មហាសេដ្ឋីអាមេរិករូបនេះ បានចាត់ទុកការអំពាវនាវរបស់ប្រធានាធិបតីអាមេរិកថា វាជារឿងខុសឆ្គងខ្លាំងណាស់ ឬជាការយល់ខុសទាំងស្រុងតែម្តងអំពីមូលដ្ឋាននៃទីផ្សារ។
នៅក្នុងសារ tweeter នាចុងសប្ដាហ៍មុននេះ លោកចូ បៃឌិនប្រធានាធិបតីអាមេរិក បានសរសេរថា៖ «នេះគឺជាពេលវេលានៃសង្គ្រាម និងគ្រោះថ្នាក់ជាសកល លោកបានបានទាមទារឱ្យក្រុមហ៊ុនលក់ប្រេងសាំងបញ្ចុះតម្លៃជាបន្ទាន់ ដែលបច្ចុប្បន្នបានឡើងដល់ប្រហែល ៥ដុល្លារទៅហើយក្នុងមួយហ្គាឡុង ឬស្មើនឹងចំណុះ៤លីត្រកន្លះ នៅក្នុងតំបន់ជាច្រើនពាសពេញសហរដ្ឋអាមេរិក។»
ភ្លាមៗក្រោយឃើញសារ Twitter របស់លោកបៃឌិន សេដ្ឋីអាមេរិកកាំង Jeff Bezos បានសរសេរនៅលើ Twitter របស់លោកថា៖ «អតិផរណាជាបញ្ហាសំខាន់ពេកហើយមើលទៅសម្រាប់សេតវិមាន ដែលធ្វើឱ្យគេបញ្ចេញសេចក្តីថ្លែងការណ៍បែបនេះចេញមក។ វាជារឿងខុសឆ្គងខ្លាំងណាស់ ឬជាការយល់ខុសទាំងស្រុងតែម្តងអំពីមូលដ្ឋាននៃទីផ្សារ។»
កាលពីថ្ងៃអាទិត្យ មន្ត្រីផ្នែកព័ត៌មានរបស់សេតវិមានលោកស្រី ការីន ជីន(Karine Jean) បានចេញមកច្រានចោលការរិះគន់ក្នុងសារ Twitter ពីលោក Bezos ដោយលើកហេតុផលថា តម្លៃប្រេងបានធ្លាក់ចុះប្រហែល១៥ដុល្លារដែរ ក្នុងមួយបារ៉ែលកាលពីខែមុន ប៉ុន្តែគេមិនឃើញតាមស្ថានីយ៍ប្រេងលក់បញ្ចុះតម្លៃនោះទេ ដូច្នេះសាររបស់លោកបៃឌិន គឺចង់ជំរុញឱ្យស្ថាននីយ៍ប្រេងលក់បញ្ចុះតម្លៃទៅតាមទីផ្សារប្រេងឆៅ។ លោក បៃឌិន មិនបានបង្ខំ ឬដាក់កំហិតឱ្យក្រុមហ៊ុនត្រូវតែលក់តម្លៃថោក អំឡុងពេលមានអតិផរណានោះឡើយ។
គួររំឭកថា នេះមិនមែនជាលើកទីមួយឡើយដែលមហាសេដ្ឋីស្ថាបិក Amazon រូបនេះបង្ហាញការរិះគន់លើរដ្ឋបាលរបស់លោក ចូ បៃឌិន។ កាលពីខែឧសភា លោកបានចោទប្រកាន់លោក Biden ពីការបំភាន់សាធារណជនពីរឿងសេដ្ឋកិច្ច និងបានស្តីបន្ទោសរដ្ឋបាលរបស់លោកចំពោះការកើនឡើងនៃអតិផរណាផងដែរ។ អតិផរណា នៅសហរដ្ឋអាមេរិក កំពុងមានការកើនខ្ពស់យ៉ាងខ្លាំង ដោយកាលពីខែឧសភាកន្លងទៅ ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១នៅក្នុងពិភពលោកមួយនេះ បានកត់ត្រាពីអត្រាអតិផរណាដល់ទៅ៨,៦% ជាកម្រិតមួយខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំមកនេះ។ បញ្ហាអតិផរណា តម្លៃប្រេងកើនខ្ពស់ វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀត កំពុងធ្វើឲ្យសេដ្ឋកិច្ចអាមេរិកស្ថិតក្នុងហានិភ័យនៃលទ្ធភាពក្នុងការធ្លាក់ចុះទៅក្នុងវិបត្តិផងដែរ។