ថ្លែងចេញពីក្រុងព្រះសីហនុ នៅថ្ងៃទី១៨ ខែមករា នាពិធីបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា បញ្ហាមីយ៉ាន់ម៉ា ត្រូវបានលើកមកជជែក វែកញែក យ៉ាងផុសផុល នៅតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃ ទី៧-៨ខែមករា ឆ្នាំ២០២២ កន្លងមកនេះ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២២នេះ សម្ដេច ហ៊ុន សែន ចង់ផ្ដោតកិច្ចការជាអាទិភាព ដូចជា ការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយនឹងការបើកសេដ្ឋកិច្ច-សង្គម ឡើងវិញ និងរៀបចំច្រករបៀងនៃការធ្វើដំណើរក្នុងក្របខណ្ឌអាស៊ាន។ ជាមួយគ្នានេះ សម្ដេចក៏បានបញ្ជាក់ដែរថា ឆ្នាំ២០២២នេះអាស៊ានមានកិច្ចការច្រើនដែលត្រូវធ្វើក្រៅពីមីយ៉ាន់ម៉ា ហើយអាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការលើកឡើងរបស់សម្តេចជុំវិញបញ្ហានៅមីយ៉ាន់ម៉ា នាពេលនេះ គឺជាការបញ្ជាក់យ៉ាងខ្លីដោយសង្ខេប ដើម្បីចង្អុលបង្ហាញទិស សម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយទាំងឡាយ នៅក្នុងតំបន់អាស៊ាននេះ ខណៈដែលកម្ពុជា បានកាន់តំណែងធ្វើជាប្រធានអាស៊ានជាលើកទី៣។ ជុំវិញបញ្ហាមីយ៉ាន់ម៉ា នេះដែរ សម្តេច ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ដែរថា បញ្ហានៅមីយ៉ាន់ម៉ា មិនមែនដោះស្រាយបញ្ចប់ត្រឹមរយៈពេលខ្លី ឬត្រឹមពេលកម្ពុជា ធ្វើជាប្រធានអាស៊ាននោះទេ។ សម្តេចតេជោ ក៏បានលើកឡើងអំពីភាពចាំបាច់នៃការបង្កើត អាស៊ានត្រ័យការណ៍ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដែលអាចធ្លាក់ទៅដល់ដៃប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣ ផងដែរ៕