម្ភថា លុយអាចទិញអាវុធបានតែមិនអាចទិញទឹកចិត្តមនុស្សឱ្យមកធ្វើទាហានបានឡើយ។
វិស័យការពារជាតិ
ដោយ

ការកើនឡើងកម្តៅសង្គ្រាមនៅអ៊ុយក្រែន និងការប្រែប្រួលសន្តិសុខតំបន់បានបង្ខំឱ្យសហភាពអឺរ៉ុបរូតរះប្រញាប់ប្រញាល់ធ្វើបច្ចុប្បន្នភាព និងបំពាក់អាវុធដល់កងទ័ពខ្លួនឡើងវិញជាប្រវត្តិសាស្ត្រ។ គណៈកម្មការអឺរ៉ុប គ្រោងផែនការកៀរគរថវិការហូតដល់៨០០ពាន់លានអឺរ៉ូ ដើម្បីផ្តល់ឱ្យរដ្ឋសមាជិកទាំង២៧ប្រទេស មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការលើកកម្ពស់សមត្ថភាពយោធា និងគាំទ្រដល់កាតព្វកិច្ចការពារជាតិរបស់អង្គការ NATO។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បច្ចុប្បន្នភាព ដែលចុះផ្សាយដោយសារព័ត៌មាន Euronews បានគូសបញ្ជាក់ថា បញ្ហាស្នូល ដែលអឺរ៉ុបកំពុងទល់ច្រក មិនមែនជាបញ្ហាថវិកានោះទេ ប៉ុន្តែគឺជាវិបត្តិកម្លាំងមនុស្ស។ កងកម្លាំងប្រដាប់អាវុធនៅតាមបណ្តាប្រទេសអឺរ៉ុបជាច្រើនកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការជ្រើសរើសទាហានថ្មី និងការរក្សាទាហានចាស់ៗឱ្យនៅបម្រើការក្នុងជួរយោធា។
សភាអឺរ៉ុប ធ្លាប់បានចេញរបាយការណ៍ព្រមានតាំងពីឆ្នាំ២០២៤ មកម្ល៉េះ ពីសញ្ញាអាសន្ននៃការខ្វះខាតកម្លាំងទ័ពនេះ។ លោក អេមម៉ានុយអែល ចាកុប (Emmanuel Jacob) ប្រធានអង្គការសមាគម និងសហជីពយោធាអឺរ៉ុបបានលើកឡើងថា អឺរ៉ុបអាចមានគម្រោងទិញអាវុធទំនើបៗ និងថវិការាប់ពាន់លាន តែនៅទីបញ្ចប់នៅតែត្រូវការមនុស្សគ្រប់គ្រាន់ ដើម្បីកាន់អាវុធ និងប្រកាន់ជំហរការពារទីតាំង។ វិបត្តិនេះមិនមែនជារឿងថ្មីទេ ប៉ុន្តែអ្វីដែលផ្លាស់ប្តូរនាពេលនេះ គឺកម្រិតនៃភាពបន្ទាន់ដែលកាន់តែប្រឈមខ្ពស់។
យោងតាមការវាយតម្លៃស៊ើបការណ៍សម្ងាត់ពីបណ្តាប្រទេសអឺរ៉ុបបានព្យាករថា ត្រឹមឆ្នាំ២០៣០ រុស្ស៊ីអាចនឹងស្តារសមត្ថភាពយោធារបស់ខ្លួនឡើងវិញបានពេញលេញ ហើយអាចនឹងមានបំណងសាកល្បងកម្លាំង ឬវាស់ស្ទង់ស្មារតីសាមគ្គីភាពរបស់អង្គការ NATO ដោយផ្ទាល់។ បច្ចុប្បន្ន ទាហានរុស្ស៊ីប្រមាណ១០ម៉ឺននាក់កំពុងស្ថិតក្នុងស្ថានភាពត្រៀមបម្រុង និងចល័តនៅជិតព្រំដែនសហភាពអឺរ៉ុប និង NATO។
ដើម្បីឆ្លើយតបនឹងការប្រមូលផ្តុំកម្លាំងរបស់រុស្ស៊ី អឺរ៉ុបត្រូវតែមានសមត្ថភាពចល័តទ័ព និងយុទ្ធភណ្ឌយោធាក្នុងទំហំប្រហាក់ប្រហែលគ្នានេះយ៉ាងហោចណាស់១០ម៉ឺននាក់ឱ្យបានឆាប់រហ័សបំផុត។ ប៉ុន្តែឧបសគ្គធំបំផុតនោះ គឺអឺរ៉ុបបច្ចុប្បន្នខ្វះទាំងប្រព័ន្ធចល័តទ័ពលឿន ខ្វះគ្រាប់រំសេវ និងសំខាន់បំផុត គឺខ្វះកម្លាំងទ័ពបម្រុងដែលមានការហ្វឹកហ្វឺនស្ទាត់ជំនាញ។
ទោះបីជាមានការអំពាវនាវឱ្យមានដំណោះស្រាយរួម និងយុទ្ធសាស្ត្រការពារជាតិរួមគ្នាក្នុងកម្រិតសហភាពអឺរ៉ុបក៏ដោយ ក៏មន្ត្រីគណៈកម្មការអឺរ៉ុបបានបញ្ជាក់យ៉ាងខ្លីថា កិច្ចការកេណ្ឌទាហាន ការកំណត់កាតព្វកិច្ចយោធា និងការរក្សាកម្លាំងទ័ព នៅតែជាសមត្ថកិច្ច និងជាការទទួលខុសត្រូវដាច់ដោយឡែករបស់រដ្ឋសមាជិកនីមួយៗនៅឡើយ ដែលកត្តានេះធ្វើឱ្យការឆ្លើយតបជាធ្លុងមួយរបស់អឺរ៉ុបជួបភាពរាក់កើន និងស្មុគស្មាញយ៉ាងខ្លាំង៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ឥណ្ឌា កំពុងបោះជំហានឆ្ពោះទៅរកការក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក

ប្រទេសឥណ្ឌា កំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយប្រជាជនសរុបជាង១,៤ពាន់លាននាក់ មានកម្លាំងពលកម្មវ័យក្មេងច្រើន និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ដែលកំព…

ចិន បើកភ្លើងខៀវឱ្យចម្ការ និងរោងចក្រវេចខ្ចប់ទុរេនរបស់វៀតណាម ជិត៦០០បន្ថែមទៀត អាចនាំចេញទៅកាន់ទីផ្សារខ្លួន

ការនាំចេញទុរេនវៀតណាម ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន រំពឹងថា នឹងកើនឡើងកាន់តែខ្លាំងបន្ថែមទៀត បន្ទាប់ពីរដ្ឋបាលគយចិន បានអនុម័ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ