បាតុកម្មនិងអំពើហិង្សា កើតមានតែនៅតាមតំបន់សំខាន់ៗមួយចំនួនក្នុងប្រទេសប៉ុណ្ណោះ ចុះហេតុអ្វីមានធនាគារច្រើនទៀតត្រូវបិទទ្វារ?
ពិតណាស់ថា បាតុកម្មនិងអំពើហិង្សាកើតមានតាមតំបន់សំខាន់ៗដូចជាទីក្រុង យ៉ង់ហ្គោន ណៃពិដោរ និងតំបន់ជុំវិញនោះប៉ុណ្ណោះ ប៉ុន្តែគេសង្កេតឃើញថា ធនាគារបានផ្តើមបិទទ្វារផ្អាកប្រតិបត្តិការរបស់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមកម្ល៉េះ។ ការផ្អាកប្រតិបត្តិការជាបន្តបន្ទាប់នេះ ដោយសារតែបុគ្គលិកធនាគារភាគច្រើនបានធ្វើពហិការមិនទៅធ្វើការ ក្នុងគោលបំណងចូលរួមជាមួយចលនាបាតុករ និងសំដែងការមិនពេញចិត្តចំពោះរដ្ឋប្រហាររបស់ក្រុមយោធាភូមា។
ក្នុងមួយថ្ងៃៗ គេតែងឃើញមាន អ្នកឈររង់ចាំតម្រង់ជួរដកប្រាក់នៅមុខម៉ាស៊ីន ATM យ៉ាងវែង ប៉ុន្តែសាច់ប្រាក់នៅក្នុងម៉ាស៊ីន ATM វិញគឺនៅសល់តិចតួចប៉ុណ្ណោះ។
ក្រុមហ៊ុនជប៉ុននៅភូមាត្រូវបានគេសង្កេតឃើញថា ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។ ជាក់ស្តែង គិតមកទល់ថ្ងៃច័ន្ទសប្តាហ៍នេះ មានក្រុមហ៊ុនជប៉ុនជាង ៣៥%ហើយបានផ្អាកដំណើរការរបស់ខ្លួន។
ប្រភពពីក្រុមហ៊ុនជប៉ុនបានឲ្យដឹងថា ពួកគេមិនត្រឹមតែលំបាកក្នុងការបើកប្រាក់ខែឲ្យបុគ្គលិកនោះទេ ក្រុមហ៊ុនក៏លំបាកក្នុងការទទួលបានប្រាក់ពីអតិថិជនវិញផងដែរ។ ប្រការនេះ បានបង្ខំឲ្យក្រុមហ៊ុនប្រមែរប្រមូលសាច់ប្រាក់សុទ្ធដើម្បីយកមកបើកឲ្យកម្មករ។
សូមបញ្ជាក់ផងដែរថាជារឿយៗ ក្រុមយោធាតែងដាក់សម្ពាធមកលើធនាគារឱ្យបើកប្រតិបត្តិការឡើងវិញ តាមរយៈការគម្រាមកំហែង ដោយចោទថាធនាគារពាណិជ្ជទាំងនោះបានចូលដៃចូលជើងជាមួយក្រុមបាតុករមកប្រឆាំងនឹងខ្លួន។ ប៉ុន្តែទោះមាន ការគម្រាមកំហែងយ៉ាងណាក៏ដោយ ក៏ធនាគារដែលបានបើកដំណើរការវិញនៅមានចំនួនតិចតួចណាស់ ដោយសារពលរដ្ឋកាន់តែច្រើននៅបន្តធ្វើពហិការមិនទៅធ្វើការដដែល៕