ឯកឧត្តម George Edgar មានប្រសាសន៍ថា ដើម្បីឲ្យអ្នកវិនិយោគអឺរ៉ុបមកណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើននិងស្ថិតស្ថេរយូរអង្វែង កម្ពុជាត្រូវពង្រឹងបន្ថែមលើបីចំណុច ដូចខាងក្រោម៖
- កម្ពុជាត្រូវតែពង្រឹងច្បាប់ឲ្យបានល្អប្រសើរថែមទៀត
- ពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង
- ប្រព័ន្ធទឹកភ្លើង ជាមួយនឹងតម្លៃសេវាកម្មល្អប្រសើរធៀបនឹងប្រទេសក្នុងតំបន់។
ឯកឧត្ដម George Edgar មានប្រសាសន៍បន្ថែមថា កម្ពុជាគួរតែពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនក្នុងស្រុក ជាពិសេស សហគ្រាសធុនតូចនិងមធ្យម ជាកត្តាសំខាន់សម្រាប់ទាក់ទាញវិនិយោគបរទេស ជាពិសេស វិនិយោគិនពីអឺរ៉ុប។
របាយការណ៍ស្ទាបស្ទង់មតិរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ស្តីពីបរិយាកាសធ្វើអាជីវកម្មកាលពីឆ្នាំ២០១៥ មានតំណាង៧២នាក់ ភាគច្រើនសុទ្ធសឹងជាសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក គ្រប់គ្រងដោយវិនិយោគិនបរទេសកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ៧៩% លើកឡើងថា តម្លៃពលកម្មទាបគឺជាអត្ថប្រយោជន៍ដែលមានលក្ខណៈប្រកួតប្រជែងសម្រាប់កម្ពុជា បើប្រៀបនឹងប្រទេសក្នុងតំបន់អាស៊ាន។
ប៉ុន្តែ ៥៣% ត្រូវបានរកឃើញថា កង្វះខាតផ្នែកធនធានមនុស្សជាឧបសគ្គចម្បងសម្រាប់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា។
យ៉ាងណាក៏ដោយ ៨១% នៃអ្នកត្រូវបានស្ទង់មតិ អះអាងពីការបង្កើនសកម្មភាពប្រតិបត្តិការនៅក្នុងឆ្នាំ២០១៦នេះ បើទោះបីជា ៥១% នៃអ្នកត្រូវបានស្ទាបស្ទង់គិតថា ស្ថានភាពការធ្វើអាជីវកម្មរបស់គេនឹងមានការប្រែប្រួល៕