លោក ចូ បៃឌិនបានរំឭកថា លោកបានចំណាយពេលជាច្រើនម៉ោងជាមួយលោក ស៊ី ជីងពីង ប្រធានាធិបតីចិន គ្រាដែលលោកមានតួនាទីជាអនុប្រធានាធិបតីអាមេរិកក្នុងអាណត្តិលោក បារាក អូបាមា។ លោកព្យាយាមពន្យល់ទៅភាគីចិនថា លទ្ធិប្រជាធិបតេយ្យទើបជា គន្លឹះឆ្ពោះទៅអនាគតដ៏ល្អជាមួយគ្នា ឯរបបផ្តាច់ការមិនមែនជាជម្រើសល្អនោះទេ។
ប្រធានាធិបតីទី៤៦ របស់អាមេរិករូបនេះ បានបន្តទៀតថា លោកធ្លាប់បានបញ្ជាក់ច្បាស់លាស់ជាមួយចិនហើយថា អាមេរិកមិនចង់មានការប្រឈមមុខដាក់គ្នាជាមួយចិនក្នុងទម្រង់ណាមួយនោះទេ សូម្បីតែយោធា ឫក្នុងវិស័យពាណិជ្ជកម្មក៏ដោយ។ ប៉ុន្តែលោក ចូ បៃឌិន បានបញ្ជាក់ធ្ងន់ៗថា បំណងប្រាថ្នាដែលចិនចង់ក្លាយជាមហាអំណាចធំជាងគេ ដើម្បីដឹកនាំពិភពលោកនោះ គឺមិនអាចទៅរួចទេ ដរាបណាមានលោកនៅជាប្រធានាធិបតីអាមេរិក ហើយអាមេរិកនៅបន្តរីកចម្រើន។
ទន្ទឹមនឹងនេះ អាមេរិកបន្តទទូចឲ្យចិនគោរពតាមច្បាប់អន្តរជាតិ ធ្វើការប្រកួតប្រជែងពាណិជ្ជកម្មដោយយុត្តិធម៌ និងស្មើភាពគ្នា ព្រមទាំងគោរពសិទ្ធិមនុស្សផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅពេលអាមេរិកចេញមុខប្រាប់ឲ្យចិនគោរពសិទ្ធិមនុស្ស ប៉ុន្តែចិនថ្មី២នេះ បែរជាបានចេញរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅអាមេរិកក្នុងឆ្នាំ២០២០ទៅវិញ។ ដោយក្នុងរបាយការណ៍ពីប្រទេសចិននោះបង្ហាញថា ចិនបានលើកយកបញ្ហាជាច្រើនដែលអាមេរិកជួបប្រទះ រួមមានស្ថានការណ៍ជំងឺកូវីដ-១៩ ដែលមិនអាចគ្រប់គ្រងបាន អស្ថិរភាពនយោបាយ ជម្លោះរវាងជាតិសាសន៍ ការរើសអើងពូជសាសន៍ពណ៌សម្បុរ និងការបែងចែកឋានៈសង្គមជាដើម។ ហេតុការណ៍អុកឡុកវិមានរដ្ឋសភានាថ្ងៃទី៦ ខែមករា និងអំពើហិង្សាបាញ់ប្រហារនានា ក៏ត្រូវបានលើកឡើងនៅក្នុងរបាយការណ៍នោះដែរ។
សូមបញ្ជាក់ផងដែរថា ការលើកឡើងរបស់ប្រធានាធិបតីអាមេរិកនៅពេលនេះ ធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក និងចិនបានប៉ះសម្ដីគ្នាក្នុងកិច្ចប្រជុំពិភាក្សានៅរដ្ឋអាឡាស្កា កាលពីពេលកន្លងទៅ ដែលនេះនៅតែបង្ហាញពីភាពតានតឹងរវាងគូប្រជែងធំៗទាំងពីរដដែល។ យើងនឹងបន្ដតាមមើលបន្ដទៀតថា តើមហាយក្សទាំងពីរនេះ នឹងមានការឆ្លើយតបដាក់គ្នាយ៉ាងណាទៀត ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ កំពុងកាត់ផ្ដាច់កាន់តែឆ្ងាយពីគ្នាទៅៗហើយ៕