ក្រុមហ៊ុនយក្ស Apple

ក្រុមហ៊ុនយក្ស Apple ផ្អាកផែនការប្រើប្រាស់ឈីបរបស់ក្រុមហ៊ុនចិន សម្រាប់បំពាក់លើ iPhone ក្រោយរងសម្ពាធពីអាមេរិក


: ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានផ្អាកផែនការប្រើប្រាស់ឈីបអង្គចងចាំ ពីក្រុមហ៊ុនចិនដ៏ធំបំផុតមួយ ដើម្បីបំពាក់លើផលិតផលរបស់ខ្លួន ជាពិសេសគឺទូរសព្ទ iPhone។ ការផ្អាកផែនការនេះ បន្ទាប់ពីមានវិធានការតឹងរ៉ឹងដែលបានដាក់ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាផលិតផលបន្ទះឈីបរបស់ចិន។
Apple ផ្អាកប្រើឈីបចិន ដែលគ្រោងបំពាក់លើ iPhone

សញ្ញាអវិជ្ជមាននេះ ក៏បានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបរបស់ចិន បាននិងកំពុងចាប់ផ្តើមជួបវិបត្តិជាបណ្តើរៗហើយ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម ក៏ដូចជាសង្គ្រាមបច្ចេកវិទ្យារវាងប្រទេសមហាអំណាចធំបំផុតក្នុងពិភពលោកទាំងពីរនេះ។ នេះបើតាមការចុះផ្សាយរបស់ Nikkei Asia។

ក្រុមហ៊ុន Apple ដែលគ្រោងប្រើបន្ទះឈីបរបស់ក្រុមហ៊ុនយក្សចិន Yangtze Memory Technologiesនោះ ត្រូវបានប្រភពជាច្រើនអះអាងថា Apple បានសម្រេចផ្អាកគម្រោងនេះវិញហើយ បន្ទាប់ពីរដ្ឋបាលលោក ចូ បៃឌិន បានដាក់វិធានការរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះ។ ការដាក់កំហិតរបស់អាមេរិកនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មរបស់ចិន។ ទោះជាយ៉ាងណាក៏ ជុំវិញដំណឹងដ៏ស្រួចស្រាល់នេះ មិនទាន់ត្រូវបានបញ្ជាក់ពីក្រុមហ៊ុនទាំងពីរនៅឡើយទេ។

មែនទែនទៅ Apple បានបញ្ចប់ដំណើរការមួយក្នុងការសម្រេចប្រើប្រាស់ឈីបអង្គចងចាំប្រភេទ 128-layer 3D NAND សម្រាប់បំពាក់នៅក្នុងទូរសព្ទ iPhone រួចមកហើយ តាំងតែពីក្រុងវ៉ាស៊ីងតោនបានបញ្ចេញផែនការរឹតត្បិតនេះមកម្ល៉េះ។

សូមជម្រាបថា ឈីបអង្គចងចាំ NAND គឺជាសមាសភាគដ៏សំខាន់បំផុតមួយសម្រាប់បំពាក់លើរាល់ឧបករណ៍អេឡិចត្រូនិច រួមមានដូចជា ស្មាតហ្វូន និងកុំព្យូទ័រជាដើម។ ចំណែកឈីបដែល Apple គ្រោងនឹងប្រើខាងលើនេះ គឺជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Yangtze Memory Technologies ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកំពូលមួយ តាមពីក្រោយក្រុមហ៊ុនកូរ៉េ Samsung និង Micron របស់អាមេរិក។ យ៉ាងណាមិញ Apple ដែលចង់ប្រើឈីបចិននេះ ក៏ដោយសារវាមានតម្លៃធូរថ្លៃប្រមាណ ២០% ធៀបនឹងឈីបរបស់ Samsung ។

យោងតាមប្រភពដែលបានប្រាប់ Nikkei Asia បានឱ្យដឹងថា ដំបូងឡើយ Apple គ្រោងនឹងប្រើប្រាស់ឈីបរបស់ក្រុមហ៊ុនចិនមួយនេះ សម្រាប់តែ iPhone ដែលលក់នៅទីផ្សារចិនប៉ុណ្ណោះ។ ហើយមុននឹងផ្អាកផែនការប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុនចិននេះ ក្រុមហ៊ុនអាមេរិក Apple ក៏បានពិចារណាបង្កើនការប្រើប្រាស់ឈីបនេះដល់ ៤០% សម្រាប់ iPhone របស់ខ្លួនទាំងអស់ផងដែរ។

សូមរំលឹកថា Apple បានចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនចិន Yangtze Memory Technologies តាំងពីដើមឆ្នាំ២០១៨ ខណៈដែលក្រុមហ៊ុនបច្ចេកយក្សអាមេរិកនេះ កំពុងស្វែងរកប្រភពផ្គត់ផ្គង់ ដែលមានតម្លៃធូរថ្លៃ។

គួរដឹងដែរថា ក្រុមហ៊ុន Yangtze Memory Technologies ក៏បានចាប់ផ្តើមងាកចេញបន្តិចម្តងៗពីការពឹងផ្អែកលើដង្ហើមរបស់ក្រុមហ៊ុនអាមេរិកផងដែរ បន្ទាប់ពីបានឃើញមេរៀនជាក់ស្តែងរបស់ក្រុមហ៊ុន Huawei ដែលត្រូវបានរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មកាលពីឆ្នាំ២០២០៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


សេដ្ឋកិច្ចអង់គ្លេសប្រឈមនឹងការធ្លាក់ចូលក្នុងវិបត្តិកាន់តែខ្លាំង ខណៈនាយករដ្ឋមន្ត្រីអាចនឹងរបូតពីតំណែងឆាប់ៗនេះ

ក្រុមអ្នកវិភាគនៃស្ថាប័នហិរញ្ញវត្ថុដ៏ធំរបស់អាមេរិក Goldman Sachs បានបន្ទាបទស្សនវិស័យសេដ្ឋកិច្ចរបស់អង់គ្លេស បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីរបស់ប្…

ក្រុមហ៊ុនជប៉ុន Bridgestone គ្រោងកែច្នៃសំបកកង់យានយន្ដសម្រាប់ប្រើប្រាស់ឡើងវិញជាមួយបច្ចេកវិទ្យាថ្មីនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុនជប៉ុន Bridgestone មានផែនការបញ្ចប់ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយដើម្បីធ្វើការកែច្នៃសំបកកង់យានយន្តឡើងវិញនៅត្រឹមដើមឆ្នាំ២០៣០ ដើម្បីក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ