លោកស្រី Lindsey Ford ជានាយិកាកិច្ចការនយោបាយ សន្តិសុខ និងជានាយិការងនៃវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី (ASPI) ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន។ កាលពីជំនាន់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា លោកស្រី Lindsey Ford គឺជាទីប្រឹក្សាជាន់ខ្ពស់នៃឧបការីរដ្ឋមន្រ្តីក្រសួងការពារជាតិសម្រាប់កិច្ចការសន្តិសុខនៅអាស៊ីនិងប៉ាស៊ីហ្វិក។
លោកស្រី Lindsey Ford បានជួបជាមួយអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ កាលពីថ្ងៃអង្គារ ទី១២ ខែមិថុនា ដែលនៅពេលនោះ លោកស្រីបាននិយាយជាទូទៅ អំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ានទាំងមូលផងដែរ។
ឆ្លើយតបទៅនឹងសំណួរថា តើលោកស្រីយល់យ៉ាងម៉េចដែរ ប្រសិនជាមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជាមែននោះ លោកស្រី Lindsey Ford បាននិយាយថា វានឹងបង្កអស្ថិរភាពសម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូលផងដែរ។
លោកស្រី Lindsey Ford បាននិយាយដូច្នេះថា ៖ «សំណួរសួរថា តើហេតុអ្វី? អ្វីទៅជាគោលបំណង? ពីព្រោះថា ចំពោះខ្ញុំ វាហាក់ដូចជា នេះជាអស្ថិរភាព មិនមែនតែសម្រាប់ប្រទេសកម្ពុជាទេ ប៉ុន្តែសម្រាប់តំបន់ទាំងមូល ដូច្នេះ វាពិបាកសម្រាប់ខ្ញុំក្នុងការយល់ បើមានករណីនេះកើតឡើងមែន។»
លោកស្រី Lindsey Ford បានបន្តដូច្នេះថា ៖ «វាពិបាកសម្រាប់ខ្ញុំ ក្នុងការយល់ថា តើរដ្ឋាភិបាលកម្ពុជាឬរដ្ឋាភិបាលចិន នឹងលើកឡើងមូលហេតុអ្វីដែលល្អសម្រាប់ស្ថិរភាពក្នុងតំបន់។»
លោកស្រី Lindsey Ford បាននិយាយផងដែរថា ក្តីបារម្ភជាចម្បងនោះគឺរដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសទេ ដូច្នេះ វាមិនមែនជាបញ្ហាឬក៏ជាការគំរាមកំហែងដល់សហរដ្ឋអាមេរិកនោះទេ។
ការលើកឡើងរបស់លោកស្រី Lindsey Ford មិនឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ នេះបើយោងតាមមន្រ្តីស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ។
អនុប្រធានាធិបតីអាមេរិក លោក Mike Pence ធ្លាប់បានសម្តែងការព្រួយបារម្ភ បន្ទាប់ពីមានរបាយការណ៍៍ថា នឹងមានមូលដ្ឋានទ័ពចិននៅកម្ពុជា កាលពីខែមករា កន្លងទៅ។
កន្លងមក អាជ្ញាធរកម្ពុជា រួមទាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ធ្លាប់បានបដិសេធរួចមកហើយថា មិនមានវត្តមានមូលដ្ឋានទ័ពចិននៅកម្ពុជាទេ ហើយក៏នឹងមិនមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីឲ្យមានវត្តមានយោធាចិននោះដែរ។
សារព័ត៌មាន អេស៊ា ថែមស៍ បានសរសេរដោយយោងប្រភពការទូតមិនបញ្ចេញឈ្មោះ ថា ចិនចង់មានមូលដ្ឋានកងទ័ពជើងទឹកនៅខេត្តកោះកុង នៃប្រទេសកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បានហៅការចោទប្រកាន់ថាមានមូលដ្ឋានយោធាចិននៅកម្ពុជា ជាការគួរឲ្យអស់សំណើច ហើយបានវាយបកទៅវិញថា ចុះប្រទេសខ្លះ មានមូលដ្ឋានទ័ពនៅច្រើនកន្លែង នៅគ្រប់ជ្រុងនៃពិភពលោក ហេតុម្ដេចមិនចោទសួរផង៕