របាយការណ៍សភាពាណិជ្ជកម្មនិងឧស្សាហកម្មអូស្ត្រាលី ដែលបានផ្សាយបន្ដដោយ Bloomberg បានលើកឡើងទៀតថា ការបង្កើនពន្ធគយ ដោយសារតែជម្លោះពាណិជ្ជកម្មរបស់ប្រទេសទាំងពីរកំពុងធ្វើឲ្យក្រុមហ៊ុននាំចេញនាំចូល ចំណាយកាន់តែច្រើន នឹងពិបាករកប្រាក់ចំណេញកាន់តែខ្លាំង។
ដោយសារតែជម្លោះពាណិជ្ជកម្មរវាងរដ្ឋាភិបាលចិន និងអូស្ត្រាលី ក្រុមហ៊ុននាំចេញរបស់អូស្ត្រាលីបានលើកឡើងថា ពួកគេកំពុងមើលឃើញពីតម្រូវការទីផ្សារផ្សេងទៀត ក្រៅតែពីទីផ្សារចិន ដូចជាទីផ្សារវៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីផងដែរ។
នៅមួយរយៈចុងក្រោយនេះ ទំនាក់ទំនងរវាងយក្សចិន និងអូស្ត្រាលីកំពុងមានភាពប្រេះឆាកាន់តែខ្លាំងឡើងៗ។ ប្រេះឆាទាំងផ្លូវការទូត និងផ្លូវសេដ្ឋកិច្ច បូករួមការតម្លើងពន្ធលើទំនិញនាំចេញ និងនាំចូលរវាងគ្នា និងថែមទាំងឈានដល់ការ បិទឈប់ធ្វើការដោះដូរទំនិញមួយចំនួនផ្សេងទៀតផងដែរ។
របាយការណ៍ខាងលើ បានធ្វើការស្ទង់មតិក្រុមហ៊ុនអូស្ត្រាលីមួយចំនួនដែលរកស៊ីនាំចេញទំនិញទៅប្រទេសចិន ក្នុងនោះមាន ៧ក្រុមហ៊ុនបាននិយាយថា ការរកស៊ីរបស់ពួកគេជាមួយប្រទេសចិនមានដំណើរការល្អរហូតមក ប៉ុន្តែក្រោយមកវាបានរងផលប៉ះពាល់ខ្លាំងដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩ផង និងដោយសារតែជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសទាំងពីរផង។
គេនៅចាំបានថាជម្លោះរវាងប្រទេសទាំងពីរ បានឆាបឆេះឡើងដំបូងពេលដែល អូស្ត្រាលីដែលត្រូវបានគេស្គាល់ថា ជាមិត្តស្និទ្ធស្នាលនឹងអាមេរិក បានទាមទារឲ្យចិនស្រាវជ្រាវនិងស្វែងរកដោយឯករាជ្យពីប្រភពដើមដំបូងនៃកូវីដ១៩ក្នុងក្រុងវូហានប្រទេសចិន។
ចាប់តាំងពីពេលនោះមករដ្ឋាភិបាលទីក្រុងប៉េកាំងបានវាយបកតាមផ្លូវពាណិជ្ជកម្មលើអូស្ត្រាលីវិញជាច្រើន រួមមានការបង្កើនពន្ធគយលើថ្លៃស្រូវសាលីនិងស្រាក្រហមអូស្ត្រាលី ខណៈការធ្វើពាណិជ្ជកម្មធ្យូងថ្មត្រូវបានផ្អាក។
សូមរំឭកថា កាលពីខែឧសភា រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចលុបចោលកិច្ចព្រមព្រៀង«ផ្លូវមួយ ខ្សែក្រវាត់មួយ» ជាមួយប្រទេសចិន ដែលការនេះធ្វើឲ្យក្រុងប៉េកាំងចិនខឹងច្រឡោត ហើយបានប្រកាសផ្អាក «កិច្ចសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្រចិន-អូស្ត្រាលី» ជាការសកសឹកត្រលប់ទៅវិញ៕