ជុំវិញការរីកដុះដាលនៃគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនេះដែរ លោក ហ៊ង ប៊ុនលី នាយកជាន់ខ្ពស់នៃធនាគារអេស៊ីលីដា សាខាទួលគោក បានលើកឡើងថា ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុមានការកើនឡើងច្រើនប្រៀបធៀបទៅនឹងកាលពីជិត ២០ឆ្នាំមុន។ ដោយបានចាប់ផ្តើមការងារដំបូង ក្នុងវិស័យធនាគារក្នុងឆ្នាំ ២០០០ ក្នុងនាមជាមន្រ្តីឥណទានមួយរូប លោក ហ៊ង ប៊ុនលី សង្កេតឃើញថា ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុមានចំនួនតិចតួចប៉ុណ្ណោះ ដែលធ្វើពាណិជ្ជករក្នុងជំនួញនេះ ងាយស្រួលក្នុងការស្វែងរកអតិថិជន ដោយសារតែទីផ្សារមានភាពទូលំទូលាយ។ តែបច្ចុប្បន្ននេះ បានជួបប្រទះការលំបាកមួយចំនួន ដោយសារតែស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុមានចំនួនច្រើន ដែលធ្វើឲ្យទីផ្សារកាន់តែរួមតូចចង្អៀត អតិថិជនមានជម្រើសច្រើន ។
បែបនេះក្តី ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារអេស៊ីលីដារូបនេះ មិនមានការខ្វល់ខ្វាយ ឬព្រួយបារម្ភដែលមានការកើនឡើងនៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេ ផ្ទុយទៅវិញលោក បែរជាសប្បាយរីករាយដែល មានការរីកចម្រើនបែបនេះ។
លោកបានបន្ថែមថា វិស័យធនាគារ និងហិរញ្ញវត្ថុនេះ គឺជាឆ្អឹងខ្នងដ៏ដំសំខាន់របស់សេដ្ឋកិច្ចជាតិ ដោយក្នុងនោះ បានផ្តល់ការងាររាប់ម៉ឺនកន្លែង ដល់ពលរដ្ឋខ្មែរ និងបានផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការចរាចរណ៍ប្រាក់ដោយគ្មានការព្រួយបារម្ភ។
ហេតុដូច្នេះហើយ
ក្នុងនាមថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប របស់ធនាគារអេស៊ីលីដា ដែលជាធនាគារដ៏ធំ និងឈានមុខគេមួយនៅកម្ពុជា លោកហ៊ង ប៊ុនលី បានរៀបចំយុទ្ធសាស្រ្តមួយចំនួន
ដើម្បីពង្រឹងសមត្ថភាពបុគ្គលិក និងគុណភាពនៃបម្រើសេវាកម្ម ដល់អតិថិជនឲ្យបានល្អ។
ការប្រើប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា FinTech ក៏ជាយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់ធនាគារអេស៊ីលីដា
ក្នុងទាក់ទាញអតិថិជនថ្មីៗ និង រក្សាអតិថិជនចាស់ៗ ឲ្យបានល្អ ហើយក៏ដើម្បីដើរឲ្យទាន់ការរីកចម្រើនរបស់ពិភពលោកផងដែរ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ធនាគារជាតិ នៃកម្ពុជា ដែលបានចេញផ្សាយកាលពីចុងខែមករា ឆ្នាំ២០១៩កន្លងទៅ បានបង្ហាញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា រួមមាន៖ ធនាគារពាណិជ្ជចំនួន ៤៣ (សាខាធនាគារបរទេស ១៣ ធនាគារក្នុងស្រុក១៥ និងបុត្រសម្ព័ន្ធធនាគារ ១៥ ) ធនាគារឯកទេសចំនួន ១៤ ( ធនាគាររដ្ឋ១ និងធនាគារឯកជន១៣) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧៣ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៧៣ ក្រុមហ៊ុន ភតិសន្យា ហិរញ្ញវត្ថុ ចំនួន ១៥ អ្នកដំណើរការ តតិយភាគី ចំនួន៥ គ្រឹះស្ថាន ផ្តល់សេវា ទូទាត់១៤ ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូកម្ពុជា១ ការិយាល័យ តំណាង ធនាគារបរទេស ចំនួន៥ និងអាជីវករប្តូរ ប្រាក់ ចំនួន ២.៧៣៧ កន្លែង៕