ប្រទេសថៃ

ធនាគារកណ្ដាលថៃដំឡើងអត្រាការប្រាក់ ០,២៥% បន្ថែមទៀត ដើម្បីទប់កុំឲ្យអតិផរណាកើនខ្ពស់


ធនាគារកណ្ដាលប្រទេសថៃបានសម្រេចកាលពីថ្ងៃទី២៨ ខែកញ្ញា បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន ដោយបានដំឡើង ០,២៥%ថែមទៀត ពោលគឺឡើងដល់ ១% ក្នុងបំណងដើម្បីទប់ទល់នឹងអតិផរណាកើនខ្ពស់ចំពេលដែលការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ ក៏មិនទាន់ស្រួលបួលនៅឡើយដែរ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ធនាគារកណ្ដាលថៃដំឡើងអត្រាការប្រាក់ ០,២៥% បន្ថែមទៀត

កិច្ចប្រជុំរបស់គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ (MPC) របស់ធនាគារកណ្តាលថៃ​បានបោះឆ្នោតជាឯកច្ឆ័ន្ទសម្រាប់ការដំឡើងអត្រាការប្រាក់​បន្ថែម​ ០,២៥% ដែលនឹង​ចាប់​អនុវត្ត​​ភ្លាមៗនេះ​​តែ​ម្ដង​។​ នេះបើតាមលេខាធិការរបស់គណៈកម្មាធិការគោលនយោបាយ​ហិរញ្ញវត្ថុ គឺ​លោក ពិទី ឌីស​យ៉ាតាត (Piti Disyatat)។

កាលពីខែមុនគណៈកម្មាធិការ​នេះ បានបោះឆ្នោត៦សំឡងទល់នឹង១សំឡង ដើម្បីដំឡើង​អត្រាការ​ប្រាក់​ជាលើកដំបូង​ក្នុងរយៈពេលជិត ៤ ឆ្នាំ ដោយបាន​ដំឡើង​ ០,២៥ បន្ថែម​នាំឲ្យ​អត្រការប្រាក់គោលកើនដល់ ០,៧៥%។ ការដំឡើងអត្រាកប្រាក់គោលជាបន្ដបន្ទាប់​នេះ គឺដើម្បី​ទប់ស្កាត់អតិផរណា ដែលបាន​និងកំពុងកើន​ខ្ពស់ជាលំដាប់​។

គណៈកម្មាធិការ​ MPC ​បាននិយាយថា កំណើន និងចក្ខុវិស័យអតិផរណាទាំងមូល​គឺ​ស្របជាមួយការវាយតម្លៃពីមុនមក​របស់គណៈកម្មាធិការ​នេះ ដែល​បាន​​ជឿជាក់ថា ការធ្វើឱ្យគោលនយោបាយ​ដំឡើង​ការ​ប្រាក់​មានលក្ខណៈធម្មតាជា​បណ្តើរៗនេះ​​គឺ​ជា​វិធី​​សមស្រប​មួយ​​ដែលនាំឱ្យ​មាន​ការ​ដំឡើងអត្រាការ​ប្រាក់​តាម​គោលនយោបាយ​ ០,២៥%។​

គណៈកម្មាធិការនេះ​បាន​ព្យាករថា សេដ្ឋកិច្ចថៃនឹងបន្តងើបឡើងវិញ ​ប៉ុន្តែវា​ក៏​នឹង​មាន​ការ​កើនឡើង​នូវ​ហានិភ័យអតិផរណាផង​ដែរ ដូច្នេះ​ហើយ​គណៈកម្មាធិការ​នេះ​​បាននិយាយថា អត្រាការប្រាក់គោលគួរតែត្រូវបានធ្វើឱ្យមានលក្ខណៈធម្មតា​បន្តិចម្តងៗ ដើម្បី​ស្ទាប​ស្ទង់​មើល​វា​​​ឱ្យ​ស្របតាមកំណើន​រយៈ​ពេល​វែង​ប្រកប​ដោយ​និរន្តរភាព​។​

គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ បានធ្វើការ​កែសម្រួល​នូវទស្សនវិស័យ​របស់ខ្លួន​ចំពោះកំណើនសេដ្ឋកិច្ចថៃ​នៅឆ្នាំ២០២២ ដោយព្យការថា នឹងមានកំណើន​៣,៣% ប៉ុន្ដែ សម្រាប់​ឆ្នាំ២០២៣ គណកម្មាធិការនេះ បានបន្ទាបការព្យាករកំណើនពី ៤,២% មកនៅត្រឹម​៣,៨%ប៉ុណ្ណោះ។ ដោយឡែក សម្រាប់​អតិផរណា​របស់ថៃនៅឆ្នាំ២០២២នេះវិញ ត្រូវបានព្យាករថានឹងមាន ៦,៣% ប៉ុន្ដែ នៅឆ្នាំ២០២៣នឹងមាន ២,៦%។ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរំពឹងទុកថា អតិផរណា​របស់ថៃ នឹងវិលមករក​កម្រិត​ធម្មតា តាមគោលដៅកំណត់​ចន្លោះពី ១% ទៅ៣% នៅក្នុងត្រីមាសទី២ ឬទី៣ នៅឆ្នាំ២០២៣៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើពិភពលោកកំពុងប្រឈមនឹងហានិភ័យការជាប់គាំងសេដ្ឋកិច្ច ឬយ៉ាងណា?

ពិភពលោកអាចត្រូវការចាយពេលច្រើន ដល់ទៅរាប់ឆ្នាំដើម្បីអាចដោះស្រាយបញ្ហាថាមពល ដែលខ្លួនកំពុងប្រឈមមុខ ក្នុងការធ្វើពិធិកម្មទីផ្សារកាត់ផ្ដាច់ការផ្គត…

ប្រទេសន័រវេសត្រៀមដាក់ពង្រាយយោធាការពារកន្លែងបូមប្រេង និងឧស្ម័នរបស់ខ្លួន ក្រោយមានការវាយប្រហារលើបំពង់ប្ហូរប្រេងពីរុស្ស៊ីទៅអឺរ៉ុប

នាយករដ្ឋមន្ត្រីប្រទេសន័រវែសបាននិយាយនៅថ្ងៃទី ២៨ ខែកញ្ញាថា ប្រទេសន័រវេសនឹងដាក់ពង្រាយយោធារបស់ខ្លួន ដើម្បីការពារប្រព័ន្ធបង្ហូរប្រេង និងឧស្ម័នរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ