រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក ដាន់ តេហាន់ (Dan Tehan) និងរដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលី លោក ដេវីដ លីថលប្រោត (David Littleproud) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយ រវាងក្រសួងទាំងពីរថា ៖«រដ្ឋាភិបាលអូស្ត្រាលីនឹងបន្តប្តេជ្ញាការពារផលប្រយោជន៍ របស់អ្នកផលិតស្រាក្រហមនៅអូស្ត្រាលី តាមរយៈការប្រើប្រាស់យន្តការ និងប្រព័ន្ធដោះស្រាយជម្លោះ របស់អង្គការពាណិជ្ជកម្មពិភពលោក។»
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា៖ អូស្ត្រាលីបានពិចារណា និងពិភាក្សាយ៉ាងល្អិតល្អន់ជាមួយក្រុមហ៊ុន និងអ្នកផលិតស្រាក្រហមក្នុងស្រុក មុននឹងឈានដល់ការសម្រេចចិត្តដាក់ពាក្យបណ្តឹងថ្មីមួយទៀត ទៅ WTO ជុំវិញការធ្វើទុក្ខបុកម្និញពីភាគីចិនមកលើអូស្ត្រាលី។
យ៉ាងណាមិញ ភាគីក្រសួងពាណិជ្ជកម្មអូស្ត្រាលីបាន គូសបញ្ជាក់ដែរថា ពួកគេនៅតែបើកចំហក្នុងការចូលរួមដោះស្រាយជម្លោះដោយផ្ទាល់តាមទ្វេភាគីជាមួយប្រទេសចិន ដើម្បីបញ្ចប់ភាពចម្រូងចម្រាស់ពាណិជ្ជកម្មនេះ។
គួរជម្រាបថា ចិនបានដំឡើងពន្ធនាំចូលស្រាក្រហមពីអូស្ត្រាលីដល់កម្រិតមួយខ្ពស់បំផុតមិនធ្លាប់មានដល់ប្រមាណជាង ២០០%។ ប្រការនេះ បានធ្វើឲ្យការនាំចេញស្រាក្រហមពីអូស្ត្រាលីទៅចិន ដាំក្បាលចុះយ៉ាងគំហុកពីទំហំជាង ៨០០លានដុល្លារក្នុងឆ្នាំ មកនៅសល់ប្រមាណជាង ២០លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។
គួរកត់សម្គាល់ថា នេះជាលើកទីមួយហើយ ដែលអូស្ត្រាលី បានធ្វើការឆ្លើយតបទៅកាន់ភាគីចិនវិញតាមរយៈការដាក់ពាក្យបណ្តឹងទៅ WTO ជុំវិញបញ្ហាស្រាក្រហម ដែលកន្លងមកអូស្ត្រាលីមិនដែលបានឆ្លើយតបជាផ្លូវការណាមួយ តាមរយៈស្ថាប័នអន្តរជាតិក្នុងរឿងស្រាក្រហមនេះទេ ក្រៅតែពីការព្យាយាមដោះស្រាយដោយទ្វេភាគី។
ប៉ុន្តែទោះយ៉ាងណា អស់ពេលជាង២ឆ្នាំមកហើយ បញ្ហាស្រាក្រហមអូស្ត្រាលីនាំចូលទៅចិន ពុំបានបង្ហាញសញ្ញាល្អនោះទេ ផ្ទុយទៅវិញទំនិញផ្សេងៗទៀតរបស់អូស្ត្រាលីត្រូវបានរឹតបន្ដឹង និងដំឡើងពន្ធជាបន្តបន្ទាប់ពេលនាំចូលទៅប្រទេសចិន ក្នុងនោះរួមមាន ស្រូវសាលី ទំពាំងបាយជូរ សាច់គោ បង្កងសមុទ្រ និងធ្យូងថ្មជាដើម ក៏ត្រូវបានចិនដំឡើងពន្ធ និងរឹតត្បិតការនាំចូលផងដែរ។
សូមបញ្ជាក់ថា ដើមចមនៃជម្លោះរវាងប្រទេសទាំងពីរដែលបានអូសបន្លាយមកដល់ម៉ោងនេះគឺផ្តើមចេញពីឆ្នាំ២០១៨ គ្រាដែលអូស្ត្រាលីបានហាមឃាត់ក្រុមហ៊ុន Huawei ពីការអភិវឌ្ឍបណ្តាញ 5G នៅក្នុងប្រទេសរបស់ខ្លួន។ ក្រោយមក ប្រទេសទាំងពីរកាន់តែមើលមុខគ្នាលែងចំកាន់តែខ្លាំងទៀត នៅពេលដែលអូស្ត្រាលីបានទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ពីប្រភពដើមនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕