ខណៈព្រះអាទិត្យបានបន្ថយពន្លឺនៅពេលល្ងាច ភ្ញៀវទេសចរជាតិនិងអន្ដរជាតិនាំគ្នាយ៉ាងច្រើនកុះករមកទស្សនា និងផ្តល់ចំណីដល់សត្វស្លាប ព្រមទាំងថតរូបជាអនុស្សាវរីយ៍នៅមជ្ឈមណ្ឌលអប់រំធម្មជាតិបាងភូ។
ទីនេះ បានក្លាយជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញ ដែលអាចផ្តល់ការងារជាច្រើនដល់ពលរដ្ឋតាមរយៈការលក់ចំណីសត្វស្លាប អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ សេវាដឹកជញ្ជូន ព្រមទាំងមានភោជនីយដ្ឋានអាហារសមុទ្រផងដែរ។
ស្ថិតនៅមាត់សមុទ្រដែលសម្បូរដោយព្រៃកោងកាងផងនោះ បានធ្វើឲ្យទីនេះមានខ្យល់អាកាសល្អបរិសុទ្ធ។
ក្រៅពីនេះ សំឡេងសត្វស្លាបស្រែក និងហើរចុះឡើងព្រោងព្រាត ហាក់ក្លាយជាតន្ដ្រីធម្មជាតិបំពេរភ្ញៀវទេសចរឲ្យដិតជាប់នូវអារម្មណ៍ដ៏រីករាយ និងបានសម្រាកលម្ហែកាយនៅទីនេះផងដែរ។
ការចូលមកទស្សនាទីនេះ មិនចំណាយប្រាក់ទិញសំបុត្រចូលទស្សនាឡើយ សម្រាប់អ្នកថ្មើរជើង ប៉ុន្តែ បើអ្នកជិះរថយន្ត គ្រាន់តែចំណាយប្រាក់ផ្ញើរថយន្តតិចតួចប៉ុណ្ណោះ៕