ការប្ដេជ្ញាចិត្តលើការកាត់បន្ថយពន្ធលើវ៉ាក់សាំង និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តរបស់មេដឹកនាំមកពីតំបន់អាស៊ីប៉ាស៊ីហ្វិច គឺក្នុងគោលបំណងដើម្បីកំណត់ផ្លូវឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ក្រោយរងគ្រោះដោយសារជំងឺកូវីដ១៩ ។
បើទោះបីជា កិច្ចប្រជុំ APEC សម្រេចបាននូវការប្ដេជ្ញាចិត្តចូលរួមទាក់ទងនឹងវិបត្តិកូវីដ១៩ ប៉ុន្តែវាបានបរាជ័យក្នុងការផ្តល់នូវសកម្មភាពស្តីពីការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ជេស៊ីនាដា អាតឌឺន (Jacinada Ardern) ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើពិភពលោកមិនទាន់ត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើការប្រែប្រួលអាកាសធាតុទេនោះ ពិភពលោកត្រូវតែត្រៀមខ្លួនសម្រាប់លទ្ធផលដ៏មហន្តរាយនៃការប្រែប្រួលអាកាសធាតុ។ ក្រៅពីនេះ មេដឹកនាំ APEC ក៏បានយល់ព្រមក្នុងការជំរុញឱ្យមានការបង្កកលើការបង្កើនការឧបត្ថម្ភធនឥន្ធនៈហ្វូស៊ីល ដែលជាផ្នែកមួយនៃផែនការដើម្បីធ្វើឱ្យការងើបឡើងវិញប្រកបដោយនិរន្តរភាពបរិស្ថានផងដែរ។
សូមជម្រាបថា កិច្ចប្រជុំកំពូលប្រចាំឆ្នាំ APEC បានប្រមូលផ្តុំមេដឹកនាំមកពីប្រទេសសមាជិកចំនួន ២១ រួមទាំងសហរដ្ឋអាមេរិក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោក និងមហាអំណាចយោធាដ៏លេចធ្លោក្នុងតំបន់ផងដែរ។
ទន្ទឹមនេះ សហរដ្ឋអាមេរិកក៏បានបញ្ជាក់ជាថ្មីនូវចំណាប់អារម្មណ៍របស់ខ្លួនក្នុងការបម្រើជាដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្តដល់សេដ្ឋកិច្ចរបស់ APEC ព្រមទាំងបានស្នើសុំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APECនៅឆ្នាំ ២០២៣ ផងដែរ ប៉ុន្តែការសម្រេចបែបណានោះ មេដឹកនាំតំបន់ APEC កំពុងពិចារណាលើការផ្ដល់ជូននេះ៕
អត្ថបទ ស៊ើង និមល់