អត្រាការប្រាក់ខ្ពស់បំផុតដែលបានប្រកាសសម្រាប់ប្រាក់បញ្ញើមានកាលកំណត់ ១២ ខែនៅតាមធនាគារឯកជនធំៗក្នុងប្រទេសវៀតណាម ត្រូវបានបន្ថយឱ្យមកនៅក្រោម ៨ ភាគរយ។ ចំណាត់ការរបស់ធនាគារបែបនេះបានកើតឡើងបន្ទាប់ពីលោក ដាវ មិញ ថឺ ( Đào Minh Tú) ទេសាភិបាលរងធនាគារកណ្តាលវៀតណាម បានជំរុញកាលពីសប្តាហ៍មុន ឱ្យធនាគារនានាកាត់បន្ថយចំណាយប្រតិបត្តិការនិងកែលម្អនីតិវិធីរដ្ឋបាល ដើម្បីបន្ទាបអត្រាការប្រាក់ប្រាក់កម្ចី ក្នុងគោលដៅសម្រួលដល់លំហូរឥណទានសម្រាប់ជំរុញសកម្មភាពអាជីវកម្ម។
ស្ថាប័នធនាគារឯកជនធំៗនៅក្នុងប្រទេសវៀតណាម ដូចជាធនាគារអេសអេចប៊ី (SHB), ធនាគារតិចខុម (Techcombank), ធនាគារអេស៊ីប៊ី ( ACB) និងធនាគារអឹមប៊ី ( MB ) ជាដើម បានបញ្ចុះអត្រាការប្រាក់បញ្ញើមានកាលកំណត់ ១២ ខែ មកនៅត្រឹមតែពីចន្លោះពី ៧,៣ ភាគរយ ទៅ ៧,៩ ភាគរយប៉ុណ្ណោះ។
ដោយឡែក ធនាគាររដ្ឋចំនួនបួន ដែលរួមមានធនាគារកសិកម្ម ( Agribank), ធនាគារប៊ីអាយឌីវី ( BIDV), ធនាគារវៀតខុម ( Vietcombank ), និងធនាគារវៀតទិន ( Vietinbank) បានបន្តទម្លាក់អត្រាការប្រាក់បញ្ញើមកនៅប្រហែលត្រឹមពី ៦ ភាគរយ សម្រាប់រយៈពេលពី ៦ ខែ និងក្រោម ១២ ខែ, និងមកនៅត្រឹម ៧,២ ភាគរយ សម្រាប់រយៈពេលមួយឆ្នាំ។
ចំពោះធនាគារតូចៗវិញ ពួកគេក៏បានប្រកាសកាត់បន្ថយអត្រាការប្រាក់គួរឱ្យកត់សម្គាល់ដែរចាប់តាំងពីខែមុនមក ពោលគឺមិនៅត្រឹមរង្វង់ ៨%។
អត្រាការប្រាក់បញ្ញើបាននឹងកំពុងធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីធនាគារកណ្តាលវៀតណាមបានកាត់បន្ថយអត្រាការប្រាក់ប្រតិបត្តិការកាលពីថ្ងៃទី ១៤ ខែមីនា និងម្តងទៀតនៅថ្ងៃទី ៣ ខែមេសា។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំមុន ធនាគារឯកជនធំៗស្ទើរតែទាំងអស់បានផ្តល់អត្រាការប្រាក់បញ្ញើ ៩ ភាគរយ សម្រាប់បញ្ញើមានកាលកំណត់ ១២ ខែ នៅពេលដែលធនាគារតូចៗបានផ្តល់អត្រាការរហូតដល់ទៅ ១០ ភាគរយ ឬលើសពីនេះទៀត ចំពោះបញ្ញើរយៈពេលដូចគ្នា។
យ៉ាងណាមិញ ការណ៍ដែលវៀតណាមសម្រេចកែសម្រួលអត្រាការប្រាក់បញ្ញើនេះ គឺដោយសារតែអត្រាការប្រាក់បញ្ញើខ្ពស់បានជំរុញឱ្យអត្រាការប្រាក់កម្ចីកើនឡើងពី ១៣ ទៅ ១៤ ភាគរយ ដែលបង្កការលំបាកខ្លាំងចំពោះអាជីវកម្ម។
យោងតាមក្រុមហ៊ុនមូលបត្រវីអិនឌៀរិច (VNDirect), អត្រាការប្រាក់បញ្ញើនឹងបន្តធ្លាក់ចុះរហូតដល់ដំណាច់ឆ្នាំ ២០២៣ ស្របពេលដែលតម្រូវការឥណទានថយចុះដោយសារតែការថមថយនៃកំណើនសេដ្ឋកិច្ចនិងទីផ្សារអចលនទ្រព្យ។
ក្រុមហ៊ុនមូលបត្រនេះក៏បាននិយាយដែរថា រដ្ឋាភិបាលនឹងបង្កើនការចំណាយសាធារណៈនៅឆ្នាំនេះ ដើម្បីបង្កើនបរិមាណសាច់ប្រាក់បន្ថែមទៀតទៅក្នុងសេដ្ឋកិច្ច។
ក្រុមហ៊ុនវីអិនឌៀរិចរំពឹងថាអត្រាប្រាក់បញ្ញើរយៈពេល ១២ ខែ នឹងធ្លាក់ចុះដល់ប្រហែល ៧ ភាគរយនៅចុងឆ្នាំ ២០២៣៕