យើងផ្ដើមមើលទៅលើ ការរឹតត្បិតនៅក្នុងប្រទេសម៉ាឡេស៊ីមុនគេ ដែលជាប្រទេសអ្នកផលិតដូងប្រេងដ៏ធំជាងគេបំផុតទី២របស់ពិភពលោក។ វិធានការរឹតត្បិតអំឡុងពេលកូវីដ១៩របស់ម៉ាឡេស៊ី បានធ្វើឲ្យមានការការរារាំងទៅដល់កម្មករចំណាកស្រុក មិនអាចធ្វើដំណើរទៅធ្វើការនៅចម្ការដូងប្រេងបាន ហើយបញ្ហានេះ បានធ្វើឲ្យមានកង្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើមប្រេងដូង ដែលបានធ្វើឲ្យផលិតផលដែលផលិតចេញពីប្រេងដូងជាច្រើនដូចជាសាប៊ូ និងជីវឥន្ធនៈជាដើមមានការឡើងថ្លៃខ្ពស់ជាងមុន។
ដោយឡែក ការបិទខ្ទប់នៅប្រទេសវៀតណាម ដែលជាប្រទេសអ្នកនាំចេញផលិតផលកាហ្វេលំដាប់ទី២ពិភពលោក ក៏បានធ្វើឲ្យមានការផ្អាកការកែច្នៃ និងការនាំចេញគ្រាប់កាហ្វេរបស់វៀតណាមផងដែរ ហើយបញ្ហានេះ បានបន្ថែមឲ្យមានក្ដីបារម្ភចំពោះផលិតកម្មកាហ្វេពិភពលោក ខណៈដែលប្រទេសប្រេស៊ីលដែលជាប្រទេសនាំចេញកាហ្វេដ៏ធំជាងគេបំផុតទី១ក្នុងពិភពលោកនោះ កំពុងតែជួបបញ្ហាអាកាសធាតុសម្រាប់ការដាំដុះកាហ្វេ។
ដោយសារតែ មានការរំខានដោយកូវីដ១៩ កាត់ផ្ដាច់ខ្សែចង្វាក់ផ្គត់ផ្គង់ បានធ្វើឲ្យការនាំចេញ កាហ្វេរបស់វៀតណាមក្នុងរយៈពេល៨ខែឆ្នាំ២០២១ មានការធ្លាក់ចុះ ប្រមាណជាង ៨%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានបរិមាណនាំចេញមកនៅប្រមាណជាង១លានតោន។
ការផ្គត់ផ្គង់សកលក៏បានរងផលប៉ះពាល់ដោយសារតែវត្តមានជំងឺកូវីដ-១៩ចូលមកកាត់ផ្ដាច់ផងដែរ ជាក់ស្ដែងនៅក្នុងប្រទេសម៉ាឡេស៊ីរោងចក្រកែច្នៃដែកមួយកន្លែងបានរងផលប៉ះពាល់ដោយសារការបិទខ្ទប់ ដែលបានបង្កឲ្យតម្លៃមានការកើនឡើងនៅក្នុងឧស្សាហកម្មដែកថែប និងបន្ដប៉ះពាល់ទៅដល់ការផលិតបន្ទះឈីប និងបន្ទះសៀគ្វីអេឡិចត្រូនិកជាដើម។
សេដ្ឋវិទូជាន់ខ្ពស់វៀតណាម លោក ត្រិញ ង្វៀន បានអះអាងថា ផលប៉ះពាល់នៃការផ្គត់ផ្គង់ទំនិញទាំងនេះ ជះឥទ្ធិពលជាសកល ពីព្រោះតែវៀតណាម និងមាឡេស៊ី គឺជាអ្នកកាន់កាប់ចំណែកទីផ្សារធំ នៃមុខទំនិញសំខាន់ៗទាំងអស់នេះ។ ក្រុមហ៊ុនផលិតធំៗដូចជា Unilever PLC និង J.M Smucker រួមទាំងក្រុមហ៊ុននាំចេញកាហ្វេ Folgers បានបញ្ជាក់ថា ការកើនឡើងថ្លៃនៃផលិតផលវត្ថុធាតុដើមទាំងនេះ គឺជាការដាក់បន្ទុកចំណាយបន្ថែមទៅលើទៅលើការផលិត។
លោក ក្រែម ភីតឃីតធ្លី (Craeme Pitkethly) នាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Unilever បាននិយាយកាលពីខែកក្កដាថា តម្លៃប្រេងដូង ដែលជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ផលិតផលថែរក្សាស្បែក គឺមានការឡើងថ្លៃខ្ពស់ជាងដល់ទៅ ៧០%ទៅហើយនៃតម្លៃមធ្យមរយៈពេលវែង ជាមួយនឹងតម្រូវការកើនឡើង និងការធ្លាក់ចុះនៃការប្រមូលផលដូងប្រេងផងនោះ ក៏បានធ្វើឲ្យតម្លៃប្រេងដូងហក់ឡើងកាន់តែខ្ពស់។ ដូច្នេះហើយ ក្រុមហ៊ុនក៏មានការដំឡើងថ្លៃ ផលិតផលដែលផលិតពីប្រេងដូងទាំងនោះដូចគ្នាដែរ។
ការរឹតត្បិតការធ្វើដំណើរបានបង្កឲ្យផលប៉ះពាល់ខ្លាំងដល់កម្លាំងពលកម្មការងារនៅក្នុងចម្ការដូងប្រេង ហើយវិស័យឧស្សាហកម្មដូងប្រេងនេះ គឺមានការពឹងផ្អែកខ្លាំងលើកម្មករអន្តោប្រវេសន៍ ដែលមកពីប្រទេសឥណ្ឌូនេស៊ី បង់ក្លាដេស និងឥណ្ឌាជាដើម។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ បញ្ហារីករាលដាលកូវីដ១៩នៅតំបន់អាស៊ីអាគ្នេយ៍ គឺស្ថិតនៅក្នុងតួលេខគួរឲ្យបារម្ភ ជាក់ស្ដែង ក្នុងមួយថ្ងៃ ករណីឆ្លងថ្មីក្នុងតំបន់នេះ មានជិត២ម៉ឺនករណី និងមានអ្នកស្លាប់ប្រមាណ ៤០០នាក់ក្នុងមួយថ្ងៃ ហើយតួលេខនេះ គឺជាតួលេខអាក្រក់បំផុតមិនធ្លាប់មានគិតតាំងពីមានផ្ទុះរាលដាលកូវីដ១៩នៅក្នុងតំបន់នេះ៕