កាសែត ថៃរ៉ាត់ របស់ថៃ បានរាយការណ៍ថា នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងរដ្ឋាភិបាលថៃ និងចិន ដែលចេញផ្សាយដោយក្រសួងការបរទេសចិន កាលពីថ្ងៃទី២១ ខែកក្កដា បានគូសបញ្ជាក់ថា ប្រទេសថៃ ទទួលស្គាល់កោះតៃវ៉ាន់ ជាដែនដី ដែលមិនអាចកាត់ផ្តាច់បានរបស់ចិន ព្រមទាំងប្តេជ្ញាមិនគាំទ្រឯករាជភាពរបស់តៃវ៉ាន់ ជាដាច់ខាត។ លើសពីនេះ ថៃ ថែមទាំងបានចេញមុខគាំទ្ររូបមន្តនយោបាយប្រទេសមួយប្រព័ន្ធពីររបស់ក្រុងប៉េកាំង ទៀតផង។
សេចក្តីថ្លែងការណ៍រួមដ៏ក្តៅគគុកនេះ ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យក្រសួងការបរទេសតៃវ៉ាន់ ចេញមកប្រតិកម្មតបត និងចោទប្រកាន់រដ្ឋាភិបាលថៃ ថា បានមើលរំលងការពិតប្រវត្តិសាស្ត្រ និងសុខចិត្តបណ្តោយឱ្យចិន ដឹកច្រមុះ ដើម្បីបម្រើមហិច្ឆតារំលោភបំពានលើអធិបតេយ្យភាពរបស់តៃវ៉ាន់។
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក លីន ជៀលុង (Lin Chia-lung) បានថ្លែងបដិសេធយ៉ាងដាច់អហង្ការចំពោះការដែលប្រទេសចិន តែងតែប្រើប្រាស់វេទិកាការទូតអន្តរជាតិ ជាឧបករណ៍ ដើម្បីកាត់ផ្តាច់ និងបំផ្លាញឥទ្ធិពលការទូតរបស់តៃវ៉ាន់។ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលថៃ សុខចិត្តបត់បែនតាមសម្ពាធនយោបាយរបស់ទីក្រុងប៉េកាំង បែបនេះ។
ទោះជាយ៉ាងណាប្រមុខការទូតតៃវ៉ាន់ រូបនេះ បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមរវាងថៃ និងចិន នឹងមិនឈានទៅដល់ការលុបចោលការលើកលែងទិដ្ឋាការរវាងកោះតៃវ៉ាន់ និងថៃនោះឡើយ ព្រោះគោលនយោបាយទិដ្ឋាការរបស់តៃវ៉ាន់ គឺឈរលើគោលការណ៍យោគយល់ និងការផ្តល់កិត្តិយសស្មើភាពគ្នា។ លោកបានបន្ថែមថា ប្រទេសទាំងពីរ ក៏នៅតែបន្តរក្សាទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនយ៉ាងជិតស្និទ្ធជាធម្មតាផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសតៃវ៉ាន់ បានគូសបញ្ជាក់ជាថ្មីថា តៃវ៉ាន់ ជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដោយភាគីទាំងពីរតៃវ៉ាន់ និងចិន មិនដែលស្ថិតនៅក្រោមការគ្រប់គ្រង ឬជាចំណុះឱ្យគ្នាទៅវិញទៅមកឡើយ។ តៃវ៉ាន់ បានចោទប្រកាន់ក្រុងប៉េកាំងថា កំពុងប្រើប្រាស់សេចក្តីថ្លែងការណ៍រួមជាមួយបណ្តាប្រទេសនានាធ្វើជាអាវុធឃោសនាព័ត៌មានភូតភរ និងព្យាយាមបំពានផ្លាស់ប្តូរស្ថានភាពដើមនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។
ទន្ទឹមនឹងនេះ កោះតៃវ៉ាន់ បានស្នើដល់រដ្ឋាភិបាលថៃ ឱ្យចេះផ្តល់តម្លៃលើទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជនទាំងពីរ និងត្រូវបញ្ឈប់ការជួយជ្រោមជ្រែងដល់យុទ្ធនាការគាបសង្កត់របស់ចិន ជាបន្ទាន់។ តៃវ៉ាន់ បានព្រមានធ្ងន់ៗថា ប្រសិនបើថៃ នៅតែបន្តបិទភ្នែកគាំទ្រមហិច្ឆតាវាតទីរបស់ចិន នោះប្រទេសថៃ ខ្លួនឯង នឹងក្លាយជាជនរងគ្រោះបន្ទាប់ដោយសារតែដៃរបស់ចិន ជាក់ជាមិនខាន៕
អត្ថបទៈ សួន ឡង់ទី