
សេចក្ដីរាយការណ៍ព័ត៌មាននានាឲ្យដឹងថា អាជ្ញាធរឥណ្ឌូនេស៊ីបានជម្លៀសប្រជាជនប្រមាណ ៣ម៉ឺន ៥ពាន់នាក់ ចេញពីភ្នំភ្លើងដែលកំពុងលាន់ឮសំឡេងនៅលើកោះរមណីយដ្ឋាន បាលី ដោយគេភ័យខ្លាចថា ភ្នំភ្លើងនេះអាចនឹងផ្ទុះឡើង។
មន្ត្រីអាជ្ញាធរឥណ្ឌូនេស៊ីបានប្រកាសការព្រមានកម្រិតខ្ពស់កាលពីចុងសប្ដាហ៍ បន្ទាប់ពីភ្នំភ្លើងនេះកម្រើកសកម្មភាពខ្លាំងឡើងៗ និងបានទទូចឲ្យប្រជាជននៅឲ្យឆ្ងាយពីរណ្ដៅភ្នំភ្លើងនេះ ឲ្យបានយ៉ាងហោចណាស់ ៩គីឡូម៉ែត្រ។
ភ្នំភ្លើង Mount Agung ដែលស្ថិតនៅលើកោះបាលីនេះ ធ្លាប់បានផ្ទុះឡើងម្ដង កាលពីឆ្នាំ១៩៦៣ ដែលកាលនោះ បានបណ្ដាលឲ្យមនុស្សជាង ១ពាន់នាក់ បាត់បង់ជីវិត។
ប្រទេសឥណ្ឌូនេស៊ី មានភ្នំភ្លើងសកម្មជិត ១៣០ គឺច្រើនជាងប្រទេសណាៗទាំងអស់។ ប្រជាជនឥណ្ឌូនេស៊ីជាច្រើនរស់នៅក្បែរភ្នំភ្លើង ពីព្រោះកម្អែភ្នំភ្លើងធ្វើឲ្យដីនៅតំបន់ជុំវិញមានជីជាតិល្អសម្រាប់ការដាំដុះដំណាំ៕