តួលេខពីសារព័ត៌មាន VN Express International បង្ហាញថា តំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដកតែប្រទេសប្រ៊ុយណេ និងមីយ៉ាន់ម៉ា ចេញ រកចំណូលសរុបបានប្រមាណ ១២១ពាន់លានដុល្លារអាមេរិក ពីវិស័យទេសចរណ៍។
ប៉ុន្តែ តួលេខនេះស្មើតែពាក់កណ្ដាលប៉ុណ្ណោះនៃចំណូលពីទេសចរណ៍របស់សហរដ្ឋអាមេរិក ដែលកាលឆ្នាំ២០១៦ អាមេរិករកចំណូលបានជាង ២៤១ពាន់លានដុល្លារអាមេរិក។
ខាងក្រោមនេះ ជាចំណាត់ថ្នាក់ប្រទេសនៅក្នុងអាស៊ានដែលរកចំណូលពីទេសចរណ៍បានច្រើនជាងគេ (លើកលែងប្រទេសប្រ៊ុយណេ និងមីយ៉ាន់ម៉ា ព្រោះគ្មានតួលេខ)៖
១) ប្រទេសថៃ
រាជាណាចក្រថៃ ជាគោលដៅទេសចរណ៍ដ៏ពេញនិយមជាងគេបំផុត នៅអាស៊ីអាគ្នេយ៍។ ឆ្នាំ២០១៦ ថៃទទួលភ្ញៀវទេសចរបរទេសមកទស្សនាជាង ៣០លាននាក់ និងរកចំណូលបានជិត ៤៦ពាន់លានដុល្លារអាមេរិក។
២) ប្រទេសម៉ាឡេស៊ី
ឈរនៅចំណាត់ថ្នាក់លេខ២ ម៉ាឡេស៊ី ឆ្នាំ២០១៦កន្លងទៅ មានភ្ញៀវទេសចរបរទេសមកទស្សនា ជាង ២៦,៧លាននាក់ និងរកចំណូលបាន ១៩ពាន់លានដុល្លារ។
៣) ប្រទេសវៀតណាម
វៀតណាមជាប់លេខ៣ ដោយទទួលភ្ញៀវទេសចរបរទេស ១០លាននាក់ ក្នុងឆ្នាំ២០១៦ និងរកចំណូលពីវិស័យនេះ បាន ១៨,៤ពាន់លានដុល្លារ។
៤) ប្រទេសសិង្ហបុរី
បើនិយាយពីចំណូលពីទេសចរណ៍ សិង្ហបុរីឈរនៅលេខរៀងទី៤ ដោយរកបាន ១៧,៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៦ ជាមួយនឹងចំនួនភ្ញៀវទេសចរបរទេសមកទស្សនា ១៦,៤លាននាក់។
៥) ប្រទេសឥណ្ឌូនេស៊ី
ឆ្នាំ២០១៦ ឥណ្ឌូនេស៊ីរកចំណូលពីវិស័យទេសចរណ៍បាន ១២ពាន់លានដុល្លារអាមេរិក ជាមួយនឹងចំនួនភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសនេះ ជាង ១២លាននាក់។
៦) ប្រទេសហ្វ៊ីលីពិន
ឆ្នាំ២០១៦ ហ្វ៊ីលីពិនរកចំណូលពីទេសចរណ៍បាន ៤,៦ពាន់លានដុល្លារអាមេរិក និងចំនួនភ្ញៀវទេសចរបរទេសមកទស្សនា ៥,៩លាននាក់។
៧) ប្រទេសកម្ពុជា
ឆ្នាំ២០១៦ កម្ពុជាទទួលភ្ញៀវទេសចរបរទេស ៥លាននាក់ និងរកចំណូលបានពីវិស័យនេះ ប្រមាណ ៣,២ពាន់លានដុល្លារអាមេរិក។
៨) ប្រទេសឡាវ
ចុងក្រោយគេ គឺប្រទេសឡាវ រកបានចំណូលពីទេសចរណ៍ ០,៧ពាន់លានដុល្លារ ជាមួយនឹងចំនួនភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសនេះ ៤,២៣លាននាក់៕