ក្រុមហ៊ុន"យក្ស"ទាំងពីរនេះ ជាក្រុមហ៊ុនដ៏មានឥទ្ធិពល បើនិយាយពីប្រតិបត្តិការ ទីផ្សារ និងសមត្ថភាពប្រកួតប្រជែងរបស់ពួកគេ។ Uber បានបើកការិយាល័យរបស់ខ្លួននៅទីក្រុងភ្នំពេញ នាពាក់កណ្ដាលឆ្នាំនេះ មុនពេលសម្ពោធជាផ្លូវការប៉ុន្មានខែក្រោយមក ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអាមេរិក វីល្លៀម ហៃថ៍ (William Heidt)។
គូប្រជែងរបស់ Uber ដែលមានមូលដ្ឋាននៅសិង្ហបុរី គឺក្រុមហ៊ុន Grab ក៏បានចាប់ផ្ដើមលបចូលក្នុងទីផ្សារកម្ពុជាដោយស្ងាត់ៗដែរ ដោយជួលយុវជនកម្ពុជាពូកែៗដើម្បីចាប់ផ្ដើមប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញ។
ការមកដល់កម្ពុជានៃក្រុមហ៊ុនយក្សដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក និង«បងធំនៅអាស៊ី»នេះ ត្រូវគេរំពឹងថា នឹងផ្លាស់ប្ដូរវិស័យដឹកជញ្ជូននៅកម្ពុជាយ៉ាងកក្រើក ក្នុងពេលប៉ុន្មានខែខាងមុខទៀតនេះ។ Uber និង Grab ចូលមកភ្នំពេញ ដើម្បីធ្វើកិច្ចការទាំងពីរនេះ៖ អប់រំទីផ្សារក្នុងស្រុកផង និងជំរុញទីផ្សារកំពុងលូតលាស់មួយនេះឲ្យកាន់តែមានភាពប្រកួតប្រជែងប្រសើរឡើង។ ប៉ុន្តែ ទោះយ៉ាងណា អនាគតរបស់អាជីវកម្មចាប់ផ្ដើមថ្មីថ្មោងក្នុងស្រុកដែលរកស៊ីក្នុងវិស័យនេះ នៅតែមិនទាន់ប្រាកដប្រជានៅឡើយ។
យុទ្ធសាស្ត្រប្រជែងជាមួយក្រុមហ៊ុនយក្ស
ខុសពីនៅវៀតណាម និងសិង្ហបុរី អាជីវកម្មថ្មីថ្មោងនៅទីនេះមានបរិយាកាសអាជីវកម្មល្អប្រសើរសម្រាប់ប្រតិបត្តិការ ដោយសារតែគោលនយោបាយនៃការចាប់ផ្ដើមនិងដំណើរការអាជីវកម្ម។ ប៉ុន្តែ វិស័យនេះវាថ្មីសម្រាប់សហគ្រិនវ័យក្មេងកម្ពុជាដើម្បីទទួលបានអត្ថប្រយោជន៍ពីការគាំទ្រក្នុងស្រុក។
ឆ្នាំនេះ Khmerload ដែលជាអាជីវកម្មថ្មីថ្មោងស្រដៀងគ្នានឹង Buzzfeed នៅអាមេរិក បានទទួលវិនិយោគទុនពីក្រុមហ៊ុននៅអាមេរិក ឈ្មោះ 500 Startups។ ប៉ុន្តែ អាជីវកម្មថ្មីថ្មោងមួយនេះ ចុះបញ្ជីពាណិជ្ជកម្មនៅសិង្ហបុរី ជាជាងនៅក្នុងប្រទេសកំណើតរបស់ខ្លួន។
នៅភ្នំពេញ ដែលជាកន្លែងប្រមូលផ្ដុំនៃសហគ្រិននិងអាជីវកម្មទើបចាប់ផ្ដើមផ្នែកបច្ចេកវិទ្យា អាជីវកម្មថ្មីថ្មោងទាំងឡាយបានណែនាំផ្សព្វផ្សាយសេវារបស់ខ្លួនឲ្យអ្នកក្នុងស្រុក និងអ្នកទេសចរបានស្គាល់ ជាមួយនឹងថវិកាតិចតួចស្ដួចស្ដើងបំផុត។ ទោះបីមានទំហំតូចនិងថ្មីថ្មោងក្ដី អាជីវកម្មថ្មីថ្មោងខ្លះត្រូវបានសារព័ត៌មានក្នុងស្រុក និងអន្តរជាតិចុះផ្សាយយ៉ាងគគ្រឹកគគ្រេងផងដែរ។
តួយ៉ាង BookMeBus ដែលជាអាជីវកម្មចាប់កំណើតបានទើបតែ២ឆ្នាំ ត្រូវបានទូរទស្សន៍ដ៏ល្បីនៅលើពិភពលោក CNN ចុះផ្សាយ ពីសេវារបស់ខ្លួនដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទិញសំបុត្ររថយន្តក្រុងតាមអនឡាញយ៉ាងងាយស្រួល។
ប៊ុន ថារម្យ ជាអ្នកសារព័ត៌មាន សហគ្រិន និងជាអ្នកជំនាញផ្នែក digital media។ សព្វថ្ងៃ ប៊ុន ថារម្យ គ្រប់គ្រងទីភ្នាក់ងារម៉ាឃីតធីង ឈ្មោះ KoKiTree។ ក្រៅពីអាជីវកម្មផ្ទាល់ខ្លួន ប៊ុន ថារម្យ ចូលចិត្តសរសេរអត្ថបទផ្សាយលើគេហទំព័រផ្ទាល់ខ្លួន លើប្រធានបទនានាទាក់ទិននឹងបច្ចេកវិទ្យា និងសហគ្រិនភាព។ អានបន្ថែមអំពី ប៊ុន ថារម្យ នៅទីនេះ!
អាជីវកម្មទើបចាប់ផ្ដើមក្នុងស្រុកដទៃទៀត ដូចជា PassApp, Exnet Taxi និង iTsumo ក៏បានចូលប្រឡូកក្នុងវិស័យតាក់ស៊ីអនឡាញនេះផងដែរ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ ពេលវេលានឹងប្រាប់ឲ្យយើងដឹង ថាតើអនាគតអាជីវកម្មទាំងនេះ នឹងទៅជាយ៉ាងណា? ដៃគូប្រកួតប្រជែងដោយត្រង់របស់ពួកគេ គឺ Uber និង Grab។
ចំពោះអតិថិជន ការមកដល់នៃ Uber និង Grab មានន័យថា ពួកគេមានជម្រើសកាន់តែច្រើន និងការផ្ដល់ជូនកាន់តែប្រសើរឡើង។ សម្រាប់ស្ថាបនិកអាជីវកម្មទើបចាប់ផ្ដើមក្នុងវិស័យបច្ចេកវិទ្យារបស់កម្ពុជា ឥឡូវនេះ ជាពេលវេលាដ៏ល្អដើម្បីទាញចំណាប់អារម្មណ៍ទៅលើ«សិល្បៈនៃការប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្ស»។
អាជីវកម្មថ្មីថ្មោងក្នុងស្រុក ត្រូវតែមានភាពច្នៃប្រឌិតក្នុងការបង្កើតភាពជាដៃគូដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Uber ដែលមានប្រៀបផ្នែកបច្ចេកវិទ្យាខ្ពស់ជាងខ្លួន។ ថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃសម្រាប់ការហៅតាក់ស៊ីតាមអនឡាញ iTsumo បានចាប់ដៃគូជាមួយក្រុមហ៊ុនឡានតាក់ស៊ី Choice Taxi ដើម្បីផ្ដល់សេវា ២៤ម៉ោងលើ ២៤ម៉ោង។
ដោយចាប់ដៃគូជាមួយទីភ្នាក់ងារវេរលុយដ៏ធំបំផុតមួយនៅកម្ពុជា គឺ TrueMoney ក្រុមហ៊ុនទិញសំបុត្ររថយន្តក្រុងតាមអនឡាញ BookMeBus ឥឡូវនេះ អាចផ្ដល់សេវាកាន់តែប្រសើរឡើងដល់អតិថិជន ហើយនាយកប្រតិបត្តិនៃក្រុមហ៊ុននេះ ជឿជាក់ថា មូលដ្ឋានអ្នកប្រើប្រាស់របស់ខ្លួននឹងកើនឡើងច្រើនថែមទៀត។
ខណៈដែលប្រជាជនភាគច្រើននៅតែចាយវាយលុយកាក់ជាក្រដាសប្រាក់នៅឡើយ ភាពជាដៃគូរវាង TrueMoney និង BookMeBus នេះ នឹងបង្កភាពងាយស្រួលដល់អតិថិជនក្នុងការកក់-ទិញសំបុត្ររថយន្តក្រុង នៅតាមសាខាបណ្ដាញភ្នាក់ងារវេរលុយទូទាំងប្រទេសរបស់ TrueMoney។ ជាមួយគ្នានេះដែរ កាលពីឆ្នាំទៅមិញ BookMeBus ក៏ចាប់ដៃគូជាមួយក្រុមហ៊ុនទូទាត់ប្រាក់តាមអនឡាញ WING ផងដែរ។
ទោះបីជាភាពជាដៃគូទាំងនេះកើតចេញពីសម្ពាធរបស់ Uber និង Grab ក្ដី ឬមិនមែនក្ដី អ្នកប្រើប្រាស់គឺជាអ្នកទទួលផលចំណេញពីសេវាដែលកាន់តែប្រសើរឡើង រួមទាំងតម្លៃបន្ថែមនានា សម្រាប់ប្រាក់ដែលពួកគេបានចំណាយ។ ហើយប្រហែលជាភាពជាដៃគូប្រកបដោយគំនិតច្នៃប្រឌិតទាំងនេះ ជាអ្វីដែលអាជីវកម្មចាប់ផ្ដើមថ្មីតូចៗ អាចប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្សទាំងពីរ Uber និង Grab បាន។
វត្តមានរបស់ Uber និង Grab ក៏សបញ្ជាក់ឲ្យឃើញផងដែរថា កម្ពុជាមានអ្វីគ្រប់យ៉ាងដែលក្រុមហ៊ុនលំដាប់ពិភពលោកអាចបើកដំណើរការរកស៊ីនៅទីនេះបាន។ អ៊ិនថឹណិតល្បឿនលឿន? មាន! សេវាទូរស័ព្ទ 4G? មាន! ហើយភាគច្រើននៃប្រជាជនវ័យក្មេង ក៏ងាកទៅចូលចិត្តនិងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ផងដែរ!៕
អត្ថបទនេះនិពន្ធដោយលោក ប៊ុន ថារម្យ។ សូមអញ្ជើញអានអត្ថបទដើម ជាភាសាអង់គ្លេស៖ Phnom Penh’s startups: ‘the art of battling giants’