ជាមួយគ្នានេះអ្នកជំនាញក្នុងវិស័យទេសចរណ៍ ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលគួរតែបង្កើនការលើកទឹកចិត្ត និងគាំទ្រដល់ក្រុមហ៊ុនឯកជន ក្នុងការបង្កើតជម្រើសកម្សាន្តថ្មីៗបន្ថែមទៀតនៅក្នុងវិស័យទេសចរណ៍។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ បានប្រាប់សារព័ត៌មានខេមបូណូមីសថា នៅដើមខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រុមហ៊ុន VET Airways នឹងចាប់ផ្តើមបើកដំណើរការយន្តហោះដែលអាចចុះចតលើទឹកបានសាកល្បង ដោយផ្តោតលើការបម្រើសេវាកម្មហោះហើរនៅក្នុងស្រុក។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ គិតមកទល់ពេលនេះក្រុមហ៊ុនបានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទីតាំងសម្រាប់ការហោះហើរ និងចុះចតរួចរាល់អស់ហើយ ដោយបច្ចុប្បន្នគ្រាន់តែរង់ចាំការវាយតម្លៃ និងផ្តល់អាជ្ញាបណ្ណផ្លូវការពីក្រសួង-ស្ថាប័នពាក់ព័ន្ធតែប៉ុណ្ណោះ។ អ្នកឧកញ៉ា បានចាត់ទុកសមិទ្ធផលថ្មីនេះ គឺជាកិច្ចខិតខំប្រឹងប្រែង និងជាការប្ដេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកជួយលើកស្ទួយ និងបំពេញតម្រូវការក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែសម្បូរបែប។
ជាមួយគ្នានេះលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលគួរតែផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមចំពោះរាល់គម្រោងថ្មីៗ ដែលចូលរួមបម្រើដល់វិស័យទេសចរណ៍ ជាក់ស្ដែងដូចជាគម្រោងយន្តហោះចុះចតលើទឹកនេះជាដើម ដែលវាគឺជាសមិទ្ធផលដ៏កម្រ និងជាការបំពេញបន្ថែមនូវសេវាកម្មទេសចរណ៍កម្រិតខ្ពស់។ បើតាមការសង្កេតរបស់អ្នកជំនាញរូបនេះ បច្ចុប្បន្នភាព នៃវិស័យទេសចរណ៍កម្ពុជាហាក់នៅមានកង្វះខាតជម្រើសកម្សាន្តប្លែកៗនៅឡើយ ដែលចំណុចនេះទាមទារឱ្យមានការជំរុញ និងបំពេញបន្ថែមជាចាំបាច់ ដើម្បីគាំទ្រដល់សកម្មភាព និងពង្រីកសក្តានុពលទេសចរណ៍ផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លា។
គួរបញ្ជាក់ថា សម្រាប់ប្រតិបត្តិការហោះហើរដំបូងរបស់ក្រុមហ៊ុន VET Airways នាពេលខាងមុខនេះ ក្រុមហ៊ុននឹងដាក់ដំណើរការយន្តហោះចុះចតលើទឹកចំនួន៤គ្រឿង ដែលយន្តហោះនីមួយៗមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានចន្លោះពី៤ទៅ៩នាក់។ ក្រៅពីហោះហើរក្នុង ក្រុមហ៊ុនក៏មានផែនការយុទ្ធសាស្ត្រក្នុងការវាយលុក និងពង្រីកវិសាលភាពប្រតិបត្តិការហោះហើររបស់ខ្លួនទៅកាន់បណ្ដាប្រទេសជិតខាងនាពេលអនាគតផងដែរ៕
អត្ថបទ៖ ជា ម៉ារ៉ា