តើប្រទេសទាំងពីរកំពុងប្រជែងគ្នាដើម្បីក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នៅអាស៊ានមែនទេ?
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ កាលពីល្ងាចថ្ងៃទី៥ ខែធ្នូ បាននាំនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Nvidia លោក ចេនស៊ឹន ហ័ង (Jensen Huang) ដើរលេង និងភ្លក្សរសជាតិអាហារតាមផ្លូវ និងទទួលទានស្រាជាមួយគ្នាយ៉ាងសាមញ្ញប្រកបដោយភាពស្និទ្ធស្នាល និងស្នាមញញឹមផ្អើលក្រុមហាណូយ ដើម្បីអបអរការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើមជ្ឈមណ្ឌល AI និងពង្រឹងទំនាក់ទំនងផ្នែកបច្ចេកវិទ្យារបស់វៀតណាម ជាមួយពិភពលោក។
ក្រុមហ៊ុនបច្ចេកវិទ្យា Nvidia និងរដ្ឋាភិបាលវៀតណាម នឹងរួមគ្នាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ AI និងមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ AI នៅក្នុងប្រទេសវៀតណាម ក្រោមកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៥ ខែធ្នូ។
ក្រុមហ៊ុន Nvidia ក៏បានទម្លាយឱ្យដឹងដែរថា ខ្លួនបានទិញយកក្រុមហ៊ុន Start-up ផ្នែកថែទាំសុខភាពមួយមានឈ្មោះថា VinBrain ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Vingroup របស់វៀតណាម ប៉ុន្តែមិនបានបញ្ជាក់ពីតម្លៃនៃកិច្ចព្រមព្រៀងទិញយកនេះឡើយ។
នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក ចេនស៊ឹន ហ័ង (Jensen Huang) បានលើកឡើងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ កាលពីមួយឆ្នាំមុនថា ក្រុមហ៊ុនផលិតបន្ទះឈីប AI របស់លោកចង់ពង្រីកការចាប់ដៃគូសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា
កំពូលៗរបស់វៀតណាម និងជួយគាំទ្រប្រទេសនេះក្នុងកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សដែលមានទេពកោសល្យសម្រាប់ការអភិវឌ្ឍ AI និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
កាលពីខែមេសា ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម FPT បាននិយាយថា ខ្លួនគ្រោងនឹងសាងសង់រោងចក្រ AI មួយក្រោមទុនវិនិយោគ២០០លានដុល្លារអាម៉េរិក ដោយប្រើបន្ទះឈីប និងសូហ្វវែររបស់ក្រុមហ៊ុន Nvidia។
ទន្ទឹមនឹងនេះដែរលោក ប្រាសឺត ចាន់តារារួងថង (Prasert Jantararuangthong) រដ្ឋមន្ត្រីសេដ្ឋកិច្ចឌីជីថល និងសង្គមថៃបានលើកឡើងថា ប្រទេសថៃ មានគោលដៅកសាងការជឿទុកចិត្តទូទាំងពិភពលោកផ្នែកគ្រប់គ្រង AI និងដើម្បីក្លាយជាមជ្ឈមណ្ឌលសិក្សាសម្រាប់ការគ្រប់គ្រង AI តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
ដោយ: តែម សុខុម