ក្នុងសេចក្ដីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនបង់ប្រាក់តាមកម្មវិធីទូរស័ព្ទ ផាយ ផេ បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីបើកដំណើរការនៅកម្ពុជាកាលពីឆ្នាំ២០១៤ មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ធានារ៉ាប់រង BIMA កំពុងបម្រើសេវាធានារ៉ាប់រង ដល់អតិថិជនជាង កន្លះលាននាក់ និងបានផ្ដល់ប្រាក់សំណងជាង ១លានដុល្លារអាមេរិក ដល់អតិថិជនរបស់ខ្លួន។
លោកស្រី គឹម តុលអំ នាយិកាប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង BIMA បានលើកឡើងថា ការបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋអំពីសេវាធានារ៉ាប់រងនៅកម្ពុជាពិតជានៅតែមានការលំបាកច្រើន ពិសេសគឺការអប់រំអ្នកប្រើប្រាស់ឲ្យយល់ច្បាស់ និងជឿជាក់ពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងតែម្ដង។ ទោះយ៉ាងណា លោកស្រី គឹម តុលអំ បានគូសបញ្ជាក់ថា តាមបទពិសោធន៍ដែលក្រុមហ៊ុន BIMA បានឆ្លងកាត់នាពេលកន្លងមកឃើញថា ដ្បិតតែ ប្រជាពលរដ្ឋមិនសូវជាយល់ច្បាស់ពីកញ្ចប់សេវាកម្មនីមួយៗលម្អិតក៏ពិតមែន តែពួកគេចាប់ផ្ដើមយល់ដឹងថា ពួកគេនឹងបានការទទួលការពារមកវិញ នៅពេលមានហេតុការណ៍អាក្រក់កើតឡើងចំពោះក្រុមគ្រួសារពួកគេ។
ដើម្បី ជំរុញការផ្ដល់សេវាធានារ៉ាប់រង កាន់តែទូលំទូលាយ ក្រុមហ៊ុន BIMA នាពេលថ្មីៗនេះ ក៏បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនទូទាត់ប្រាក់តាមទូរស័ព្ទដៃ ផាយ ផេ ក្នុងគោលដៅ បង្កើនលទ្ធភាពប្រើប្រាស់ផលិតផល ដែលងាយស្រួល និងមានតម្លៃសមរម្យ សម្រាប់អតិថិជន ដែលមិនទាន់ទទួលបានសេវាធានារ៉ាប់រងនៅកម្ពុជា។ មិនតែប៉ុណ្ណោះ តាមរយៈកិច្ចសហការនេះ អ្នកប្រើប្រាស់អាចចូលទៅក្នុងកម្មវិធី ផាយ ផេ នៅក្នុងទូរស័ព្ទដៃ ហើយធ្វើការបង់ប្រាក់ផលិតផលធានារ៉ាប់រង ប្រកបដោយភាពច្នៃប្រឌិត របស់ក្រុមហ៊ុន BIMA ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ តាមរយៈគណនីផាយផេ របស់ពួកគេ។
លោកស្រី គឹម តុលអំ បញ្ជាក់ថា «ការចាប់ផ្ដើមភាពជាដៃគូថ្មីនេះ ដើម្បីឲ្យអតិថិជនអាចប្រើប្រាស់និងជ្រើសរើសវិធីសាស្ត្រ ទូទាត់ ដែលសមស្របនឹងងាយស្រួល សម្រាប់ពួកគេ។ ហើយតាមរយៈភាពជាដៃគូជាមួយនឹងផាយ ផេ យើងជឿជាក់ថា អតិថិជនច្រើនជាង ២៥ម៉ឺននាក់ នឹងទទួលបានសេវាធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសម្រាបមន្ទីរពេទ្យ ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសុខភាពតាមទូរស័ព្ទដៃជាដើម»។
លោក ថូម៉ាស ពុកូនី នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ បានឲ្យដឹងដែរថា នៅកម្ពុជាអត្រាប្រើប្រាស់អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងអ៊ីធើណែតគឺមានសន្ទុះកើនឡើងយ៉ាងខ្លាំង។ ហើយការចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន BIMA នាពេលនេះ គឺជាជំហានមួយថ្មីសម្រាប់ក្រុមហ៊ុន ផាយ ផេ ប៉ុន្ដែ វាជាទស្សនវិស័យវែងឆ្ងាយ ក្នុងការបញ្ជ្រាបចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការទូទាត់ ហើយវាក៏ជាអ្វីដែលក្រុមហ៊ុនផាយ ផេ កំពុងតែធ្វើជាមួយនឹងមនុស្សជំនាន់ថ្មីនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ដែរថា បើតាមក្រុមហ៊ុន BIMA អត្រាកំណើនបុព្វលាភធានារ៉ាប់រង នៅកម្ពុជានៅមានកម្រិតតិចជាង ១ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) មានន័យថា ប្រសិនបើមានហេតុការណ៍អាក្រក់ណាមួយកើតឡើង ចំពោះប្រជាពលរដ្ឋ ពួកគាត់ត្រូវប្រឈមនឹងបន្ទុកចំណាយខ្ពស់សម្រាប់សុខភាព។
បើតាមអ្នកជំនាញវិស័យធានារ៉ាប់រង ត្រូវបានគេចាត់ទុកថា គឺជាផ្នែកមួយនៃវិស័យហិរញ្ញវត្ថុ ដែលបានចូលរួមចំណែកក្នុងការកសាងសំណាញ់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចជាតិ។
របាយការណ៍ ដែលបានបង្ហាញ ទិវាធានារ៉ាប់រងលើកទី ១ កាលពីពេលកន្លងទៅថ្មីៗនេះ បង្ហាញថា គិតត្រឹមខែ កក្កដា ឆ្នាំ ២០១៩ ទីផ្សារធានារ៉ាប់រងកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣១ក្រុមហ៊ុន ដែលមានទ្រព្យសកម្មសរុប ៤២៧លានដុល្លារអាមេរិក ហើយទំហំទីផ្សារ ក៏បន្តរីកធំធាត់យ៉ាងឆាប់រហ័ស ដោយបុព្វលាភធានារ៉ាប់រងសរុប មានកំណើនប្រមាណ ៣៥ភាគរយ ជាមធ្យមក្នុងមួយឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដោយបានកើនឡើងដល់ ១៩៦លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៨ នឹងត្រូវបានព្យាករណ៍ថា កើនឡើងដល់ប្រមាណ ២៦០លានដុល្លារអាមេរិក នៅចុងឆ្នាំ ២០១៩។
គួរជម្រាបដែរថា សម្រាប់ឆ្នាំ ២០១៨ ទីផ្សារធានារ៉ាប់រងកម្ពុជា បានធានាហានិភ័យចំនួនប្រមាណ ២១៨ពាន់លានដុល្លារអាមេរិក ក្នុងបណ្ណសន្យារ៉ាប់រងចំនួន ២,៧ លានបណ្ណខណៈដែលគ្រឹះស្ថានធានារ៉ាប់រងទាំងអស់ បានបង្កើតការងារពេញម៉ោង ប្រមាណ ៣.០០០កន្លែង និងការងារក្រៅម៉ោងប្រមាណ ៩.០០០កន្លែង៕