បញ្ហានេះ ក៏កំពុងបង្កើនការព្រួយបារម្ភថែមទៀត ក្នុងចំណោមសមាជិកសភាអាមេរិក ដែលពួកគេគិតថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកផ្សេងៗទៀត ក៏អាចនឹងប្រឈមផលប៉ះពាល់ ដោយសារតែភាពតានតឹងរវាងរដ្ឋាភិបាលនៃប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរនេះដែរ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ដែលផលិតទូរស័ព្ទ iPhone បានធ្លាក់ចុះជិត៣%កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញាបន្ទាប់ពីមានរបាយការណ៍ថា ប្រទេសចិនគ្រោងនឹងពង្រីកការហាមឃាត់ប្រើទូរស័ព្ទ iPhone សម្រាប់បុគ្គលិករបស់ភ្នាក់ងារ និងក្រុមហ៊ុនរដ្ឋចិន ខណៈដែលវិនិយោគិនភ័យខ្លាចយ៉ាងខ្លាំងថា បញ្ហានេះ អាចនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សមត្ថភាពរបស់ក្រុមហ៊ុន Apple ក្នុងការប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសចិន។
ក្រុមហ៊ុន Apple បានកត់សម្គាល់ពីការលក់ផលិតផលរបស់ខ្លួនធ្លាក់ចុះកាលពីថ្ងៃទី៦ខែកញ្ញា ដែលជាការធ្លាក់ចុះប្រចាំថ្ងៃដ៏ខ្លាំងបំផុតក្នុងរយៈពេលជាងមួយខែមកនេះ ធ្វើឱ្យពួកគេខាតបង់ប្រហែល ២០០ពាន់លានដុល្លារ ក្នុងរយៈពេល២ថ្ងៃ ពោលគឺពីថ្ងៃ៦-៧ ខែកញ្ញា ខណៈដែលភាគហ៊ុនបច្ចុប្បន្នរបស់ក្រុមហ៊ុននេះកំពុងដាំក្បាលចុះខ្លាំងនៅលើផ្សារហ៊ុន។
ការហាមឃាត់របស់ចិននេះអាចជាសញ្ញាអាក្រក់សម្រាប់ក្រុនហ៊ុន Apple ព្រោះចិន គឺជាទីផ្សារបរទេសដ៏ធំបំផុតសម្រាប់ផលិតផលរបស់ក្រុមហ៊ុនមួយនេះ ហើយការលក់នៅលើទីផ្សារចិនទទួលបានប្រាក់ចំណូលប្រហែល១ភាគ៥ នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនAppleកាលពីឆ្នាំមុន។ ទោះយ៉ាងណា Apple មិនបានបង្ហាញពីការលក់ទូរស័ព្ទ iPhone នៅប្រទេសនេះទេ ប៉ុន្តែអ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវ TechInsights បានប៉ាន់ប្រមាណថា ក្រុមហ៊ុននេះបានលក់ iPhone នៅចិនច្រើនជាងនៅអាមេរិក កាលពីត្រីមាស ទី២ឆ្នាំនេះ ហើយក្រុមហ៊ុននេះ ក៏ផលិតទូរស័ព្ទ iPhone ភាគច្រើនរបស់ខ្លួននៅរោងចក្រនៅប្រទេសចិនផងដែរ។
អ្នកវិភាគមួយចំនួនរបស់កាសែត Wall Street បាននិយាយថា ការទប់ស្កាត់របស់ចិននេះ បានបង្ហាញថា សូម្បីតែក្រុមហ៊ុនដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលចិន និងវត្តមានដ៏ធំនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកនេះ ក៏មិនអាចគេចផុតពីការកើនឡើងនៃភាពតានតឹងរវាងអាមេរិក និងចិនបានដែរ។
ការប៉ះទង្គិចគ្នារវាងចិន និងអាមេរិកបានកើនឡើងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារទីក្រុងវ៉ាស៊ីនតោនព្យាយាមរឹតបន្តឹងចិនមិនឱ្យទទួលបានបច្ចេកវិទ្យាសំខាន់ៗ រួមទាំងបច្ចេកវិទ្យាបន្ទះឈីបទំនើបៗ ខណៈដែលទីក្រុងប៉េកាំងសម្លឹងមើលកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យារបស់អាមេរិក។