អ្នកជំនាញនៅក្នុងវិស័យស្រូវអង្ករអះអាងថា សម្រាប់រយៈពេលប៉ុន្មានខែទៅមុខទៀតនេះ ការនាំចេញអង្ករកម្ពុជានឹងត្រូវត្រៀមទប់ទល់ជាមួយនឹងការចំណាយ និង ត្រូវបន្ដធ្វើពិធិធកម្មទីផ្សារពិសេសជំរុញការនាំចេញទៅប្រទេសចិន និង អាស៊ានដើម្បីស្ដារទីផ្សារផ្សេងទៀតដែលកំពុងធ្លាក់ចុះ។
របាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញឲ្យដឹងថា ការនាំចេញអង្ករកម្ពុជានៅ៦ខែដំបូងនៅឆ្នាំ២០២១ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង២០០លានដុល្លារ ក្នុងមានបរិមាណជាង ២៨ម៉ឺនតោន មានការថយចុះចំនួនជិត ៣០% បើធៀបនឹងការនាំចេញក្នុងរយៈពេលដូចគ្នា កាលឆ្នាំ២០២០។ក្នុងរយៈពេល៦ខែឆ្នាំ២០២១ដូចគ្នានេះ ទឹកប្រាក់នាំចេញអង្កររបស់ថៃវិញ សម្រេចបានប្រមាណជិត១ពាន់៤រយលានដុល្លារ ក្នុងបរមាណនាំចេញអង្ករបានត្រឹមតែ ជាង២លាន២សែនលានតោន ដោយធ្លាក់ចុះ២១ ភាគរយបើប្រៀបធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រទេសវៀតណាមនៅ ៥ខែដំបូង ឆ្នាំ២០២១ ការនាំចេញអង្ករត្រូវបានប៉ាន់ស្មានថានឹងធ្លាក់ចុះជាង១១%។
លោក កាន់ គន្ធី នាយករងក្រុមហ៊ុននាំចេញអង្ករ Amru Rice បានប្រាប់ខេមបូណូមីសថា បញ្ហាដែលមានធ្លាក់ចុះនៃការនាំចេញអង្កររបស់ប្រទេសទាំងបីនៅអាស៊ានរួមមាន កម្ពុជា ថៃ និងវៀតណាមនេះ ដោយសារ តម្លៃដឹកជញ្ជូនបានកើនឡើងខ្លាំង ៦ ដង ទៅ ៧ ដង ពីតម្លៃ ១ ពាន់ដុល្លារ ទៅ ៦ពាន់ ៧ពាន់ដុល្លារក្នុងមួយទូរកុងតឺន័រ។
អ្នកជំនាញខាងវិស័យស្រូវអង្កររូបនេះ បញ្ជាក់បន្ថែមទៀតថា យុទ្ធសាស្ត្ររបស់ក្រុមហ៊ុននាំចេញអង្ករនាពេលនេះ គឺត្រូវត្រៀមទប់ទល់ចំណាយរយៈពេល ៥ ខែទៅ ៦ ខែ ឆ្នាំ ២០២១ ហើយលោកសង្ឈឹមថា កំណើននៃនាំចេញអង្ករនេះ នឹងល្អប្រសើរឡើងវិញនៅចុងឆ្នាំ២០២១ ឬនៅដើមនៅឆ្នាំ ២០២២ ខាងមុខនេះ។ ទោះយ៉ាងណា កំណើននាំចេញអង្ករនេះ ក៏អាស្រ័យទៅលើអន្តរាគមន៍របស់រដ្ឋាភិបាលនីមួយៗ ក្នុងការកាត់បន្ថយតម្លៃដឹកជញ្ជូន ជាពិសេសការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាមួយនឹងការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ បើធៀបនឹងប្រទេសនៅអាស៊ានមកទល់ម៉ោងនេះ មានប្រទេសចំនួនពីរនៅអាស៊ាន គឺ សិង្ហបុរី និង កម្ពុជា ដែលបានចាក់វាក់សាំងច្រើនជាងគេ បើប្រៀបធៀបចំនួនពលរដ្ឋសរុប។
របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២០ កម្ពុជាបាននាំចេញអង្ករសរុបជាង ៦៩ម៉ឺនតោន ដោយមានតម្លៃជិត ៥៣៩ លានដុល្លារ កើនឡើង ១១,៤០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩៕
អត្ថបទ៖ សុខ សិទ្ធិការ្យ