Advertisement
ចំណូលពន្ធដារ

ឆ្នាំ២០១៨ ចំណូលពន្ធដារមាន ២,២ ពាន់លានដុល្លារ កើនឡើងជាង ១៣%


នៅពេញមួយឆ្នាំ ២០១៨ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាយ សរុបមានប្រមាណ ២,២ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណជាង ១១៤% នៃផែនការប្រចាំឆ្នាំ ដែលបានកំណត់។ ហើយបើធៀបនឹងឆ្នាំ ២០១៧ ឃើញថា ចំណូលនៅឆ្នាំ ២០១៨ មានការកើនឡើងជាង ១៣%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គ​នាយកដ្ឋានពន្ធដារ​
ដោយ
Advertisement

បើតាម​របាយការណ៍ ចំណូល​ពន្ធដារ នៅឆ្នាំ២០១៨ កន្លងទៅ មានលើស​ឆ្នាំ ២០១៧ ប្រមាណ ២៦០ លាន​ដុល្លារ​អាមេរិក។ ដោយឡែក បើពិនិត្យ​ទៅមើល​នៅក្នុង​ខែធ្នូ ឆ្នាំ២០១៨ ឃើញថា អគ្គនាយក​ដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​ពន្ធ​បាន ជាង ១៤០ លានដុល្លារ​អាមេរិក ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៧ មានការ​កើន​ឡើង​ជាង ២៨%។

បើតាម​អគ្គនាយក​ដ្ឋានពន្ធដារ នៅរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ចំណូល​ពន្ធដារ បានកើនឡើង​ក្នុង​រង្វង់ ២០% ក្នុងមួយឆ្នាំ។  

បើ​តាម​​អ្នក​ជំនាញ​​ផ្នែក​​វិនិយោគ និង ធុរជន​​ធំៗ​នៅកម្ពុជា បានអះអាង​ថា វិស័យ​ពន្ធដារ​​នៅ​​កម្ពុជា​ កំពុងដើរ​លើ​ផ្លូវ​​ដ៏ត្រឹម​ត្រូវ​​មួយ ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ ប៉ុន្តែ ក៏​នៅ​​មាន​​កិច្ចការ​​ជាច្រើន​ទៀត ដែល​អ្នក​វិនិយោគ​ក្ដី និងអ្នក​ជំនាញ​ក្ដី ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​បន្ថែម​ទៀត ទាក់ទង​នឹង​​វិស័យ​​ពន្ធដារ​​នេះ។

លោកឧកញ៉ា សៀ ឫទ្ធី ជាប្រធាន​​ក្រុម​ប្រឹក្សា​ភិបាល​ ​ក្រុមហ៊ុន WorldBridge Group ដែល​​ជា​ក្រុមហ៊ុន​​ក្នុង​​ស្រុក រកស៊ី​​ពហុវិស័យ​ ដ៏លេច​ធ្លោ​​មួយ នៅ​កម្ពុជា បាន​កត់​សម្គាល់​​​ឃើញថា ប្រព័ន្ធ​ពន្ធដារ ​និងការ​ប្រមូល​​ពន្ធ​របស់​អគ្គនាយក​ដ្ឋានពន្ធ​ដារ​នៅកម្ពុជា ៥ឆ្នាំ​ចុងក្រោយ​ហាក់បីដូចជា​មាន​ភាព​កាន់តែ​ល្អប្រសើរ​ជាងមុន។

ជាការចូល​រួម​ចំណែក​បង្កើន​ចំណូល​ពន្ធ​នេះដែរ ខាងវិស័យ​ឯកជន លោក ឧកញ៉ា លី ហួរ អគ្គនាយក ក្រុមហ៊ុន លីហួរ គ្រុប បានឲ្យដឹងថា ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ ក្រុមហ៊ុន​លីហួរ​បាន​ចូលរួម​ចំណែក ក្នុងការ​បង់ពន្ធ​ជូនរដ្ឋ​កើន​ឡើង​ជាបន្ត​បន្ទាប់ ពិសេស​គឺវិស័យ​សំណង់ និងរួម​ទាំងបុគ្គលិក​ផងដែរ ក៏បាន​ចូលរួម​ចំណែកបង់​ពន្ធជូន​រដ្ឋ​ដូចៗគ្នា។

លោកឧកញ៉ា បន្ថែមថា ការចូលរួម​បង់ពន្ធ​ជូនរដ្ឋ​កាន់តែ​ច្រើន​ពីវិស័យ​ឯកជន​នេះ នឹងជួយ​ទៅដល់​ការអភិវឌ្ឍ​ប្រទេស​កាន់តែ​រីកចម្រើន តាមរយៈ​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ សង្គម សេដ្ឋកិច្ច និងការរស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រសើរ​ជាងមុន។

លោកឧកញ៉ាបាន​ឲ្យដឹង​ទៀតថា នៅក្នុងរយៈ​ពេល៥​ឆ្នាំ ចុងក្រោយនេះ វិស័យ​ពន្ធដារ​មានការ​អភិវឌ្ឍ​ ខ្លាំងដោយ​បានកែ​ទម្រង់​របៀប​នៃការបង់​ពន្ធ​មិនមាន​ភាព​ស្មុគស្មាញ បង្កលក្ខណៈងាយ​ដល់​អ្នកវិនិយោគ។

ចំពោះលទ្ធផល​នៃការ​ប្រមូល​ពន្ធនេះដែរ ឯកឧត្តម បណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែង កោតសរសើរ​ចំពោះ​សមិទ្ធផល​សម្រេច​បានរបស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ នៅឆ្នាំ២០១៨ កន្លងទៅ និងក្នុង​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយនេះ។ 

សម្រាប់ឆ្នាំ ២០១៩​នេះដែរ ដើម្បីធានា​បាននូវ​ប្រសិទ្ធ​ភាព​ការងារ​ ក្នុងការអនុវត្ត​ការប្រមូល​ចំណូល​ពន្ធ និងឈាន​ទៅសម្រេច​ឲ្យបាន​លើ​ផែនការ ជាអតិបរមា​នោះ ឯកឧត្តម​អូន ព័ន្ធមុនីរ័ត្ន ក៏បាន​គាំទ្រ អគ្គនាយក​ដ្ឋាន​ពន្ធ​ឲ្យបន្ត​បេសកកម្ម​របស់​ខ្លួន ឲ្យបាន​ខ្ជាប់ខ្ជួន​បន្ថែម​ទៀត៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ប្រជាជនចិននឹងចំណាយប្រាក់ជាង ១៤៨ ពាន់លានដុល្លារ

ព័ត៌មាន
នៅក្នុងពិធីចូលឆ្នាំចិនខាងមុខនេះ ប្រជាជនចិន នឹងចំណាយទឹកប្រាក់ប្រមាណ ១៤៨ ពាន់លានដុល្លារអាមេរិក ដើម្បី អបអរសាទរ ពិធីបុណ្យចូលឆ្នាំចិន។ ...

ឱនភាពពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៨ កើនលើសឆ្នាំ ២០១៧ មួយពាន់លានដុល្លារអាមេរិក

ព័ត៌មាន
ឱនភាពពាណិជ្ជកម្មរបស់កម្ពុជា នៅឆ្នាំ ២០១៨ កន្លងទៅនេះ ត្រូវបានរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា បង្ហាញឲ្យដឹងថា មានជាង ៥.២០០លានដុល្លារអ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ