ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ក្នុងចំណោមសិស្សជាង១១ម៉ឺន៤ពាន់នាក់ ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានសិស្សជាង៧ម៉ឺន២ពាន់១៦នាក់បានប្រឡងជាប់នៅឆ្នាំនេះ ដែលស្មើនឹង៦៥,៦៥%។ ចំនួននេះមានការថយចុះបន្តិចបើធៀបនឹងឆ្នាំ២០១៩ ដោយកាលនោះមានសិស្សជាង៧ម៉ឺន៩ពាន់៥២នាក់បានប្រឡងជាប់ ដែលស្មើនឹង៦៩,៦២%។
ប៉ុន្តែបើយើងមើលទៅលើលទ្ធផលតាមនិទ្ទេសនីមួយៗបង្ហាញឲ្យឃើញថា លទ្ធផលនៅឆ្នាំ២០២១ មានភាពល្អប្រសើរជាងឆ្នាំ២០១៩។ ក្នុងនោះសិស្សជាប់និទ្ទេស A នៅឆ្នាំ២០២១ មានចំនួន១,៧៥៣នាក់, និទ្ទេស B ៥,២១៥នាក់, និទ្ទេស C ១១,៦៣៤នាក់, និទ្ទេស D ២៣,៤៩៩នាក់ និងនិទ្ទេស E ២៩,៩១៥នាក់។ ខណៈកាលពីឆ្នាំ២០១៩ សិស្សនិទ្ទេស A មាន៤៤៣នាក់, និទ្ទេស B ២,៤៣០នាក់, និទ្ទេស C ៥,៨៤៧នាក់, និទ្ទេស D ១៤,១០០នាក់ និងនិទ្ទេស E ៥៦,២៣២នាក់។
ការប្រឡងបាក់ឌុបនៅឆ្នាំ២០២១ មានបេក្ខជនចូលរួមប្រឡងចំនួន១១៤,១៨៧នាក់ ដោយបែងចែកជា២០៤មណ្ឌល និង៤,៦១៥បន្ទាប់ ខណៈកាលពីឆ្នាំ២០១៩ មាន២០២មណ្ឌល និងមានបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប១១៧,០៤៣នាក់។ ចំណែកការប្រឡងបាក់ឌុបនៅឆ្នាំ២០២០ ត្រូវបានក្រសួងអប់រំយុវជន និងកីឡាសម្រេចលុបចោល ដោយឲ្យសិស្សទាំងអស់ជាប់ដោយស្វ័យប្រវិត្តិ ក្រោយបារម្ភពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩៕