យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation វត្តមានរបស់លោកស្រី ស៊ុផាជី សុថមភុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ក្នុងកម្មវិធីផ្សាយផ្ទាល់លក់ទុរេនកាលពីពេលថ្មីៗនេះ បានក្លាយជាផ្កាភ្លើងដុតរោលអារម្មណ៍ម្ចាស់ចម្ការទុរេនយ៉ាងខ្លាំង។ ចំណុចរសើបបំផុតនោះ គឺលោកស្រីរដ្ឋមន្ត្រីបានផ្សព្វផ្សាយពីការលក់ទុរេនបញ្ចុះតម្លៃមកនៅត្រឹមតែ២,៨ដុល្លារក្នុងមួយផ្លែ ដែលតម្លៃនេះត្រូវបានកសិករចាត់ទុកថា ជាការមើលស្រាលលើការខិតខំប្រឹងប្រែង និងជាការមិនយល់ដឹងពីថ្លៃដើមផលិតកម្មពិតប្រាកដ។ កសិករថៃ បានរិះគន់ថា រដ្ឋមន្ត្រីរូបនេះហាក់ខ្វះការសិក្សាស៊ីជម្រៅលើគោលនយោបាយកសិកម្មនៅប្រទេសថៃ។
លោក ផានុសាក់ សៃផានិច (Panusak Saipanich) ប្រធានសមាគមកសិករដាំទុរេនថៃ បានប្រតិកម្មយ៉ាងខ្លាំងថា គ្រាន់តែថ្លៃដើមដាំដុះជាក់ស្តែង គឺស្ថិតនៅចន្លោះពី២,១៥ ដល់ ២,៤៤ដុល្លារក្នុងមួយគីឡូក្រាមបាត់ទៅហើយ។ ដូច្នេះការប្រកាសលក់រាយក្នុងតម្លៃ២,៨០ដុល្លារក្នុងមួយផ្លែ គឺមានន័យថាកសិករមិនត្រឹមតែមិនចំណេញទេ គឺថែមទាំងខាតបង់យ៉ាងធ្ងន់ធ្ងរទៀតផង។
កសិករថៃបានរិះគន់ចំៗថា យុទ្ធសាស្ត្រផ្សព្វផ្សាយរបស់ក្រសួងពាណិជ្ជកម្មខ្វះការសិក្សាស៊ីជម្រៅ និងអាចធ្វើឱ្យឈ្មួញកណ្តាលឆ្លៀតឱកាសបង្អាប់ថ្លៃទុរេននៅតាមចម្ការ។ ស្របពេលបំណុលគ្រួសារនៅប្រទេសថៃកំពុងស្ថិតក្នុងកម្រិតខ្ពស់ វិបត្តិតម្លៃកសិផលធ្លាក់ចុះនេះនឹងកាន់តែរុញច្រានកសិករឱ្យធ្លាក់ក្នុងរណ្តៅបំណុលកាន់តែជ្រៅ។
ក្រៅពីបញ្ហាផ្ទៃក្នុង វិស័យទុរេនថៃ ក៏កំពុងស្ថិតក្នុងស្ថានភាពទីផ្សារចង្អៀត ដោយសារការប្រកួតប្រជែងដ៏ស្រួចស្រាល់ពីសំណាក់ប្រទេសវៀតណាម។ កាលពីឆ្នាំ២០២៥ ទោះបីជាទុរេនវៀតណាម ត្រូវបានអាជ្ញាធរចិនរកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ក៏ដោយ ប៉ុន្តែពួកគេនៅតែអាចនាំចេញទុរេនទៅចិនបានរហូតដល់ជាង៣,៤ពាន់លានដុល្លារ ខណៈដែលថៃនៅតែមិនទាន់អាចរំលងរបាំង៤ពាន់លានដុល្លារនៅឡើយ។ មិនត្រឹមតែវៀតណាមទេ សូម្បីតែម៉ាឡេស៊ី ហ្វីលីពីន និងកម្ពុជា ក៏កំពុងតែដណ្តើមចំណែកទីផ្សារចិនយ៉ាងសកម្មផងដែរ។
មជ្ឈដ្ឋានកសិករបានទទូចឱ្យរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាពជាងនេះ ជៀសវាងការធ្វើទីផ្សារបែបបង្អាប់តម្លៃកសិផលជាតិខ្លួនឯង ដែលជាការបើកផ្លូវឱ្យគូប្រជែងក្នុងតំបន់កាន់តែមានប្រៀបលើទីផ្សារអន្តរជាតិ៕
ដោយៈ សរ សុជាតិ