បើតាមរបាយការណ៍ពី Adobe Analytics របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បានបង្ហាញឲ្យដឹងថា ការទិញជាមធ្យមរបស់អ្នកប្រើប្រាស់ម្នាក់ៗ គឺប្រមាណជាង ១៦៨ដុល្លារអាមេរិក កើនឡើងប្រមាណ ៦% ធៀបនឹងការទិញកាលពីឆ្នាំ ២០១៨កន្លងទៅនេះ។
ការទិញទំនិញតាមអនឡាញ បានកើនឡើង ២០% ធៀបនឹងឆ្នាំមុន ដែលនេះ ស បញ្ជាក់ឲ្យឃើញថា អ្នកប្រើប្រាស់ចូលចិត្តទិញទំនិញធំៗ ដែលមានការបញ្ចុះតម្លៃ នៅតាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ចូលទៅតម្រង់ជួររង់ចាំទិញដូចពេលមុនៗទៀត។
លោក ថៃល័រ ស្រ្គៃ ន័រ ប្រធានក្រុមអ្នកវិភាគនៃផ្នែក Adobe Digital Insights បានគូសបញ្ជាក់ថា ជាការពិតណាស់ ប្រជាជនសម័យថ្មី ពេញចិត្តនឹងចំណាយពេលវេលាទិញទំនិញតាម អនឡាញ ជាជាងការឈរតម្រង់ជួររង់ចាំ ហើយមានទិវា Cyber Monday មួយទៀត ក្នុងសប្តាហ៍នេះ ដែលរំពឹងនឹងមាន ប្រតិបត្តិការទិញលក់ជាង ៩,៤ ពាន់លានដុល្លារអាមេរិក លើសពី Black Friday ទៅទៀត។
លោក បាត់ វ្លីង គ័រ អ្នកជំនាញផ្នែកទំនិញលក់រាយ បានអះអាងថា Black Friday ជាថ្ងៃជួញដូរទំនិញដ៏រវល់បំផុតមួយ ព្រោះចាប់តាំងពីទំនិញចិនរងសម្ពាធពន្ធអាមេរិក សកម្មភាពទិញលក់ ហាក់បីដូចជាស្ងប់ស្ងាត់ណាស់។
យ៉ាងណាក៏ដោយ លោកបន្តថា ការសម្រុកទិញទំនិញនៅពេលនេះ ក៏អាចមកពី ហេតុផលសំខាន់មួយ គឺប្រជាជនព្រួយបារម្ភចំពោះសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ដំណាក់កាលទី ២ ដែលគ្រោងនឹងតម្លើងពន្ធបន្ថែមទៀតលើមុខទំនិញសំខាន់ៗ ចាប់ពីពាក់កណ្តាលខែធ្នូ នេះ។
សូមជម្រាបថា របាយការណ៍ពី Adobe Analytics គឺបានដកស្រង់ទិន្នន័យចេញពី ការធ្វើប្រតិបត្តិការទិញលក់របស់ ក្រុមហ៊ុនលក់អនឡាញកំពូលៗរបស់អាមេរិក ចំនួន ៨០ស្ថាប័ន ដែលស្ថិតក្នុងចំណោមហាងល្បីៗទាំង ១០០របស់អាមេរិក៕