នៅក្នុងចុងខែមិថុនា ឆ្នាំនេះ ធនាគារ Vietcombank ដែលស្ថិតក្នុងចំណោមជាស្ថាប័នផ្ដល់ប្រាក់កម្ចី គ្រប់គ្រងដោយរដ្ឋធំបំផុតចំនួនបី បានដឹកមុខគេក្នុងការវិស័យធនាគារក្នុងការបង្កើតប្រាក់ចំណេញក៏ដូចជាការចំណាយលើប្រាក់ខែបុគ្គលិក។ ជាមធ្យម បុគ្គលិកម្នាក់ៗនៅក្នុងធនាគារ Vietcombank ទទួលបានប្រាក់ចំណូលប្រមាណ ១.៧៤០ ដុល្លារ ក្នុងមួយខែ កើនឡើង៦% ធៀបនឹងប្រាក់ចំណូលបុគ្គលិកកាលពីឆ្នាំ២០១៨។ បច្ចុប្បន្ន ធនាគារកណ្ដាលមានចំណែកកាន់កាប់ភាគហ៊ុន របស់ធនាគារ Vietcombank ចំនួន៧៤,៨%។
បុគ្គលិកធនាគារ យោធា Military Bank (MBBank) គឺឈរលំដាប់ទី២ ដែលមានផ្ដល់ប្រាក់ចំណូលដល់បុគ្គលិកម្នាក់ៗជាមធ្យម ១,៤២០ ដុល្លារអាមេរិក ក្នុងមួយខែ កើនឡើង៨% ធៀបនឹងឆ្នាំមុន។
ធនាគារឯកជន TPBank ដែលឈរលំដាប់ទី៣ បានផ្ដល់ប្រាក់ចំណូលដល់បុគ្គលិកជាមធ្យម១.៣៩០ ដុល្លារក្នុងមួយខែ ដែលមានការកើនឡើងគួរឲ្យភ្ញាក់ផ្អើលរហូតដល់ ៣៥% ធៀបនឹងឆ្នាំមុន។
ធនាគារ Techcombank ដែលជាស្ថាប័នផ្ដល់កម្ចីធំបំផុត គិតក្នុងទ្រព្យសកម្ម គឺឈរលំដាប់លេខ៤ ដែលបានផ្ដល់ប្រាក់ចំណូលដល់បុគ្គលិកជាមធ្យម ១.៣៨០ ដុល្លារអាមេរិក។
បើតាមនាយកប្រតិបត្តិធនាគារមួយសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Vietnam Express ថា ប្រាក់ចំណូលជាមធ្យម និងប្រាក់ចំណូលជាក់លាក់អាចល្អៀងគ្នាខ្លាំង អាស្រ័យទៅលើថា តើបុគ្គលិកនោះ បានធ្វើការងារសម្រេចតាមគោលដៅកំណត់ដែរ ឬក៏អត់ ហើយពួកគេធ្វើការងារអនុវត្តតាមគោលការណ៍ក្រុមហ៊ុនបានកម្រិតណា។
នាយកប្រតិបត្តិធនាគាររូបនោះ បានបញ្ជាក់ទៀតថា ខណៈដែលបុគ្គលិកក្នុងធនាគារលោករកប្រាក់ចំណុលបានតែ៨៦៤ ដុល្លារ តែអ្នកខ្លះទៀត ទទួលបានប្រាក់ចំណូលកើនឡើងរហូតដល់៥ដង បើសិនជាពួកគេអាចសម្រេចលទ្ធផលការងារបានលើសពីអ្វីដែលគោលដៅបានកំណត់។
តាមការស្ទង់មតិមួយរបស់ក្រុមហ៊ុនជ្រើសរើសបុគ្គលិក VietnamWorks បានបង្ហាញថា ប្រាក់ខែគោលរបស់បុគ្គលិកធនាគារ ដោយមិនបានរួមបញ្ជូលប្រាក់ឧបត្ថម្ភនានា អាចមានចន្លោះពី ២៨០ ទៅ១.២៩៣ ដុល្លារអាមេរិក ក្នុងមួយខែ។
ដ្បិតតែប្រាក់ខែកំពុងកើនឡើងក៏ដោយ ប៉ុន្ដែ កំណើនបុគ្គលិកក្នុងវិស័យនេះត្រូវបានរាយការណ៍ថា ស្ថិតនៅក្នុងស្ថានភាពយឺតនៅឡើយ។ តាមស្ថិតិពីធនាគារធំៗទាំង១០ ក្នុងវិស័យនេះ បានឲ្យដឹងថា ចំនួនបុគ្គលិកសរុបគិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០១៩ មានការកើនឡើងតិចជាង ២% ធៀបនឹងកាលពីដើមឆ្នាំមក។
កាលពីឆ្នាំមុន ចំនួនបុគ្គលិកក្នុងវិស័យធនាគារវៀតណាមបានកើនឡើងដល់ជិត១៧ ពាន់នាក់ ស្មើនឹងកំណើន៨,៣%។ នេះបើតាមតួលេខក្នុងត្រីមាសទី៤ ឆ្នាំ២០១៨ ក្នុងរបាយការណ៍ហិរញ្ញវត្ថុធនាគារចំនួន២២។
ក្នុងនោះមានធនាគារចំនួន២ ក្នុងចំណោមធនាគារផ្ដល់កម្ចីសាធារណៈធំបំផុតចំនួន៣ គឺធនាគារ BIDV និង VietinBank បានបង្ហាញរបាយការណ៍ធ្លាក់ចុះនៃចំនួនបុគ្គលិក។ មានតែធនាគារ VIB និង TPBank ប៉ុណ្ណោះ ដែលបង្ហាញរបាយការណ៍ពីការពង្រីកបន្ថែមនូវចំនួនបុគ្គលិក ដែលមានកំណើន១៩ ភាគរយ និង១៤ ភាគរយ៕