ក្នុងនាមជាប្រធានអាស៊ានហ្វីលីពីនកំពុងជំរុញឱ្យប្លុកនេះពង្រឹងការសម្របសម្រួល និងឆ្លើយតបទៅនឹងវិបត្តិថាមពលឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗនៅថ្ងៃនេះ។
ទោះបីជាជម្លោះនៅមជ្ឈិមបូព៌ារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កើតឡើងនៅឆ្ងាយពីតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែប្រជាជនជិត ៧០០លាននាក់ក្នុងតំបន់កំពុងទទួលរងផលប៉ះពាល់ដោយប្រយោលតាមរយៈវិបត្តិថាមពល។ ដោយមើលឃើញពីផលវិបាករួមនេះ កិច្ចប្រជុំកំពូលអាស៊ាននៅលើកោះសេប៊ូប្រទេសហ្វីលីពីន (Cebu) ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ សប្តាហ៍នេះ បានសម្រេចយកបញ្ហាសន្តិសុខថាមពល និងការផ្គត់ផ្គង់ស្បៀងអាហារជារបៀបវារៈអាទិភាពខ្ពស់បំផុត។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោកស្រី ម៉ា ថេរេសា ឡាហ្សារ៉ូ (Ma. Theresa Lazaro) បានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថា ជម្លោះនៅមជ្ឈិមបូព៌ាកំពុងជំរុញឱ្យបណ្តាប្រទេសអាស៊ីប្រកួតប្រជែងគ្នារកប្រភពថាមពល ដើម្បីធានាការផ្គត់ផ្គង់សម្រាប់ប្រទេសរបស់ខ្លួន។ លោកស្រី បានបញ្ជាក់ថា ហ្វីលីពីនបានស្នើឱ្យមានកិច្ចប្រជុំពិសេសមុនកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីពន្លឿនការរៀបចំ ក្របខណ្ឌចែករំលែកថាមពលក្នុងតំបន់ ដែលអាចជួយឱ្យប្រទេសសមាជិកសម្របសម្រួលការផ្គត់ផ្គង់ និងឆ្លើយតបក្នុងពេលមានអាសន្ន។
លោកស្រីបានសង្កត់ធ្ងន់ថា វិបត្តិនៅមជ្ឈិមបូព៌ាមិនត្រឹមតែរំខានដល់លំហូរថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ផ្លូវពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងអាហារផងដែរ ដែលផលប៉ះពាល់ទាំងនេះកំពុងប៉ះទង្គិចដោយផ្ទាល់ទៅលើសុខុមាលភាព និងជីវភាពរបស់ប្រជាជនអាស៊ាន។ ក្នុងន័យនេះ អាស៊ានត្រូវតែបង្កើនការសម្របសម្រួល និងពង្រឹងសមត្ថភាពត្រៀមខ្លួនសម្រាប់វិបត្តិនានា ដែលអាចកើតឡើងនៅពេលខាងមុខ។
ទោះជាយ៉ាងណាអ្នកការទូត និងអ្នកវិភាគមួយចំនួនមើលឃើញថា ហ្វីលីពីនកំពុងស្ថិតក្នុងស្ថានភាពលំបាកមួយ ព្រោះខ្លួនត្រូវដឹកនាំអាស៊ានឱ្យឆ្លើយតបនឹងវិបត្តិសកល ខណៈបញ្ហាផ្ទៃក្នុងរបស់ប្លុកនេះនៅតែមិនទាន់ដោះស្រាយ។ ក្នុងចំណោមបញ្ហាធំៗទាំងនោះរួមមានសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា ដែលអូសបន្លាយជាច្រើនឆ្នាំ និងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលបានបង្កការព្រួយបារម្ភអំពីស្ថិរភាព និងឯកភាពរបស់អាស៊ាន។
អាស៊ានដែលមានផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ៣,៨ទ្រីលានដុល្លារត្រូវបានចាត់ទុកថា ជាតំបន់សេដ្ឋកិច្ចលូតលាស់លឿនមួយក្នុងពិភពលោក។ ប៉ុន្តែការពឹងផ្អែកខ្លាំងលើការនាំចូលថាមពល និងការដឹកជញ្ជូនតាមផ្លូវសមុទ្របានធ្វើឱ្យតំបន់នេះងាយរងផលប៉ះពាល់ពីវិបត្តិសកល។
អ្នកវិភាគមួយចំនួន ក៏បានព្រមានដែរថា ប្រសិនបើអាស៊ានមិនអាចបង្កើតយន្តការរួមសម្រាប់ការចែករំលែកថាមពល និងការឆ្លើយតបក្នុងពេលមានវិបត្តិទេ នោះតំបន់អាចប្រឈមការកើនឡើងនៃថ្លៃរស់នៅ អតិផរណា និងការធ្លាក់ចុះ នៃកំណើនសេដ្ឋកិច្ចនាពេលខាងមុខ។ ក្នុងបរិបទនេះ ហ្វីលីពីនកំពុងព្យាយាមបង្ហាញថា អាស៊ានមិនអាចផ្តោតតែលើបញ្ហានយោបាយ ឬសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្កើតសមត្ថភាពរួម ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច និងថាមពល ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ប្រជាជនរាប់រយលាននាក់ក្នុងតំបន់៕
ដោយៈ សរ សុជាតិ