
ការវិភាគដែលធ្វើឡើងដោយអាជ្ញាធរចំណីអាហារ និងឱសថ សហរដ្ឋអាមេរិក (FDA) មានន័យថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Moderna នេះ គឺជាវ៉ាក់សាំងកូវីដ-១៩ ទីពីរហើយ ដែលត្រូវអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ។
ការប្រកាសនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលពលរដ្ឋអាមេរិកាំងនៅទូទាំងប្រទេសចាប់ផ្ដើមទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជារបស់ក្រុមហ៊ុន Pfizer-BioNTech ។
ការប្រកាសគាំទ្រវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ពីសំណាក់អ្នកវិទ្យាសាស្ត្រនៃស្ថាប័ន FDA ត្រូវបានប្រកាសឲ្យដឹងនៅថ្ងៃអង្គារ ទី១៥ ខែធ្នូ នេះ ពោលគឺពីរថ្ងៃ នៅមុនពេលដែលគណៈកម្មការវ៉ាក់សាំងនឹងជួបប្រជុំគ្នាដើម្បីបោះឆ្នោតសម្រេចលើការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna នេះ ៕