មេដឹកនាំការពារជាតិអាស៊ានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញ!

មេដឹកនាំការពារជាតិអាស៊ាន បញ្ជាក់ប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឡើងវិញ ចំពេលស្ថានការពិភពលោកកំពុងអាប់អ៊ួ


បន្ទាប់ពីបានបញ្ជប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានកាលពីថ្ងៃ ២២ ខែមិថុនានៅទីក្រុងភ្នំពេញ ម្សិលមិញនេះ ក្រសួងការពារជាតិសិង្ហបុរី (MINDEF) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសសមាជិកអាស៊ាន (ASEAN) បានបញ្ជាក់ជាថ្មីនូវជំហររបស់ខ្លួនក្នុងការជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការនានា ក្នុងតំបន់ថែមមួយកម្រិតទៀត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។
មេដឹកនាំការពារជាតិអាស៊ាន បញ្ជាក់ប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឡើងវិញ ចំពេលស្ថានការពិភពលោកកំពុងអាប់អ៊ួ

ការប្តេជ្ញាចិត្ត របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាននេះដែរ ត្រូវបានគេមើលឃើញថា គឺធ្វើឡើងនៅគ្រាដែលពិភពលោកកំពុងរង្គោះរង្គើកាន់តែខ្លាំង ដោយសារតែវិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក អ៊ឹង អេង ហេន (Ng Eng Hen) បានអញ្ជើញមកទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ជាមួយនឹងរដ្ឋមន្រ្តីការពារជាតិប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (ADMM) ដែលកិច្ចប្រជុំនេះបានធ្វើឡើងផ្ទាល់ជាលើកដំបូង បន្ទាប់ពីកិច្ចប្រជុំមុនៗបានធ្វើតាមប្រព័ន្ធអ៊ីនធើណេតក្នុងពេលពីរឆ្នាំកន្លងទៅ។

រដ្ឋមន្ត្រីការពារជាតិអាស៊ានក៏បានជួបប្រជុំក្រៅផ្លូវការជាមួយភាគីចិន និងជប៉ុន ហើយបានចូលទៅធ្វើការសំណេះសំណាលជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំ លោក អ៊ឹង អេង ហេន (Ng Eng Hen) រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី បាននិយាយថា ការពិភាក្សាមានផ្លែផ្កាល្អ និងគ្របដណ្តប់លើបញ្ហាសន្តិសុខក្នុងតំបន់នាពេលបច្ចុប្បន្ននេះ រួមទាំងផ្នែកសន្តិសុខនៅក្នុងវិស័យអ៊ីនធឺណិត និងព័ត៌មានផងដែរ។

លើសពីនេះទៀត លោក អ៊ឹង អេង ហេន បន្ថែមថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) បានចេញសេចក្តីថ្លែងការណ៍រួមដ៏សំខាន់មួយ ដែលជំរុញឱ្យមានដំណោះស្រាយក្នុងការបញ្ចប់ភាពតានតឹងនៅក្នុងសមុទ្របចិនខាងត្បូងថែមទៀងផង។

ហើយលោកក៏បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការនាំមកនូវការផ្លាស់ប្តូរដោយសន្តិវិធីដើម្បីឲ្យមានភាពប្រក្រតីវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈការអនុវត្តការគោលការណ៍កុងសង់ស៊ីលទាំង ៥ ចំណុចរបស់អាស៊ាន ដែលបានឈានទៅដល់កិច្ចប្រជុំមេដឹកនាំអាស៊ានក្នុងខែមេសា ឆ្នាំ ២០២១ កន្លងទៅ។

ទោះបីជាបែបនេះក្តី នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀន ឡុង (Lee Hsien Loong) បាននិយាយនៅក្នុងកិច្ចប្រជុំអាស៊ាន កាលពីខែមករាឆ្នាំ ២០២២ កន្លងទៅ ថាការអនុវត្តគោលការណ៍ទាំង ៥ ចំណុចនោះហាក់មិនមាន "ការរីកចំរើនគួរឱ្យកត់សម្គាល់ណាមួយឡើយ"។

នៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរីរូបនេះ ក៏បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ផងដែរ ដោយលោកអ៊ឹង អេង ហេន បាននិយាយថា "ភាគីទាំងពីរបានបញ្ជាក់នូវចំណងមិត្តភាពការពារជាតិទ្វេភាគីរវាងសិង្ហបុរី និងកម្ពុជាឡើងវិញ ក៏ដូចជាសារៈសំខាន់នៃអព្យាក្រឹតភាព និងឯកភាពអាស៊ាន ដើម្បីឆ្លើយតបនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ដោយប្រទេសមហាអំណាច" ផងដែរ។

បើតាមការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ បូករួមនិងអាស៊ានបូកផងនោះ បានអនុម័តសេចក្តីប្រកាសដែលបញ្ជាក់នូវការប្តេជ្ញាចិត្តឡើងវិញរបស់ប្រទេសនានាជាសមាជិកក្នុងការ "ពង្រឹងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាក់ស្តែង"។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) គឺជាវេទិកាសម្រាប់អាស៊ាន និងដៃគូសន្ទនាចំនួនប្រាំបីទៀតរបស់ខ្លួនដែលមានដូចជា អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

None



អត្ថបទបន្ទាប់


មួយឆ្នាំហើយ! តើជោគវាសនាប្រេងឆៅកម្ពុជាជិត៣០ម៉ឺនបារ៉ែល ដែលគេចលួចដឹកចេញទៅ យ៉ាងណាហើយ?

គិតមកទល់ពេលនេះ មានរយៈពេលមួយឆ្នាំហើយ ដែលប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ត្រូវគេលួចដឹកចេញពីប្រទេសកម្ពុជា ហើយត្រូវបានខាងអាជ្ញាធរឥណ្ឌូនេស៊ីចាប់ឃា…

កម្ពុជាសម្ពោធឲ្យប្រើប្រាស់ម៉ាកអង្ករសមូហភាពចំនួន២ ដើម្បីជំរុញការនាំចេញអង្ករ

កម្ពុជាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២បានសម្រេចសម្ពោធម៉ាកអង្ករសមូហភាពចំនួន២ប្រភេទបន្ថែមទៀត ដើម្បីជំរុញទិន្នផលការដាំដុះដំណាំស្រូវក្រអូប និងកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ